(ភ្នំពេញ)៖ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ លោក នួម សុខុន បេក្ខបណ្ឌិតវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាសមាជិកសហគមន៍អ្នកវិទ្យាសាស្រ្តនយោបាយកម្ពុជា បានផ្ញើអត្តបទវិភាគរបស់លោកមកកាន់បណ្តាញព័ត៌មាន Fresh News ដោយមានចំណងជើងថា «អាមេរិក និងមហាយក្សចិន នៅតែដៃគូរកស៊ីជាមួយមិនអាចខ្វះបាន សូមកុំទៅឆ្ងល់» ខាងក្រោមជាសំណេរទាំងស្រុងរបស់លោក៖

ខ្ញុំមិនមែនជាអ្នកឯកទេសវិភាគភូមិសាស្ត្រនយោបាយល្បីឈ្មោះអ្វីនោះទេ ការចែករំលែកអត្ថបទខាងក្រោមនេះ គ្រាន់តែមានបំណងធ្វើការចែករំលែក ដល់ប្រិយមិត្តក្នុងបណ្តាញសង្គម នូវចំណេះដឹងដែលខ្ញុំទទួលបានពីការសិក្សាស្រាវជ្រាវ និងបានសិក្សាដោយផ្ទាល់នៅសហរដ្ឋអាមេរិក អំពីនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ជាពិសេសអាថិ៍កំបាំងនៃការរៀបចំអំណាច និង យុទ្ធសាស្ត្រធំៗចំនួន៤ នៃនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកដែលតែងតែត្រូវបានយកមកអនុវត្តដោយប្រធានាធិបតីឈ្នះឆ្នោត ទៅតាមការវិវត្តនៃបរិបទសកល។

ការសម្ងាត់ដែលសហរដ្ឋអាមេរិករក្សាបាននូវតែជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខមួយក្នុងពិភពលោកគឺអាមេរិកមិនដែលធ្វើឱ្យប្រទេសដៃគូរកស៊ីរបស់ខ្លួន ចុះខ្សោយរហូតដល់ខ្វះលទ្ធភាពរកស៊ីជាមួយគ្នាលេងចំណេញមានបាននោះទេ។ ប្រាកដណាស់ថាអាមេរិក មិនអាចនាំចេញសាច់ជ្រូកលក់ទៅឱ្យប្រទេសដែលមានប្រជាជនកាន់សាសនាអ៊ីស្លាមច្រើន មិនទទួលទានសាច់ជ្រូកនោះទេ។ ប្រទេសចិន គឺជាទីផ្សារគោលដៅដ៏ធំជាងគេរបស់អាមេរិកក្នុងការនាំចេញនូវផលិតផលកសិកម្មមានដូចជា សណ្តែក និងសាច់សត្វជាដើម។ ការបារម្ភ គឺប្រទេសតូចតាច ឯណោះទេ ដែលអាចនឹងពិបាកក្នុងការចរចាតថ្លៃជាមួយអាមេរិក រឿងកម្រិតពន្ធនាំចូលទំនិញទៅប្រទេសនេះ ឬអាមេរិកអាចដាក់លក្ខខណ្ឌច្រើនដូចជា ញុះញង់កុំឱ្យគាំទ្រ ឬចងសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយមហាយក្សចិន ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការជម្រុញឱ្យមានសង្គមបើកចំហរ និងនីតិរដ្ឋ។ល។ ដើម្បីជាថ្នូរ និងការអនុគ្រោះពន្ធនាំចូលឬបញ្ចុះអត្រាពន្ធនាំចូលទំនិញឱ្យនៅទាបនិងការពិចារណាផ្តល់ជំនួយឡើងវិញ។ល។

ថ្មីៗនេះ មានការផុសផ្សាយនៅក្នុងបណ្តាញសង្គម និង មានការចែករំលែកតគ្នា រូបថតថ្លុកលោកដូណាល់ត្រាំ និងលោកស៊ីជីនពីង ទទួលទានស្រាបៀរក្លែមសណ្តែកដីជាមួយគ្នាយ៉ាងប្រងើយ ខណៈដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាលើការកំណត់ពន្ធនាំចូល លើផលិតរបស់ប្រទេសទាំងពីរសម្រាប់រយៈពេល៩០ថ្ងៃកាលពីពេលថ្មីៗនេះ។ សម្រាប់ខ្ញុំដែលជាអ្នកសិក្សាស្រាវជ្រាវ និង ធ្លាប់បានសិក្សាពីនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក គឺគ្មានអ្វីចម្លែកទេ។ ប្រាកដណាស់ថា ចាប់តាំងពីលោកដូណាល់ត្រាំបានប្រកាសតម្លើងពន្ធនាំចូលទំនិញមកសហរដ្ឋអាមេរិក និង ការកាត់ជំនួយUSAID គឺបានធ្វើឱ្យពិភពលោកទាំងមូលស្លន់ស្លោរ និងមានភាពរង្គោះរង្គើរផ្នែកចរន្តសេដ្ឋកិច្ច និងប៉ះពាល់ដល់ស្ថាប័នធំៗដូចជាអង្គការសហប្រជាជាតិ (UNs) ដែលជំនួយមួយភាគធំបានពី USAID។ ការពិតទៅ វាគ្រាន់តែជាស្ថានភាពអន្តរកាលមួយដែល លោកដូណាល់ត្រាំចង់ឱ្យមានតុល្យភាពជញ្ជីងពាណិជ្ជកម្ម ទប់ស្កាត់កុំឱ្យមានការចម្លងបច្ចេកវិទ្យាពីប្រទេសចិន កាត់បន្ថយចំណាយសាធារណៈដែលត្រាំយល់ថាមិនចាំបាច់ និងរកដំណោះស្រាយបញ្ហាអត់ការងារធ្វើរបស់ពលរដ្ឋអាមេរិកកាំង ខណៈដែលលោកត្រាំទទួលបានការគាំទ្រភាគច្រើនពីពលរដ្ឋអាមេរិកកាំង ឱ្យបន្តអនុវត្តគោលនយោបាយ តម្កល់ផលប្រយោជន៍អាមេរិកាំងជាចម្បង (American First) ដែលលោកត្រាំ បានដាក់ចេញតាំងពីអាណត្តិទី១ក្រោមការដឹកនាំរបស់លោក។

តើអ្វីទៅជាគោលនយោបាយតម្គាល់ផលប្រយោជន៍អាមេរិកាំងជាចម្បង? តើមានគម្រូទ្រឹស្តីណាខ្លះ ត្រូវបានលោកដូណាល់ត្រាំយកមកអនុវត្ត?

និយាយឱ្យខ្លី ត្រាំជាអ្នកជំនួញរកស៊ី គាត់មិនសូវខ្វល់ពីគម្រូស្តង់ដារ ឬទ្រឹស្តីនយោបាយអ្វីនោះទេ គាត់នឹកឃើញអ្វីគាត់ធ្វើនឹង គាត់ស្តាប់តែអ្នកជំនិតៗរបស់គាត់ប៉ុន្មាននាក់ប៉ុណ្ណោះ។

តើអ្វីទៅជាអំណាច? គេកំណត់ប្រទេសមួយជាប្រទេសមហាអំណាចទៅបាន ត្រូវមានធាតុផ្សំអ្វីខ្លះ?
លោក Pay S. Cline បានបង្កើតសមីការអំណាចដូចខាងក្រោម៖ PP = (C+E+M) x (S+W)
ស្ថាននៃអំណាច PP= Perceive of Power,
ធាតុរឹង មានចំនួនប្រជាជន និងទឹកដី C= Critical Mass = Population and Territory
សមត្ថភាពខាងសេដ្ឋកិច្ចE=Economic Capacity
សមត្ថភាពខាងយោធា M= Military Capacity
គោលដៅយុទ្ធសាស្ត្រ S = Strategic Purpose
ឆន្ទៈដើម្បីអនុវត្តយុទ្ធសាស្ត្រ W= Willingness to Pursue National Strategy

លោក Keneth Waltz: រដ្ឋមួយដែលខ្លាំងអាស្រ័យដោយ ៖ ចំនួនប្រជាជន ទំហំទឹកដី ប្រភពធនធាន កម្លាំងសេដ្ឋកិច្ច ភាពខ្លាំងផ្នែកយោធា និង ស្ថិរភាពនយោបាយ។ សហភាពអឺរ៉ុបមាន ២៧ប្រទេសចងក្រងជាសមាជិក មានប្រជាជនប្រមាណជាង ៤៤៧.៧លាននាក់ ទឹកដីសរុបជាង ៤លានគីឡូម៉ែតការ៉េ។ សហភាពអឺរ៉ុបជាសហព័ន្ធសេដ្ឋកិច្ច និង នយោបាយដែលដំណើរការតាមប្រព័ន្ធតែមួយ ប្រជាពលរដ្ឋមានសេរីភាពឆ្លងកាត់រដ្ឋនីមួយៗ និងមានចលនាទំនិញឆ្លងកាត់ដោយសេរី។ សហភាពអឺរ៉ុប ចាត់ទុកថាជាប្រទេសមានអំណាច តែខ្វះការវិនិយោគច្រើនលើវិស័យយោធា។ ប្រទេសកូរ៉េខាងជើងមានការវិនិយោគលើការផលិតសព្វាវុធ តែមូលដ្ឋានសេដ្ឋកិច្ចនៅមានភាពទន់ខ្សោយ។ អារ៉ាប៊ីសាអូឌីតជាប្រទេសមានធនធានធម្មជាតិដ៏ច្រើន ប៉ុន្តែមានប្រជាជនតិច(ជាង៣៥លាននាក់) ប្រជាជនហាក់ដាក់ខ្លួនមិនមានមហិច្ឆិតា និងមិនសូវរួសរាយទំនាក់ទំនងទៅពិភពខាងក្រៅ។ លុចហ្សំបួរ ចាត់ទុកថាជាប្រទេសអ្នកមាន ប៉ុន្តែជាប្រទេសដែលតូច មានប្រជាជនតិច មិនសូវមានសក្តានុពលផ្នែកភូមិសាស្ត្រនយោបាយ (Adam, 2018, P7)។ ហេតុនេះរដ្ឋមួយដែលមានអំណាច ត្រូវមានធាតុផ្សំដូចដែលលោក Keneth Waltz បានលើកឡើងខាងលើ។

ការកសាងអំណាចរបស់សហរដ្ឋអាម៉េរិក៖

លោក Adam Quinn បានវិភាគថា មានកត្តាដែលនាំឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសមហាអំណាច មានកត្តា៤ដូចខាងក្រោម៖

ទី១៖ ការរៀបចំបណ្តាញ (Network Position) ៖ សហរដ្ឋអាមេរិកធ្វើអ្វីមួយ មិនដែលសូវធ្វើតែឯកឯងទេ
សហរដ្ឋអាមេរិកតែងធ្វើសហប្រតិបត្តិការតាមលក្ខណៈជាបណ្តាញជាមួយនឹងសម្ព័ន្ធមិត្ត។ ការយល់បានពីស្ថានភាពតាមរយៈការទូតរវាងរដ្ឋនិងរដ្ឋ និងតាមរយៈអង្គការសង្គមស៊ីវិល អង្គការអន្តរជាតិ ជារឿយៗគឺទទួលបានព័ត៌មានឬរបាយការណ៍ពីប្រភពក្រៅផ្លូវការ។ យន្តការទាំងនេះ មានលក្ខណៈជាការបង្ខិតបង្ខំផង និងការបញ្ចុះបញ្ចូលផង។

ទី២៖ ការរៀបចំរចនាសម្ព័ន្ធអំណាច(Structure of Power)៖ សហរដ្ឋអាមេរិក គឺមិនត្រឹមតែរៀបចំបណ្តាញបានល្អប៉ុណ្ណោះទេ គឺថែមទាំងរក្សាបាននូវក្របខណ្ឌទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋបាលបានល្អ។ នៅពេលដែលរដ្ឋមួយមានសមត្ថភាពមានប្រៀបជាង ទាំងផ្នែកធនធាន សម្ភារៈ ជំនួយ បច្ចេកវិទ្យា សព្វាវុធ រដ្ឋនោះបានធ្វើឱ្យមានឥទ្ធិពលលើប្រទេសដទៃ(Gruber, 2000, Wade, 2013)។

ទី៣៖ អំណាចទន់(Soft Power)៖ ប្រាក់ដុល្លារអាមេរិកត្រូវបានក្លាយជាចរន្តហិរញ្ញវត្ថុប្រើប្រាស់ជាសកល ដែលគេប្រើជាទម្រង់ឧបករណ៍អហិង្សានៃការដាក់ឥទ្ធិពល ឬការបង្ខិតបង្ខំដោយមិនចាំបាច់ប្រើមធ្យោបាយជាកម្លាំងយោធា។ ប៉ុន្តែវាមានកត្តារួមផ្សំដទៃទៀតមាន ផ្នែកសង្គម វប្បធម៌ នយោបាយដែលមានតម្លៃទាក់ទាញដល់ប្រទេសដទៃ។ ប្រព័ន្ធធនាគារលំហូរសាច់ប្រាក់អន្តរជាតិជាគន្លឹះសរសៃឈាមសេដ្ឋកិច្ចនៃបណ្តាប្រទេសក្នុងពិភពលោក។

វិស័យការទូត ជំនួយអភិវឌ្ឍន៍នានាទាំងជំនួយផ្លូវការ និង ជំនួយបច្ចេកទេសជាទ្វេភាគីតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ (USAID) និងជំនួយពហុភាគី តាមរយៈអង្គការអន្តរជាតិ (អង្គការសហប្រជាជាតិ) និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ (World Bank) គឺជាផ្នែកមួយនៃអំណាចទន់ផងដែរ ដែលជារឿយៗ ប្រទេសម្ចាស់ជំនួយតែងមានឥទ្ធិពលលើប្រទេសដែលទទួលជំនួយ ទោះតិចឬច្រើន។

ទី៤៖ មនោគមវិជ្ជាអនុត្តរភាពវាទីនិយម(Ideological Hegemony) ៖ ប្រភពធំ ហើយជ្រាលជ្រៅបំផុតគឺឆន្ទៈមនសិការនយោបាយច្បាស់លាស់ ដែលសហរដ្ឋអាមេរិកជាប្រទេសមានឥទ្ធិពលអាចបញ្ចុះបញ្ចូលនូវមនោគមវិជ្ជារបស់ខ្លួនគឺប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការបើកចំហរសម្រាប់ការធ្វើជំនួញនៅទូទាំងពិភពលោក។

អំពីយុទ្ធសាស្ត្រចម្បងរបស់សហរដ្ឋអាមេរិក ដើម្បីក្លាយជាមហាអំណាច(Grand Strategies)៖

លោកសាស្ត្រាចារ្យ Walter Russell Mead បានលើកឡើងថា អាមេរិកគ្មានយុទ្ធសាស្ត្រចម្បងអំពីនយោបាយ ការបរទេសទេ ពីមួយអាណត្តិទៅមួយអាណត្តិមន្ត្រីសេតវិមាន និង រដ្ឋមន្ត្រីក្រសួងការបទេស ធ្វើការតាមតែរបៀបវារៈនយោបាយរបស់ខ្លួនរយៈពេល៤ឆ្នាំ ដោយមិនបានរៀបចំពីយុទ្ធសាស្ត្រធំដុំ និងយូរអង្វែងឡើយ។ Russell បានស្នើថា ការរៀបចំយុទ្ធសាស្ត្រធំ (Grand Strategy) គឺត្រូវឆ្លុះបញ្ចាំងពីគំរូអតីតកាលរបស់ប្រទេស ដំណើរការនយោបាយដែលបានកើតឡើង និងមានលទ្ធផលយ៉ាងដូចម្តេចខ្លះ និងត្រូវធ្វើអ្វីទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋអាមេរិកកាំង។ យុទ្ធសាស្ត្រធំរបស់សហរដ្ឋអាមេរិកមានប្រវត្តិករកើតឡើងតាំងពីអំឡុងទស្សវត្សឆ្នាំ១៩៤០មក គឺយុទ្ធសាស្ត្រសម្ងាត់សម្រាប់ធ្វើអនុត្តរភាពពិភពលោក ( The Secrete Anglo-American Global Dominant)។ Russell បានលើកឡើងជា៥តំណាក់កាលធំៗដូចខាងក្រោម៖

• ចំនុចចាប់ផ្តើម(Starting Ground)៖ គិតគូរសង្គមផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកឱ្យក្លាយជាសង្គមបើកចំហ ដោយ ផ្តោតលើការរកស៊ី វិនិយោគ និង ការបង្កើតថ្មី ហើយបង់ពន្ធជូនរដ្ឋទាំងអស់គ្នា ប្រជាពលរដ្ឋរកស៊ីមានបាន រដ្ឋក៏មានចំណូល គឺរីករាយទាំងអស់គ្នា។ ការស្វាគមន៍ជនជាតិជ្វីហ្វដែលមករកស៊ីនៅទីក្រុងញូយ៉ក អភិបាលក្រុងស្វាគមន៍ក្រុមមានជាតិសាសន៍ និង ជំនឿសាសនាខុសៗគ្នា និង គំនិតខុសប្លែកគ្នា ការប្រើប្រាស់បច្ចេកវិទ្យាត្រូវបានលើកទឹកចិត្ត ទាំងនេះគឺជាយន្តការនៃការបង្កើតថ្មី មានដូចជា ការបង្កើត Stock Exchange ដំបូងរបស់ក្រុមហ៊ុន Amsterdam Stock Exchange នៅទីក្រុងញូយ៉ក។
ប្រព័ន្ធនេះត្រូវបង្កើតទៅជាប្រព័ន្ធប្រតិបត្តិការប្រព័ន្ធធនាគារកណ្តាលរបស់បណ្តាប្រទេសក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ Russell បានសង្កត់ធ្ងន់ពីរបៀបនៃការដឹកនាំរដ្ឋ ដោយលើកទឹកចិត្តដល់អ្នកមកពីស្រទាប់កសិករ អ្នកក្រដែលមានភាពឆ្លាតវៃ និង មានទេពកោសល្យ មិនចាំបាច់តែកូនអ្នកគ្រួសារអភិជននោះទេ ដោយអនុវត្តគោលការណ៍ផ្តោតលើលទ្ធផលជាមូលដ្ឋាន (Merit-Based) ដោយផ្ចុងផ្តើមអ្នកមានទេពកោសល្យ នេះជាផ្នែកមួយនៃសង្គមបើកចំហ (Open Society)។

• ដំណាក់កាលទី២៖ ការអភិវឌ្ឍបច្ចេកវិទ្យា និងការបង្កើតថ្មី នៃប្រព័ន្ធគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ ការផលិត ការធ្វើជំនួញអន្តរជាតិ ដើម្បីបានផលចំណេញ។ ទៅសតវត្សទី១៧ គេឃើញមានកាប៉ាល់ជំនួញជាច្រើនរបស់ជនជាតិ Dutch (ហូឡង់) នៅសមុទ្រសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និង គ្រប់ទិសទីក្នុងពិភពលោក គេបានគិតគូរអំពីតម្រូវការទីផ្សារ និងការផ្គត់ផ្គង់ផលិតផល គេបានគិតគូរអំពី ប្រព័ន្ធធ្វើជំនួញជាលក្ខណៈអន្តរជាតិ ដើម្បីបានផលចំណេញច្រើន។ អាមេរិកបានចាប់ផ្តើមរកស៊ីមានផលចំណេញយ៉ាងក្រាស់ក្រែល ដែលជាដំណាក់កាលនៃការធ្វើ អនុត្តរភាពពិភពលោក(Global Dominant) តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និង ការអនុវត្តសង្គមបើកចំហ ដោយបើកការរកស៊ីផ្លាស់ប្តូរទំនិញ ពង្រីកចេញពីក្នុងប្រទេសទៅក្រៅប្រទេស។ ជាក់ស្តែងមានគំនូររូបភាព Dutch Master ដែលជាអ្នកជំនួញរកស៊ីល្បីៗនៅក្នុងសម័យកាល នោះក្នុងសារមន្ទីររបស់សហរដ្ឋអាមេរិក ដែលជាភស្តុតាងប្រវត្តិសាស្ត្រអំពីរបៀបដែលទទួលបានជោគជ័យរបស់សហរដ្ឋអាមេរិកក្នុងសម័យកាលនោះ។

• ដំណាក់កាលទី៣៖ ជាដំណាក់កាលនៃការធ្វើអនុត្តរភាពពិភពលោក គឺការបង្កើតយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ (Geopolitical Strategy) ដោយផ្តោតលើយុទ្ធសាស្ត្រសេដ្ឋកិច្ច និងជំនួញពិភពលោក ចាប់ផ្តើមទំនាក់ទំនងទៅប្រទេសពាក់ព័ន្ធ ដើម្បីធ្វើជំនួញ ធ្វើការផ្សព្វផ្សាយឱ្យយល់អំពីផលប្រយោជន៍ទៅវិញទៅមក និងកិច្ចការពារផលប្រយោជន៍នៃការធ្វើជំនួយរបស់ជនជាតិអាមេរិកាំង និងការចាប់ផ្តើមស្វែងយល់អំពីនយោបាយការបរទេស របស់ប្រទេសនីមួយៗ ស្វែងយល់អំពីប្រព័ន្ធជាសកលរបស់ពិភពលោក និងថ្នាក់តំបន់ មានដូចជា
សហភាពអឺរ៉ុប និងអាស៊ីជាដើម ដោយជំរុញឱ្យពិភពលោកមានការពាក់ព័ន្ធ មានការបើកចំហសម្រាប់ធ្វើជំនួញរកស៊ី ដែលហៅថា ចក្ខុវិស័យពិភពលោក (Global Vision) និង ពីរបៀបដែលបង្កើត ប្រព័ន្ធគ្រប់គ្រងពិភពលោក(Global System) ដែលដំណើរការ សម្រាប់បម្រើផលប្រយោជន៍សង្គមអាមេរិកកាំង។ ដំណាក់កាលនោះគឺកើតមានក្នុងសតវត្សទី១៨។ លោក Admiral Hanah បានសរសេរអំពីគោលនយោបាយនៃ អំណាចសមុទ្រ (Influence of See Power) ទាក់ទងនឹងល្បិច នៃការរៀបចំកាប៉ាល់ជំនួញអន្តរជាតិ ដោយបង្កើតជាបណ្តាញរកស៊ី ដែលជាមូលដ្ឋាននៃអំណាច និងធានាថាកាប៉ាល់ជំនួញរបស់អាមេរិក គឺអាចធ្វើដំណើរបានគ្រប់ទិសទី ចង់ទៅណាក៏បាន។

• ដំណាក់កាលទី៤៖ ការដាក់ចេញនូវផែនការធ្វើអនុត្តរភាពពិភពលោក ប៉ុន្តែចាប់ផ្តើមគ្រប់គ្រងដែនអំណាច របស់ខ្លួន គ្រប់គ្រងតំបន់ណាដែលអាមេរិកអាចធ្វើជំនួញបាន ហើយការពារ បិទមិនឱ្យប្រទេសផ្សេងចូលរកស៊ីបាន។ គំនិតនេះលេចចេញពីប្រទេស ប៉រទុយហ្គាល និង ចក្រភពអង់គ្លេសនៅសតវត្សទី១៩ ដែលពេលនោះសហរដ្ឋអាមេរិកបានចាប់ផ្តើមដឹកនាំរៀបចំប្រព័ន្ធពាណិជ្ជកម្មពិភពលោក (GATT) និង បន្ទាប់មកបង្កើតបាន ជាអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដោយអនុញ្ញាតិឱ្យប្រទេសទាំងអស់អាចរកស៊ីផ្លាស់ប្តូរទំនិញដោយសេរី និង បំពេញតម្រូវការទីផ្សារឱ្យគ្នាទៅវិញទៅមក។ សំណួរចោទឡើងថា បើបើកចំហឱ្យប្រទេសដទៃរកស៊ីដោយសេរីដែរនោះ ប្រទេសដទៃមិនក្លាយទៅជាប្រទេសមហាអំណាច មកវាយប្រហារសហរដ្ឋអាមេរិកហើយទេឬ? ករណីនេះ មានការពិភាក្សាឡើងវិញអំពីទ្រឹស្តីរបស់សេដ្ឋវិទូ Adam Smith នៅសតវត្សទី១៨ និងទី១៩ បានបញ្ជាក់ថា ប្រសិនបើប្រព័ន្ធជំនួញមួយដែលធ្វើឱ្យប្រទេសមួយមានការរីកចំរើន វាប្រាកដណាស់ថា គេមិនស្អប់ប្រព័ន្ធនោះទេ ដែលនេះជាគោលការណ៍ ឈ្នះៗ (Win-Win) មិនមែនជាគោលការណ៍ឈ្នះចាញ់ ហើយខាតទាំងសងខាង(Zero-Sum Game)។ ករណីប្រទេសអាល្លឺម៉ងនៅក្រោយសង្គ្រាមលោកលើកទី២ អាល្លឺម៉ងបានបិទទីផ្សារមិនឱ្យមានការនាំចូលផលិតផលពីប្រទេសដទៃ ទីបំផុតផលិតផលចំណីអាហារដែលនាំចូលពីប្រទេសអាហ្សង់ទីនត្រូវបានបិទទាំងស្រុង ក្រោយមកអាល្លឺម៉ងមិនអាចផលិតចំណីអាហារបំពេញនូវតម្រូវការក្នុងស្រុកបាន។ ចំណែកអាមេរិកបានបើកចំហទីផ្សារដល់អាហ្សង់ទីន ធ្វើឱ្យអាមេរិកអាចចរចាតម្លៃទំនិញ និងមានឥទ្ធិពលលើប្រទេសដែលនាំចូលទំនិញ ធ្វើឱ្យចំណេញទាំងការទូត នយោបាយ និងសេដ្ឋកិច្ច។

• ដំណាក់កាលទី៥៖ ការលើកកម្ពស់ តម្លៃសេរីភាព និងសង្គមបើកចំហ ទៅពិភពលោក នេះជាកិច្ចការសម្ងាត់នៃអំណាច និងភាពជោគជ័យរបស់សហរដ្ឋអាម៉េរិក។ ប៉ុន្តែហេតុអ្វី អាមេរិកបែរជា ផ្សព្វផ្សាយកិច្ចការសម្ងាត់នេះទៅប្រទេសដទៃ ហេតុអ្វីមិនឱ្យប្រទេសកុម្មុយនីស្ត នៅប្រកាន់របបផ្តាច់ការ(Autocracy) ដែលធ្វើឱ្យប្រទេសនោះ ចុះខ្សោយ បង្កការរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហេតុអ្វីអាមេរិកមិនរងចាំមើលចិនបរាជ័យ ធ្វើឱ្យចិនខ្សោយ ដែលជាការល្អ សម្រាប់អាមេរិកអង្គុយចាំទទួលផល? តាមពិតអាមេរិកមានជំនឿថា អាមេរិកទទួលបានជោគជ័យ អាមេរិកត្រូវតែជំរុញឱ្យបណ្តាប្រទេសទាំងអស់មានឥរិយាបថ ជាប្រទេសដែលមានប្រព័ន្ធសង្គមបើកចំហ ដូចអាមេរិក ព្រោះដោយហេតុផលថា អាមេរិកមិនអាចរកស៊ី ធ្វើមានធ្វើបាន បានទេ បើអាមេរិកធ្វើជំនួញរកស៊ីជាមួយប្រទេសដែលក្រអន់ខ្សោយទាំងនោះ។ ក្រោយសង្គ្រាមលោកលើកទី២ សហរដ្ឋអាមេរិក មានអ្វីៗទាំងអស់ ជាប្រទេសផ្គត់ផ្គង់នំប៉័ងដ៏ធំទៅអឺរ៉ុប ជាប្រទេសដែលផលិតប្រេងដ៏ធំ ប៉ុន្តែអាមេរិកមិនធ្វើជំនួញជាមួយប្រទេសណាដែលមានប្រជាជនទុរភឹកអត់ឃ្លាននោះទេ ហេតុនេះប្រព័ន្ធពិភពលោកដែលអាម៉េរិកបានបង្កើតឡើងក៏មិនអាចដំណើរការបានដែរ។ ភាពអត់ឃ្លាន និង អតុល្យភាពសេដ្ឋកិច្ចអាចបង្កជាសង្គ្រាមបាន។ សហរដ្ឋអាមេរិកចង់ឱ្យពិភពលោកអនុវត្តប្រព័ន្ធសង្គមបើកចំហដោយពង្រឹងនីតិរដ្ឋ មានស្ថេរភាពនយោបាយ និងបរិយាកាសសេដ្ឋកិច្ចល្អ ដែលកិច្ចខិតខំប្រឹងប្រែងទាំងនេះ បានបន្តអនុវត្តរាប់ទស្សវត្សមកហើយ។

អំពីនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក ជាប្រទេសដែលមានអំណាចជាងពីររយឆ្នាំមកហើយ។ នៅមុនសង្គ្រាមលោកលើកទី២ សហរដ្ឋអាមេរិកហាក់មិនយកចិត្តទុកដាក់ខ្លាំងពីនយោបាយការបរទេសទេ ពោលគឺអាមេរិកបានយកចិត្តទុកដាក់គិតគូរតែផ្ទៃក្នុងប្រទេសខ្លួនឯង។ ជាការគាត់សម្គាល់នៅក្នុងអំឡុងសតវត្សទី២០ រដ្ឋដែលកាន់របបប្រជាធិបតេយ្យហាក់មានភាពជោគជ័យជាងរបបរាជានិយម ឬ របបផ្តាច់ការ។ ឧទាហរណ៍ មានប្រទេសពីរគឺអាល្លឺម៉ង់ និងជប៉ុនដែលប្រើនយោបាយការបរទេសបែបកៀបសង្កត់ប្រទេសដទៃ ក្រោយមកប្រទេសទាំងពីរនេះក៏ជួបនូវបញ្ហា និងមានភាពរង្គោះរង្គើរ។ ក្រោយសង្គ្រាមលោកលើកទី២ ប្រទេសទាំងពីរនេះក៏ប្រកាន់យករបបប្រជាធិបតេយ្យ មានការរីកចម្រើន មានសន្តិភាព និងទទួលបានការគោរពពីប្រទេសដទៃ។

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ត្រូវបានអឺរ៉ុបទទួលស្គាល់ថាជាប្រទេស មហាអំណាច Anglo Saxon ដោយប្រទេសទាំងពីរនេះបានយកចិត្តទុកដាក់ខ្លាំងពីតុល្យភាពអំណាចរបស់ពិភពលោក ដែលបច្ចុប្បន្នត្រូវបានគេហៅថា
សណ្តាប់ធ្នាប់ពិភពលោក (World Order) ពោលគឺការគិតអំពីប្រព័ន្ធពិភពលោកមួយដែលអាចធ្វើពាណិជ្ជកម្មជាមួយគ្នា និងប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុជាអន្តរជាតិ ដែលធ្វើឱ្យប្រទេសទាំងពីររកស៊ីមានបាន ហើយទទួលបាននូវអំណាចក្នុងការដាក់ពង្រាយកងទ័ព ដើម្បីការពារប្រព័ន្ធគ្រប់គ្រងដែលប្រទេសទាំងពីរនេះបានបង្កើតឡើង។
Russell បានកត់សម្គាល់ឃើញថា គោលនយោបាយការបរទេសដែលសហរដ្ឋអាមេរិក ធ្វើបានល្អជាប្រវត្តិសាស្ត្រ គឺសហរដ្ឋអាមេរិកបានដឹកនាំរៀបចំបង្កើតអង្គការពាណិជ្ជកម្មពិភពលោកលោក (WTO) ដែលជាយន្តការប្រកួតប្រជែងរបស់សហរដ្ឋអាមេរិកក្នុងការធ្វើពាណិជ្ជកម្មនៅក្រៅប្រទេស។ ជាច្រើនទស្សវត្សមកនេះ អាមេរិកមាន គោលការណ៍ ដែល Russell បានហៅថា សាលានៃការគិត (School of Thought) ចំនួន៤ធំៗគឺ៖
• សាលាទី១ ឬ ទ្រឹស្តី Hamiltonians៖ សហរដ្ឋអាមេរិកគិតគូរអំពីកិច្ចការ និងផលប្រយោជន៍ផ្ទៃក្នុងជាសំខាន់ ពោលគឺការបង្កើតទំនាក់ទំនងដ៏រឹងមាំរវាងរដ្ឋាភិបាល និងក្រុមធុរកិច្ចធំៗដែលជាគន្លឹះសម្រាប់ស្ថេរភាពផ្ទៃក្នុង និងវិធានការទំនាក់ទំនងទៅខាងក្រៅ ដើម្បីផ្សារភ្ជាប់ផលប្រយោជន៍ប្រទេសជាតិទៅនឹងសេដ្ឋកិច្ចសកល។
• សាលាទី២ ឬ ទ្រឹស្តី Wilsonians៖ សហរដ្ឋអាមេរិកមានកាតព្វកិច្ច និងទំនួលខុសត្រូវផ្នែកសីលធម៌ និងសារសំខាន់អំពីការគិតគូរអំពីផលប្រយោជន៍នៃការពង្រីកគុណតម្លៃសង្គមប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកទៅពិភពលោក ក្នុងការបង្កើតនូវសន្តិភាពដល់សហគមន៍អន្តរជាតិ និងគោរពនូវគោលការណ៍នីតិរដ្ឋ។
• សាលាទី៣ ឬ ទ្រឹស្តី Jeffersonians៖ សហរដ្ឋអាមេរិកផ្តោតសំខាន់លើគោលនយោបាយការបរទេសរបស់ខ្លួនលើបញ្ហាសុវត្ថិភាពក្នុងប្រទេសជាជាងការពង្រីកមនោគមវិជ្ជាលទ្ធិប្រជាធិបតេយ្យទៅពិភពលោក ដោយសារតែការព្រួយបារម្មណ៍អំពីការពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកទៅនឹងកិច្ចគាំពារសម្ព័ន្ធមិត្តខាងក្រៅ និងហានិភ័យនៃការបង្កជាសង្គ្រាមកើតឡើង។
• សាលាទី៤ ឬ ទ្រឹស្តី Jacksonians៖ សហរដ្ឋអាមេរិកផ្តោតសំខាន់ទាំងពីរ ទាំងនយោបាយក្នុងប្រទេសនិងនយោបាយការបរទេសគឺ សុខសុវត្ថិភាព(Physical Security) និង សុខុមាលភាពសេដ្ឋកិច្ច(Economic Well-Being)សម្រាប់ពលរដ្ឋអាមេរិកកាំង។ ប្រសិនបើប្រទេសខាងក្រៅចង់ក្លាយជាសត្រូវរបស់សហរដ្ឋអាមេរិក Jacksonians បានឯកភាពជាមួយឧត្តមសេនីយ៍Douglas MacArthur ដែលបានលើកឡើងថា មិនមានទេជម្រើសផ្សេងក្រៅពីសេរីភាព (There is no substitute for victory)។ ក្នុងន័យនេះ គឺជម្រើសធ្វើសង្គ្រាមដើម្បីសេរីភាព និងការពារផលប្រយោជន៍អាមេរិកកាំង និងសម្ព័ន្ធមិត្តរបស់ខ្លួន។

គោលគំនិតទាំង៤ខាងលើ បានកំណត់របត់នយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅជាង២សតវត្សចុងក្រោយនេះ។ រដ្ឋបាលរបស់លោកដូណាល់ត្រាំបច្ចុប្បន្នបានងាកមកគិតគូរពីផលប្រយោជន៍ប្រជាពលរដ្ឋ អាមេរិកកាំងជាធំ ដោយអនុវត្តតាមទ្រឹស្តី Hamiltonians ដោយចាប់ផ្តើមធ្វើសង្គ្រាមពាណិជកម្ម ជាមួយប្រទេសចិន ប្រមូលក្រុមហ៊ុនផលិតធំៗដែលបោះទីតាំងនៅប្រទេសចិន ឱ្យមកប្រទេសអាមេរិកវិញ ដើម្បីបើករោងចក្រនៅក្នុងស្រុក និងបង្កើតការងារដល់ពលរដ្ឋអាមេរិកកាំង និង ដើម្បីជាការទប់ស្កាត់នូវការចម្លង បច្ចេកវិទ្យាពីប្រទេសដទៃ។ នៅក្នុងអាណត្តិរដ្ឋបាលលោក ចូបៃឌិន បានអនុវត្តទ្រឹស្តី Jeffersonians ដោយបានសម្រេចចិត្តដកកងទ័ពសហរដ្ឋអាមេរិកពីប្រទេសអាហ្គានីស្ថាន ដើម្បីការពារនូវសុខសុវត្ថិភាពរបស់ពលរដ្ឋអាមេរិកាំង (កងទ័ពអាមេរិក) ផង និង ការកាត់បន្ថយចំណាយយោធាផង។ រដ្ឋបាលរបស់អតីតប្រធានាធិបតី បារ៉ាក់អូបាម៉ា បានងាកមកចាប់យកអាទិភាពនយោបាយការបរទេសងាកមកខាងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកវិញក្រោយបង្កសង្គ្រាមនៅតាមបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា ដោយចាប់ផ្តើមរៀបចំយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific) និងពង្រឹងផ្នែកយោធាជាមួយសម្ព័ន្ធមិត្ត មានអូស្ត្រាលី និងចក្រភពអង់គ្លេស ហៅកាត់ថា(AUKUS) ដែលសម្ព័ន្ធមិត្តនេះបានប្រកាសឡើងកាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ សម្រាប់ទប់ទល់នឹងការពង្រីកឥទ្ធិពលឥតឈប់ឈររបស់មហាអំណាចចិននៅក្នុងតំបន់ តាមយុទ្ធសាស្ត្រគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ផ្លូវសូត្រ Belt and Road Initiative ឬ BRI។
សូមបញ្ជាក់ថាប៉ុន្មានទស្សវត្សកន្លងចុងក្រោយនេះ ប្រទេសចិនជាប្រទេសផលិតធំជាងគេ ក្រុមហ៊ុនធំៗរបស់បរទេសបានដាក់ទីតាំងរោងចក្ររបស់ខ្លួននៅប្រទេសចិន ដោយសារកម្លាំងពលកម្មថោក និង ដោយសាហេតុផលប្រទេសអភិវឌ្ឍន៍ជឿនលឿន មិនចង់ឱ្យប្រទេសរបស់ពួកគេរងនូវផលប៉ះពាល់បរិស្ថានដែលកើតពីការបំភាយឧស្ម័នពុលពីរោងចក្រឧស្សាហកម្ម ផ្ទុយទៅវិញ ពួកគេទទួលបានការនាំចូលទំនិញដែលមានតម្លៃថោកសម្រាប់ប្រជាពលរដ្ឋរបស់ពួកគេប្រើប្រាស់ ហើយការទទួលកម្មង់ទិញទំនិញចូលក្នុងប្រទេសរបស់ខ្លួន ពួកគេបានចំណេញផ្នែកនយោបាយ និង ការទូត និងមានឥទ្ធិពលទៅលើប្រទេសកំពុងអភិវឌ្ឍន៍ ឬអភិវឌ្ឍន៍តិចតួច ដើម្បីពង្រីកវិសាលភាពមនោគមន៍នយោបាយប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្សថែមទៀត។ ផ្ទុយទៅវិញ ប្រទេសចិនទទួលបានផលប្រយោជន៍សេដ្ឋកិច្ចកាន់តែច្រើន ព្រមទាំងអភិវឌ្ឍន៍បាននូវបច្ចេកវិទ្យាថ្មីៗ និងទទួលបានផលយ៉ាងច្រើនក្រាស់ក្រែលពីការផលិតផលិតផលប្រើប្រាស់ដូចជាសំលៀកបំពាក់ កាបូបធ្វើដំណើរ តាមរយៈការតម្លើងរោងចក្រនៅ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និង នាំចូលលក់ផលិតផលជាវត្ថុធាតុដើមសម្រាប់បម្រើដល់ការផលិតថែមទៀត។
ក្នុងបរិបថនេះ កម្ពុជាគួរមានវិធានការ និង យុទ្ធសាស្ត្រទំនាក់ទំនងរបស់ខ្លួនដើម្បីការពារផលប្រយោជន៍របស់ប្រទេស ពិសេសការរក្សាបាននូវឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជាជាច្រើនលាននាក់ ពោលគឺចិនក៏ត្រូវ ហើយធ្វើយ៉ាងណាមិនអោយសហរដ្ឋអាមេរិកមើលឃើញថាកម្ពុជាលំអៀងទៅខាងចិន ឬបង្កលក្ខណៈជាភូមិសាស្ត្រនយោបាយជាឈ្នាន់របស់ចិន ដែលអាមេរិកមិនសប្បាយចិត្ត និងក្លាយទៅជាកន្លែងសមរភូមិប្រយុទ្ធរបស់មហាអំណាចទាំងពីរ និងសម្ព័ន្ធមិត្តរបស់ពួកគេ។

ស្រាវជ្រាវ និងចងក្រង ដោយ៖
ឯកឧត្តម នួម សុខុន (អ្នកវិភាគស្រុកស្រែ)
បេក្ខបណ្ឌិតវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា
និងជាសមាជិកសហគមន៍អ្នកវិទ្យាសាស្រ្តនយោបាយកម្ពុជា