(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ទោ លី ក្វាងយុន ឧបការី នាយសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន បានលើកឡើងដូចគ្នាថា សមយុទ្ធនាគមាស បានក្លាយជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការយោធាដែលមិនអាចបំបែកបានរវាងប្រទេស និងកងទ័ពកម្ពុជា-ចិន។ មេទ័ពទាំងពីរជឿជាក់ថា ទោះបីជាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយ ក៏ចំណងមិត្តភាពដែកថែបប្រទេសទាំងពីរ កាន់តែរឹងមាំជាប់ជានិច្ច និងបន្តរីកចម្រើនឥតឈប់ឈរ។

ការលើកឡើងរបស់មេទ័ពកម្ពុជា និងចិន បានធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសបើកសមយុទ្ធនាគមាស ឆ្នាំ២០២៥ លើប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ដែលនេះជាសមយុទ្ធនាគមាស លើកទី៧ហើយ រវាងកងទ័ពទាំងពីរ នៅលើទឹកដីកម្ពុជា។ ពិធីនេះបានធ្វើឡើងនៅឯទីលាន នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថា សមយុទ្ធនាគមាសប្រចាំឆ្នាំ រវាងកងយោធពលខេមរភូមិន្ទជាមួយកងទ័ពរំដោះប្រជាជនចិននៅឆ្នាំ២០២៥នេះ ត្រូវបានពង្រីកទំហំកាន់តែធំ ខ្លឹមសារកាន់តែស៊ីជម្រៅ និងចំនួនយោធិន យុទ្ធោបករណ៍ចូលរួមកាន់តែច្រើន និងទំនើបជាងឆ្នាំមុនៗ ដោយមានកម្លាំងចូលរួមចម្រុះគ្នារវាងកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពជើងអាកាសកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានជំនាញផ្សេងៗចូលរួមផងដែរ ដើម្បីឱ្យស្របទៅនឹងទំហំកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរកម្ពុជា-ចិន ដែលកាន់តែរីកចម្រើន និងស៊ីជម្រៅជាលំដាប់លើគ្រប់វិស័យ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំជឿជាក់ថា សមយុទ្ធនាគមាសនេះនឹងបន្តរីកចម្រើន និងពង្រីកដល់ទ័ពជំនាញផ្សេងៗទៀតនាពេលអនាគត ដើម្បីផលប្រយោជន៍កងទ័ពនៃប្រទេសទាំងពីកម្ពុជា-ចិន។ សមយុទ្ធនាគមាសបានក្លាយជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំមិនអាចបំបែកបានរវាងប្រទេស និងកងទ័ពទាំងពីរកម្ពុជា-ចិន»

នាយឧត្តមសេនីយ៍ វង្ស​ ពិសេន បានគូសបញ្ជាក់ថា គោលបំណងនៃសមយុទ្ធនាគមាស-២០២៥ គឺដើម្បីអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ពង្រឹងទំនុកចិត្តនយោបាយកម្រិតខ្ពស់ទៅវិញទៅមកបម្រើឱ្យការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី ជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ពទាំងពីរ ពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នា សម្របសម្រួល កិច្ចសហការចម្រុះ និងបន្តនិរន្តរភាព ក្នុងគោលបំណងរួមគ្នាថែរក្សាសន្តិភាពតំបន់ដ៏ល្អប្រសើរ លើកកម្ពស់សមត្ថភាព និងលទ្ធភាពប្រយុទ្ធជាក់ស្តែងនៃកងទ័ពទាំងពីរកម្ពុជា-ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម សង្គ្រោះគ្រោះមហន្តរាយ និងលើកកម្ពស់កេរ្តិ៍ឈ្មោះ នៃសមយុទ្ធនាគមាសនៅក្នុងវេទិកាតំបន់និងអន្តរជាតិ។

ទន្ទឹងនឹងនេះដែរ នាយឧត្តមសេនីយ៍ បានបន្ថែមថា សមយុទ្ធនេះ ពិតជាផ្តល់នូវសារសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព និងការយល់ដឹងបន្ថែមទៀតដល់កងទ័ពទាំងពីរប្រទេស ដូចជាការបង្ហាញអំពីសមត្ថភាព ការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក បង្កើនការយល់ដឹងពីការបញ្ជាចម្រុះ និងនីតិវិធីប្រតិបត្តិការចម្រុះ យុទ្ធោបករណ៍ បច្ចេកទេស និងជំនាញថ្មីៗ។ សមយុទ្ធនេះក៏បានធ្វើឱ្យកងទ័ពកម្ពុជាពង្រឹងទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព ចេះសម្របសម្រួល អាចរស់នៅ និងធ្វើការងាររួមគ្នាជាមួយជាតិសាសន៍ដទៃក្នុងពេលធ្វើប្រតិបត្តិការរួម ដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលាក្នុងប្រតិបត្តិការទាំងថ្នាក់ជាតិ-អន្តរជាតិ ក្នុងគោលបំណងចូលរួមទប់ស្កាត់ និងដោះស្រាយបញ្ហាប្រឈមនានាដែលអាចកើតមានឡើងជាយថាហេតុ។

បើតាម ឧត្តមសេនីយ៍ទោ លី ក្វាងយុន, សមយុទ្ធនាគមាសឆ្នាំ២០២៥ គឺកងកម្លាំងប្រទេសទាំងពីរត្រូវពួតដៃគ្នា និងរួមចិត្តតែមួយ ដើម្បីរៀនសិក្សា និងក្រេបយកបទពិសោធន៍លើឯកទេសជំនាញទៅវិញទៅមក ដើម្បីលើកកម្ពស់សមត្ថភាព និងការយល់ដឹងបន្ថែមទៀត។ ការចែករំលែកបទពិសោធន៍ និងស្វែងយល់គ្នាទៅវិញទៅមកលើគោលគំនិត និងវិស័យវប្បធម៌ ដើម្បីរួមចំណែកដល់ពង្រឹង និងបន្តរីកចម្រើនចំណងមិត្តភាពចិន-កម្ពុជា នៅយុគសម័យថ្មី។

ឧត្តមសេនីយ៍ទោ បានលើកឡើងយ៉ាងដូច្នេះថា៖ «សមយុទ្ធនាគមាស ជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសចិន និងកម្ពុជា ដែលបានធ្វើសមយុទ្ធនាគមាស ប្រកបដោយជោគជ័យចំនួន៦ដង។ នៅពេលស្របគ្នានឹងធ្វើហ្វឹកហាត់បញ្ជាការ និងការពិគ្រោះយោបល់ ផ្លាស់ប្តូរបទពិសោធន៍លើខ្លឹមសារជំនាញ កងកម្លាំងចូលរួមសមយុទ្ធត្រូវថ្នាក់ថ្នមឱកាសល្អនេះខិតខំប្រឹងប្រែងសិក្សា និងហ្វឹកហាត់ ដើម្បីរួមចំណែកដល់លើកកម្ពស់សមត្ថភាព និងលទ្ធភាពប្រយុទ្ធជាក់ស្តែងនៃកងទ័ពទាំងពីរចិន-កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងរួមចំណែកដល់បង្កើនទំនុកចិត្តលើកិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពទាំងពីរ»

លោក លី ក្វាងយុន បានបន្តថា ប្រទេសចិន និងកម្ពុជា ជាប្រទេសសំខាន់ក្នុងតំបន់ដែលរ៉ាប់រងទំនួលខុសត្រូវសំខាន់នូវការការពារសន្តិសុខ ស្ថិរភាព និងវឌ្ឍនភាព វិបុលភាពរួមនៅតំបន់ និងក្រៅតំបន់។ សមយុទ្ធនាគមាស មានប្រធានបទនូវសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងគោលបំណងពង្រឹង និងបន្តរីកចម្រើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវជំនឿទុកចិត្តនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការយោធា ដើម្បីបង្ហាញមុខមាត់ល្អប្រសើរនូវការការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់របស់កងទ័ពទាំងពីរ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ លី ក្វាងយុន បានបញ្ជាក់ថា ប្រទេសចិន និងកម្ពុជា តែងតែរួមសុខរួមទុក្ខជួយយកអាសារគ្នាទៅវិញទៅមក្នុងគ្រាលំបាក ប្រឈមនឹងការប្រែប្រួលរបស់ពិភពលោក តាមពេលវេលា និងរបត់ប្រវត្តិសាស្ត្របានបង្ហាញអត្ថន័យជាយុទ្ធសាស្ត្ររបស់ទំនាក់ទំនងចិន-កម្ពុជា កាន់តែច្បាស់លាស់។ យើងជឿជាក់ថាទោះបីជាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយចំណងមិត្តភាពដែកថែបរវាងចិន និងកម្ពុជាកាន់តែរឹងមាំជាប់ជានិច្ច ហើយនឹងបន្តរីកចម្រើនដោយឥតឈប់ឈរថែមទៀត។

«ភាគីចិន និងកម្ពុជាចាប់ដៃរួមគ្នា និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ ដើម្បីអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល និងខិតខំជំរុញកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា គ្រប់រដូវកាល ក្នុងយុគសម័យថ្មី រួមចំណែកយ៉ាងធំធេងក្នុងការការពារសន្តិភាព ជំរុញការអភិវឌ្ឍរួមគ្នាក្នុងតំបន់»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ ឧត្តមសេនីយ៍ទោ លី ក្វាងយុន។

សមយុទ្ធនាគមាសឆ្នាំ២០២៥នេះ ត្រូវចែកចេញជា២ផ្នែក ដោយទី១៖ សមយុទ្ធលើគោកនិងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២៖ សមយុទ្ធសមុទ្រនិងអាកាស នៅលើផ្ទៃសមុទ្រនិងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ ដោយមានកម្លាំងទ័ពកម្ពុជា-ចិន សរុបជាង ២ពាន់នាក់ចូលរួម ព្រមទាំងមានការប្រើប្រាស់សព្វាវុធ គ្រឿងបំពាក់កាន់តែទំនើប ក្នុងនោះក៏មានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដែលជាឆ្លើយតបទៅនឹងការធ្វើទំនើបកម្មរបស់កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវឌ្ឍន៍នាពេលបច្ចុប្បន្ន។

កងយោធពលខេមរភូមិន្ទ និងកងទ័ពព្រំដោះប្រជាជនចិន នៅរៀងរាល់ឆ្នាំតែងតែរៀបចំធ្វើសមយុទ្ធរួមគ្នា នាគមាសប្រចាំឆ្នាំ។ សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន គឺបានធ្វើឡើងតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺមានបានចំនួន៧ លើករួចមកហើយ។ ភាគីទាំងពីរបានផ្អាកចំនួនបីដង គឺនៅឆ្នាំ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងនៅឆ្នាំ២០២១-២០២២ ដែលប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៕