(ព្រះវិហារ)៖ ​លោក គីម រិទ្ធី សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជា​អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បានថ្លែងណែនាំដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា យុជនគណបក្សគ្រប់រូប នៃខេត្តព្រះវិហារ​ ត្រូវបន្តរួមសាមគ្គីភាពជាធ្លុងមួយ ដើម្បីសម្រេចបានជោគជ័យថ្មីៗជូនគណបក្សបន្ថែមទៀត ក្នុងការកសាង និងការពារជាតិមាតុភូមិកម្ពុជាឆ្ពោះទៅរកអនាគតដ៏រុងរឿង លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។​

ការណែនាំបែបនេះរបស់លោក គីម រិទ្ធី បានធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៥ របស់យុវជនគណបក្សខេត្តព្រះវិហារ និងផ្សព្វផ្សាយលទ្ធផលនៃសន្និបាតយុវជន គណបក្សថ្នាក់កណ្ដាល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក អ៊ុក គឹមសាន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សខេត្ត ព្រទាំងលោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា យុវជនគណបក្សខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធាន យុវជនគណបក្ស ក្រុង ស្រុក ទាំង៨ និងសមាជិក សមាជិកា យុវជនគណបក្សជាច្រើនរូប។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែឧសភា របស់យុវជនគណបក្សខេត្ត និងលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០២៤ របស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលអានដោយលោក អ៊ុក គឹមសាន រួចមកលោក គីម រិទ្ធី បានវាយតម្លៃខ្ពស់ចំពោថ្នាក់ដឹកនាំ និងសមាជិកយុវជនគ្រប់ជាន់ថ្នាក់ និងគ្រប់ផ្នែក នៃខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងធ្វើសកម្មភាពសំខាន់ៗរបស់ខ្លួន ក្នុងការបំផុសចលនាយុវជន ដើម្បីគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស និងរាជរដ្ឋាភិបាល។

នៅក្នុងឱកាសនេះដែរ លោក គីម រិទ្ធី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនកម្ពុជា សម្តេចអនុប្រធានគណបក្សជាច្រើនរូបទៀត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស​ និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ផ្ញើជូនថ្នាក់ដឹកនាំ សមជិក សមាជិកា យុវជនគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តព្រះវិហារ។​

លោក គីម រិទ្ធី បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បាននាំកម្ពុជាឆ្ពោះទៅសម្រេចបានសន្តិភាព និងឯកភាពជាតិពេញលេញ ក្រោមនយោបាយឈ្នះឈ្នះ ធ្វើឱ្យកម្ពុជាសម្រេចបាននូវផ្លែផ្កាយ៉ាងធំធេងនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល និងត្រូវបានបន្តអនុវត្តទៅមុខទៀតដោយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលជាផែនទីបង្ហាញផ្លូវដ៏មានសារៈសំខាន់បំផុត សម្រាប់នាំកម្ពុជាឆ្ពោះទៅសម្រេបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រកបដោយភាពប្រាកដនិយម។

ជាមួយគ្នានេះដែរ លោក គីម រិទ្ធី ក៏បានជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា យុជនគណបក្សខេត្ត ក្រុង ស្រុក គ្រប់រូប សូមបន្តរួមសាមគ្គីភាពជាធ្លុងមួយ ដើម្បីសម្រេចបានសមិទ្ធផលធំៗថ្មីៗបន្ថែមទៀត ក្នុងការកសាង និងការពារជាតិមាតុភូមិកម្ពុជាឆ្ពោះទៅរកអនាគតដ៏រុងរឿងលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ពិសេសយុវជនគណបក្ស ត្រូវពង្រឹងតួនាទីឱ្យកាន់តែសកម្មថែមទៀតលើការងារបំផុសចលនាយុវជនឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ត្រូវបន្តយកចិត្តទុកដាក់ក្នុងការពង្រឹកអង្គការចាត់តាំងយុវជនគណបក្សគ្រាប់ថ្នាក់ និងគ្រប់ផ្នែក បន្តនូវគោលនយោបាយរបស់គណបក្ស គឺសមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ និងមតិភាគតិច គោរពមតិភាគច្រើន ព្រមទាំងរបៀបរបបធ្វើការគណបក្សឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕