(បន្ទាយមានជ័យ)៖ លោក គង់ ច័ន្ទវាសនា រដ្ឋលខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ បានដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលវេទិកាសាធារណៈ ឆ្នាំ២០២៥ នៅសាលាស្រុកព្រះនេត្រព្រះ ដោយមានវត្តមានចូលរួមពីអនុប្រធាន និងសមាជិក-សមាជិកាក្រុមការងារសរុបចំនួន១១៦នាក់។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ដើម្បីបន្តដោះស្រាយសំណូមពរ ដែលក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានតាមបណ្តាឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះបានទទួល និងដោះស្រាយមួយចំនួនរួច នៅតាមវេទិកាសាធារណកម្រិតឃុំរួចរាល់ កាលពីដើមខែឧសភាកន្លងទៅ។
លោកប្រធានក្រុមការងារ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារថ្នាក់ជាតិ មន្ទីរពាក់ព័ន្ធ រដ្ឋបាលស្រុក រដ្ឋបាលឃុំ និងអាជ្ញាធរមូលដ្ឋានដែលបានខិតខំបំពេញតួនាទីភារកិច្ចយ៉ាងសស្រាក់សស្រាំ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។
ក្រោយពីដោះស្រាយសំណូមពរដែលទទួលបាន លោកបានផ្តាំផ្ញើ និងលើកទឹកចិត្តឱ្យក្រុមការងារ រដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋានទាំងអស់ បន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណ: និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល លើគ្រប់វិស័យ ឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីទទួលបានការគាំទ្រកាន់តែរឹងមាំថែមទៀត ពីបងប្អូនប្រជាពលរដ្ឋ៕