(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង២០៖៥០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ ក្រោមប្រធានបទ «ពិភពលោករួមគ្នាតែមួយ ដើម្បីសុខភាព» “One World for Health” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ។
ក្នុងនាមក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងចូលរួមធ្វើបទអន្តរាគមន៍នៅចំពោះមុខរដ្ឋជាសមាជិកដែលមកពីគ្រប់បណ្តាប្រទេសលើសកលលោក អំពីសមិទ្ធិផលធំៗដែលសុខាភិបាលកម្ពុជាសម្រេចបានថ្មីៗនេះបន្ថែមទៀត រួមទាំងផែនការអាទិភាពសុខាភិបាល ដែលដាក់ទិសដៅសំដៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage Roadmap, UHC) ដែលជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពបឋម (Primary Health Care Enhancement) សម្រាប់ប្រជាជនកម្ពុជា ពោលគឺ «មិនទុកចោលនរណាម្នាក់មិនទទួលបានការថែទាំសុខភាពនោះឡើយ»។
បន្ថែមពីនេះដែរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងទទួលជួបពិភាក្សាការងារជាលក្ខណៈទ្វេភាគីជាមួយ នាយកអង្គការសុខភាពពិភពលោក ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ប្រធានអង្គការអន្តរជាតិផ្នែកសុខភាពមួយចំនួន ពិនិត្យលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម សម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាចំណុចអាទិភាពសុខាភិបាល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមគូសរំលេចដែរថា មហាសន្និបាតអង្គការសុខភាពពិភពលោក គឺជាវេទិកាពិភពលោកមួយ ដែលបណ្តារដ្ឋជាសមាជិក នៃអង្គការសុខភាពពិភពលោក ចូលរួមពិនិត្យពិភាក្សា ផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ និងសម្រេចការងារពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាជនជាសកល។ មហាសន្និបាតសុខភាពត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស និងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់សុខាភិបាល នៃរដ្ឋសមាជិក របស់អង្គការសុខភាពពិភពលោក ផ្តោតលើរបៀបវារៈសុខភាព ដែលរៀបចំឡើងដោយក្រុមប្រឹក្សាប្រតិបត្តិ សម្រាប់ដាក់ជូនមហាសន្និបាតពិនិត្យពិភាក្សា និងសម្រេច៕