(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបើកវេទិកាស្តីពី «មាគ៌ាបៃតង៖ ទំនាក់ទំនងរវាងការគ្រប់គ្រងតំបន់ទេសភាពជាមួយនឹងធនធានជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីសម្រាប់អនាគតប្រកបដោយចីរភាព»។

សិក្ខាសាលានេះបានធ្វើឡើងនៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ន អង្គការដៃគូ វិស័យឯកជន គ្រឹះស្ថានសិក្សា សហគមន៍មូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសសិ្ស-និស្សិត ជាង១៦០នាក់។

វេទិកានេះរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន ជាមួយនឹងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) តាមរយៈគម្រោង INRM ក្នុងគោលបំណងចែករំលែកព័ត៌មាន និងបទពិសោធការងារ រួមទាំងគំរូនៃលទ្ធផលការងារពាក់ព័ន្ធនឹងការបញ្ជ្រាបការគ្រប់គ្រងតំបន់ទេសភាពដើម្បីគាំទ្រដល់ការអភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិ​ និងជីវៈចម្រុះប្រកបដោយនិរន្តរភាព រួមទាំងការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា ជាពិសេសគឺតំបន់ប្រព័ន្ធតំបន់ការពារធម្មជាតិភាគខាងជើងបឹងទន្លេសាប។

វេទិកានេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២៥ ដោយចែកចេញជា ៤ប្រធានបទគឺ៖

ទី១៖ ការបញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិ និងការប្រើប្រាស់ធនធានជីវៈចម្រុះប្រកបដោយនិរន្តរភាពនៅតំបន់ទេសការពារទេសភាពខាងជើងប្រទេសកម្ពុជា
ទី២៖ ការរៀបការរៀបចំគោលនយោបាយហិរញ្ញវត្ថុប្រកបដោយចីរភាពតាមយៈ ការៀបចំយន្តការអនុវត្តសាកល្បងការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី (PES) នៅកម្ពុជា
ទី៣៖ ជំរុញការរស់នៅប្រកបដោយសុខដុមរមនីយកម្មជាមួយធម្មជាតិតាមរយៈលើការកកម្ពស់វិធីសាស្រ្តផ្អែកលើតំបន់ការពារទេសភាព និងការបញ្ជ្រាបចូលក្នុងផែនការអភិវឌ្ឍន៍ និងវិនិយោគរបស់ ឃុំ ស្រុក ខេត្ត និងថ្នាក់ជាតិ
និងទី៤៖ ការបញ្ជ្រាបយេនឌ័រទៅក្នុងការគ្រប់គ្រងធនធានធម្មជាតិ៕