(ភ្នំពេញ)៖ លោក ឆែ វិវឌ្ឍនៈ ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនមន្ដ្រីនគរបាលពាក់ស័ក្ដិ៥ ដែលបម្រើការនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុករះបណ្ដាលឲ្យអ្នកដទៃស្លាប់ និងរបួស ព្រមទាំងខូចខាតទ្រព្យសម្បត្តិ។
ការចេញដីកាបង្គាប់ឲ្យឃុំខ្លួន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ ធ្វើឡើងក្រោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់នគរបាលឈ្មោះ ហ៊ុន ហែង ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់, របួសអ្នកដទៃ និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង» ប្រព្រឹត្តនៅចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើមហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៣ កថាខណ្ឌទី ២ ចំណុច ខ ចំណុច គ និងមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៣៖៥៧នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បង្កឡើងដោយឈ្មោះ ហ៊ុន ហេង ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរជានគរបាលជាតិ។
មន្រ្តីនគរបាលស័ក្តិ៥រូបនេះ បានបើកបររថយន្តមួយគ្រឿងម៉ាក LEXUS RX-400H ពណ៌ទឹកមាសផ្លាកលេខ ភ្នំពេញ 2AQ-2188 ក្នុងស្ថានភាពស្រវឹង និងបានបុករះពីក្រោយយានយន្តចំនួន៥គ្រឿង បណ្តាលឲ្យមានជនរងគ្រោះស្លាប់ និងរបួស ព្រមទាំងមានការខូចខាតនូវទ្រព្យសម្បត្តិចំនួន រួមមាន៖ ១-ម៉ូតូកង់បីម៉ាកTVS ពណ៌ស ផ្លាកលេខ ភ្នំពេញ 1HO-5129 បើកបរដោយឈ្មោះ ញ៉ុយ កំសត់ភេទប្រុស ពុំមានរងរបួស, ២-ម៉ូតូកង់បីម៉ាកBAJAI ពណ៌ស ផ្លាកលេខ ភ្នំពេញ 1JN- 6871 បើកបរដោយឈ្មោះ អ៊ុង ជំនោរ ភេទប្រុស ត្រូវរងរបួសធ្ងន់ និងអ្នករួមដំណើរចំនួន៣នាក់ ត្រូវរងរបួសស្រាល, ៣-ម៉ូតូកង់បីម៉ាក BAJAIពណ៌ស ផ្លាកលេខ ភ្នំពេញ 1HS-5836 បើកបរដោយឈ្មោះ រៀន សុភឿន ភេទប្រុស ត្រូវស្លាប់នៅកន្លែងកើតហេតុ, ៤-ម៉ូតូម៉ាក HONDA ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1CI-8238 បើកបរដោយឈ្មោះ ញ៉ វី ភេទប្រុស ត្រូវរងរបួសធ្ងន់ និង ៥-រថយន្តម៉ាក TOYOTA PRUIS ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ 2BU-0755 បើកបរដោយឈ្មោះ កូយ គីមណាល់ ភេទប្រុស ពុំមានរងរបួស។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះថា អ្នកបើកបររថយន្ដបង្កឈ្មោះ ហ៊ុន ហេង ក្រៅពីអនុវត្តតាមច្បាប់ ក៏បានអនុវត្តបទវិន័យនគរបាលជាតិកម្ពុជា បណ្ដេញចេញពីក្របខ័ណ្ឌថែមទៀត។
បន្ថែមពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ក៏បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា មន្ត្រីនគរបាលដែលបើករថយន្តបុករះបណ្តាលឲ្យអ្នករត់កង់៣ស្លាប់ នឹងត្រូវផ្តន្ទាទោសដោយគ្មានការលើកលែងឡើយ ហើយរាល់ករណីបង្កគ្រោះបណ្តាលឱ្យអ្នកដទៃស្លាប់ សម្តេចតែងតែតាមដានការអនុវត្តច្បាប់ដោយផ្ទាល់៕