(ភ្នំពេញ)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន លោកស្រី ឱ​ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ បង្កើនការយកចិត្តទុកដាក់​ និងប្រុងប្រយ័ត្នខ្ពស់​ ការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩​ ដែលអាចមានផលប៉ះពាល់សុខភាព ដោយសារជំងឺកូវីដ-១៩​ ជាពិសេសជនដែលងាយរងគ្រោះ​ មានដូចជាជនវ័យចាស់​ ចាស់ជរា​ អ្នកដែលមានជំងឺរ៊ាំរ៊ៃ និងអ្នកដែលមានកងការពារខ្សោយនៅក្នុងខ្លួនជាដើម។

លោកស្រីបានជំរុញបងប្អូនដែលជាក្រុមងាយរងគ្រោះខាងលើនេះ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ភីហ្វាយហ្សឺ​ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ (នៅតាមមណ្ឌលសុខភាព​ ឬមន្ទីរពេទ្យរដ្ឋ)​ ចាប់ពីពេលនេះតទៅ​។

លោកស្រី ឱ​ វណ្ណឌីន បានលើកឡើងថា ដោយសារស្ថានភាពកើតមានការឆ្លងឡើងវិញនូវវីរុសកូវីដ-១៩​ បំប្លែងថ្មី​ ពិសេសពួក​ ជេអ៉ិន.១​ (JN.1) ដែលកំពុងតែចរាចរនៅតាមបណ្តាប្រទេសជិតខាងកម្ពុជា​ និងនៅតាមតំបន់នៅលើពិភពលោក​ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានរួចហើយ​ ស្តីពី «ការបង្កើនការការពារខ្លួន​ ពីការឆ្លងវីរុសកូវីដ-១៩» ចុះថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២៥​ (ជូនភ្ជាប់មកជាមួយខាងក្រោមនេះស្រាប់)។ ដូច្នេះ​សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ បង្កើនការយកចិត្តទុកដាក់​ និងប្រុងប្រយ័ត្នខ្ពស់​ ការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩​ ដែលអាចមានផលប៉ះពាល់សុខភាពដោយសារជំងឺកូវីដ-១៩​ ជាពិសេសជនដែលងាយរងគ្រោះ​ មានដូចជាជនវ័យចាស់​ ចាស់ជរា​ អ្នកដែលមានជំងឺរ៊ាំរ៊ៃ និងអ្នកដែលមានកងការពារខ្សោយនៅក្នុងខ្លួនជាដើម។

លោកស្រីបានបញ្ជាក់ទៀតថា «ដើម្បីអាចការពារខ្លួនពីការវាយលុកក្នុងសរីរាង្គរាងកាយបុគ្គល​ ជាពិសេសក្រុមងាយទទួលរងគ្រោះពីជំងឺកូវីដ-១៩នេះ​ ដែលអាចឈានដល់ភាពធ្ងន់ធ្ងរ​ និងអាចស្លាប់បាត់បង់ជីវិតបានដែរនោះ​ ខ្ញុំសូមក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់​ ជាពិសេសគឺក្រុមងាយរងគ្រោះ​ ដូចបានរៀបរាប់ខាងលើ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ភីហ្វាយហ្សឺ​ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ (នៅតាមមណ្ឌលសុខភាព​ ឬមន្ទីរពេទ្យរដ្ឋ)​ ចាប់ពីពេលនេះតទៅ​»

មន្ត្រីជាន់ខ្ពស់រូបនេះបន្ថែមថា សូមកុំភ្លេចវិធានការ​ ««៣​ ការពារ​ និង​ ៣​ កុំ»» រួមជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ-១៩​ ទើបអាចជួយកាត់បន្ថយជាអតិប្បរិមា​ នូវភាពធ្ងន់ធ្ងរ​នៃជំងឺ​ការចូលសម្រាកពេទ្យ​ និងការស្លាប់​ ដូចដែលយើងទាំងអស់គ្នាឆ្លងកាត់បទពិសោធន៍ទទួលបានលទ្ធផលល្អទាំងនេះនៅឆ្នាំ២០២១​ដល់ឆ្នាំ២០២២​ ស្រាប់ហើយ។

លោកស្រីបន្ថែមទៀតថា កម្ពុជាបច្ចុប្បន្នមិនទាន់មានស្ថានភាពឆ្លងឡើងវិញ​ នូវវីរុសកូវីដ-១៩​ នៅឡើយទេ ប៉ុន្តែការ​ ««ការពារប្រសើរជាងព្យាបាល»» ជាជម្រើសដ៏ល្អប្រសើរបំផុត​ សម្រាប់យើងទាំងអស់គ្នា​ ហើយយើងក៏កំពុងផ្សព្វផ្សាយ​ និងជំរុញការអនុវត្តវិធានការការពារខ្លួនជាមុននាពេលនេះផងដែរ។
រួមគ្នា​ ដើម្បីកម្ពុជា​ ចៀសផុតពីការលេចចេញឡើងវិញ​ នូវការឆ្លងបន្តគ្នានូវវីរុសកូវីដ-១៩​ ដោយយើងទាំងអស់គ្នា​ ត្រូវតែត្រៀមខ្លួន​ និងការពារខ្លួនទុកជាមុន​ ឱ្យបានល្អប្រសើរ៕