(ព្រះសីហនុ)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានទទួលអំណោយមនុស្សធម៌ពីសប្បុរសជនលើកទី៣ ក្នុងឱកាសចូលរួមអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ពិធីនេះធ្វើឡើងនារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខា មន្ត្រីសាខា ក្រុមយុវជនស្ម័គ្រចិត្ត និងបងប្អូនសប្បុរសជនមកពីគ្រប់មជ្ឈដ្ឋានជាច្រើនរូប នៅទីស្នាក់ការសាខា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

លោក ម៉ាង ស៊ីណេត បានថ្លែងអំណរគុណដល់បងប្អូនសប្បុរសជនទាំងអស់ដែលមានស្មារតីចូលរួម បរិច្ចាគថវិកា និងសម្ភារៈប្រគល់ជូនសាខាកាកបាទក្រហមខេត្តព្រះសីហនុនា ព្រមទាំងបានធ្វើការអំពាវនាវចំពោះសប្បុរសជន គ្រប់មជ្ឈដ្ឋាន និងបងប្អូនជនរួមជាតិ សូមចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លាជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ដើម្បីឱ្យសាខាមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ស្របតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សប្បុរសជនគ្រប់មជ្ឈដ្ឋាន អាជីវករ ពាណិជ្ជករ នឹងចូលរួមយ៉ាងច្រើនកុះករជួយឧបត្ថម្ភជាថវិកា សម្ភារៈដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុពុំខានឡើយ។

ក្រុមការងារមូលនិធិរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ រង់ចាំទទួលពីសប្បុរសជនគ្រប់មជ្ឈដ្ឋានរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃនេះតទៅ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា នេះជាការទទួលថវិកាពីសប្បុរសជនជាលើកទី៣ ពោលគឺបានចាប់ផ្តើមកាលថ្ងៃទី១២ និង១៦ ខែឧសភា ឆ្នាំ២០២៥នេះ យ៉ាងណាមិញក្នុងនាម ប្រធានគណៈកម្មាធិការសាខាខេត្ត លោកនៅតែអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានបន្តចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លាជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុបន្តទៀត៕