(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានទទួលស្វាគមន៍វត្តមានលោក អ៊ឹម សុខធី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារ មកកាន់ការិល័យរបស់សមាគមសិល្បករខ្មែរ ដើម្បីស្នើសុំកិច្ចសហការ និងពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំរបស់សមាគមអំពីការអនុវត្តគម្រោងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិត សម្រាប់ធុរកិច្ចនៅកម្ពុជា។
នេះជាជំហានដំបូងនៃការជួបពិភាក្សា និងស្វែងយល់ពីគ្នារវាងភាគីទាំងពីរ ដើម្បីសិក្សាពីលទ្ធភាពដែលអាចចាប់ដៃគ្នា ក្នុងការលើកកម្ពស់វិស័យសិល្បៈវប្បធម៌សម្រាប់កាលានុវត្តភាពធុរកិច្ច ក្នុងបរិវត្តកម្មឌីជីថលនៃឧស្សាហកម្មច្នៃប្រឌិត ដែលនេះគឺជាជំហានថ្មីមួយបន្ថែមទៀត ដើម្បីផ្តល់លទ្ធភាពដល់សិល្បករកម្ពុជា ដែលចង់បំលែងខ្លួនជាធុរកិច្ចជននាពេលអនាគត។
ភាគីទាំងពីរប្តេជ្ញាថា នឹងរៀបចំឱ្យមានជំនួបមួយថ្មីបន្ថែមទៀត ដើម្បីត្រួសត្រាយផ្លូវឱ្យកាន់តែច្បាស់ជូនសិល្បករ-សិល្បការិនី ដែលមានគំនិតក្នុងការប្រែក្លាយខ្លួនក្នុងវិស័យធុរកិច្ច ដើម្បីរួមចំណែកជាកម្លាំងចលករសេដ្ឋកិច្ចតាមរយៈការច្នៃប្រឌិតថ្មីៗ៕