(ព្រះសីហនុ)៖ ភ្ញៀវទេសចរជនជាតិចិនចំនួន១២៦នាក់ មកពីទីក្រុងវ៉ូស៊ី ខេត្តជាំងស៊ូ ប្រទេសចិន បានមកដល់ប្រលានយន្តហោះ កងកេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ក្នុងគោលដៅទស្សនាកម្សាន្ត តាមបណ្តារមនីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ។
ការមកដល់ភ្លៀវទេសចរ១២៦នាក់ នាពេលនេះ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ដោយក្រុមហ៊ុនអាកាសចរណ៍ Ruili Airlines ភ្ជាប់ជើងហោះហើរឡើងវិញមកកាន់ខេត្តព្រះសីហនុ។
នេះជាលំហូរទេសចរណ៍មួយ ដែលអាចបញ្ជាក់ឲ្យឃើញថា ខេត្តព្រះសីហនុ មានវិស័យទេសចរណ៍រីកចម្រើនទាំងដីគោក និងទីកោះ ចំណែកហេដ្ឋារចនាសម្ព័ន្ធ៣៤ខ្សែ ធ្វើឲ្យមានភាពងាយស្រួល ក្នុងការធ្វើដំណើរ រីឯផ្លូវទឹក ក៏មានការដឹកជញ្ជូនតាមរយៈអូប័រទំនើប លឿន រហ័ស សុវត្ថិភាពខ្ពស់ ដោយក្រុមហ៊ុន GTVC SpeedBoat Cambodia របស់អ្នកឧកញ៉ា ទៀ វិចិត្រ មានភាពងាយស្រួលផងដែរ។
ទាំងនេះសុទ្ធតែគោលដៅសំខាន់ៗ ដែលអាចទាក់ទាញយកបេះដូងភ្ញៀវជាតិ អន្តរជាតិមកកាន់ខេត្តមួយនេះបាន ហើយក៏ស្របពេលខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលបានសម្រេច ឱ្យមានការសិក្សា និងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តនេះ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបានកំណត់នៅក្នុង គោលនយោបាយ ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ ក្នុងការទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកលេងកម្សាន្ត។
ខេត្តព្រះសីហនុ ទន្ទឹងរង់ចាំស្វាគមន៍ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទៀត ដែលនឹងចាប់ផ្តើមបើកការហោះហើរមកកាន់គោលដៅទេសចរណ៍សំខាន់ៗ នៃព្រះរាជាណាចក្រអច្ឆរិយៈ។
គូសបញ្ជាក់ថា នេះជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ចិន ជាលើកដំបូងបន្ទាប់ពីការផ្អាករយៈពេលជាង២ឆ្នាំ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ៕