(កំពង់ស្ពឹ)៖ លោក​បណ្ឌិត​ កែរ រដ្ឋា​ អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​មូលដ្ឋាន​ស្រុកឱរ៉ាល់​ និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ឃុំ​ហោងសំណំ នៅថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២៥ បានចុះពិនិត្យមើលការចុះឈ្មោះបោះឆ្នោត​ និងការ​ធ្វើបច្ចុប្បន្ន​ភាពជីវមាត្រ នៅ​ឃុំ​ហោងសំណំ​ ស្រុក​ឱរ៉ាល់​ ខេត្ដកំពង់ស្ពឺ។

ក្នុងឱកាស​នោះ លោកបណ្ឌិត​ កែរ រដ្ឋា បានឧបត្ថម្ភថវិកាដល់ក្រុមការងារចុះឈ្មោះ​ និងក្រុមប្រឹក្សាឃុំ​ ៦នាក់ក្នុង​ម្នាក់ៗ​ ៥០,០០០រៀល។

បន្ទាប់មកលោក​បណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាសមាជិកគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកជនបង្គោលផ្សព្វផ្សាយ​ និង​ទំនាក់ទំនង​សាធារណៈរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ២៨សាខារាជធានី/ខេត្ត និងសាកលវិទ្យាល័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំហោងសំណំ បាន​រៀបចំ​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯក​ឧត្ដម​ ហ៊ុន​ ម៉ានី​ មួយ​ក្រុម​ ចុះអប់រំផ្សព្វផ្សាយ ព្រមទាំងពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំពេទ្យជូនប្រជាពលរដ្ឋក្រីក្រ​ចាស់​ជរា​តាម​ខ្នង​ផ្ទះ​ បានចំនួន​៣៤នាក់​ ស្រី២១​នាក់​ ដែល​ជា​អំណោយដ៏ថ្លៃថ្លា​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​ជា​ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នៅ​បរិវេណ​សាលា​ឃុំ​ហោងសំណំ​ ស្រុកឱរ៉ាល់​ ខេត្ត​កំពង់​ស្ពឺ​។

លោក​បណ្ឌិត​ កែរ​ រដ្ឋា​ បាន​ជម្រាប​ជូន​ថា​ កម្មវិធី​នេះ​មាន​ការ​អប់រំផ្សព្វផ្សាយពី​ជំងឺ​ឆ្លង​ ជំងឺ​មិន​ឆ្លង​ រស់នៅ​ប្រកប​ដោយ​អនាម័យ​ ហូប​ទឹក​ឆ្អឹន​ អាហារ​ឆ្អិន​ តិច​អំបិល​ តិច​ស្ករ​ តិច​ខ្លាញ់​។

លោកបណ្ឌិត​បានថ្លែងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តមហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ​ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាព សាធារណៈដោយឥតគិតថ្លៃ​ ជា​ពិសេស​គឺ​ការ​គិតគូរ​ដល់​ចាស់​ជរា​ ចាស់​ព្រឹទ្ធាចារ្យ​ ស្រប​តាម​ការ​ចង្អុល​បង្ហាញ​របស់​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ថ្លែង​ក្នុង​ទិវា​ជាតិ​ និង​អន្តរជាតិ​មនុស្ស​ចាស់​ កាល​ពី​ថ្ងៃ​ទី​១​ ខែ​តុលា​ ឆ្នាំ​២០២៤​ កន្លង​ទៅ​។

ទន្ទឹមនឹងនេះ លោក​បណ្ឌិត​ បាននាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពី លោក​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជូនចំពោះ អ៊ុំ​ ពូមីង​ប្រជាពលរដ្ឋ​ដែលបាន​ចូលរួមក្នុង​កម្មវិធី​ព្យាបាល​នេះផងដែរ​។

ក្នុង​ឱកាស​នេះ​ដែរ​ លោក​បណ្ឌិត​ កែរ​ រដ្ឋា​ បាន​ផ្ដល់​នូវ​ថ្នាំ​ពេទ្យសម្រាប់​ព្យាបាល​ចំនួន​៥ថ្ងៃ​ទៅ១០​ និង​ឃីត​មួយ​កញ្ចប់​ ក្នុង​នោះ​មាន​គ្រឿង​ឧបភោគ​បរិភោគ​ និង​ភេសជ្ជៈ​មួយ​ចំនួន​ផង​ដែរ៕