(សៀមរាប)៖ នៅថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៥ ប្រតិភូរដ្ឋបាលខេត្តសៀមរាបដែលដឹកនាំដោយ លោក យុន លីណេ អភិបាលរងខេត្ត និងជាតំណាងលោក ប្រាក់សោភ័ណអភិបាលខេត្ត នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សាជាមួយ លោក សាន់ចូ អាគីហ៊ីតូ អគ្គនាយកនៃ អគ្គនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធនៃទីភ្នាក់ងារ សហប្រតិបត្តិអន្តរជាតិជប៉ុន (ចៃការ) លើគម្រោង ទីក្រុងឆ្លាតវៃ (Smart City) សម្រាប់ក្រុងសៀមរាប។
ការចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សានេះ ធ្វើនៅទីស្នាក់ការកណ្តាលរបស់JICA ទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយផ្ដោតលើការអនុវត្តគម្រោងទីក្រុងឆ្លាតវៃដំណាក់កាលទីពីរ ដែលជួយរៀបចំក្រុងសៀមរាប ជាទីក្រុងដ៏គួរឲ្យទាក់ទាញ និងប្រកបដោយនិរន្តរភាពសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ។
បន្ទាប់ពីការអនុវត្តគម្រោងទីក្រុងឆ្លាតវៃ ដំណាក់កាលទី១ បានទទួលជោគជ័យ ដោយរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់សហប្រតិបត្តិការអន្តរជាតិជប៉ុន JICAបានយល់ព្រមបន្តជួយរដ្ឋបាលខេត្តលើគម្រោង ទីក្រុងឆ្លាតវៃ (Smart City)៕