(ភ្នំពេញ)៖ លោក រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជារដ្ឋលេខាធិការក្រសួងផែនការ ហើយក៏ជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ បានបង្ហាញពីសារសំខាន់នៃការធ្វើជំរឿនកសិកកម្មនៅកម្ពុជា រយៈពេល១០ឆ្នាំម្តង ដើម្បីផ្តល់ទិន្នន័យឱ្យគ្រប់ជ្រុងជ្រោយដល់រាជរដ្ឋាភិបាលរៀបចំផែនការអភិវឌ្ឍជាតិ។

ក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនកសិកម្មនៅកម្ពុជា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ, លោកបានឱ្យដឹងថា ជំរឿនកសិកម្ម គឺជាជំរឿនមួយដ៏សំខាន់ ដែលកំណត់ដោយច្បាប់ស្ថិតិ ទី១៖ ជំរឿនកសិកម្ម, ទី២៖ ជំរឿនសេដ្ឋកិច្ច និងទី៣៖ ជំរឿនប្រជាជន។ ដែលតម្រូវឱ្យវិទ្យាស្ថានជាតិស្ថិតិអនុវត្តន៍ការធ្វើជំរឿនរៀងរាល់ ១០ឆ្នាំម្តង។

លោក រិន វីរៈ បានបន្តថា៖ «ជំរឿនកសិកម្មផ្តល់ទិន្នន័យគ្រប់ជ្រុងជ្រោយដល់រាជររដ្ឋាភិបាលក្នុងការរៀបចំផែនការអភិវឌ្ឍជាតិ ៥ឆ្នាំម្តង។ ក៏ដូចជាក្រសួងកសិកម្ម គឺត្រូវការទិន្នន័យនេះដ៏ចាំបាច់ ដើម្បីរៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម»

លោកបានឱ្យដឹងថា លទ្ធផលចុងក្រោយនៃជំរឿនកសិកម្មនៅកម្ពុជា ឆ្នាំ២០២៣ បានបង្ហាញថាមន្ត្រីបានចុះសម្ភាសន៍គ្រួសារជាង ៣,៤លានគ្រួសារ ក្នុងនោះបានរកឃើញគ្រួសារកាន់កាប់កសិកម្មនៅកម្ពុជា នៅឆ្នាំ២០២៣ សល់ត្រឹមតែ៥៤.២ភាគរយ មានការថយចុះប្រមាណ ២៨ម៉ឺនគ្រួសារ ស្មើនឹង១៣% បើប្រៀបធៀបនឹងលទ្ធផលនៃជំរឿនកសិកម្មនៅឆ្នាំ២០១៣៕

សូមស្តាប់ការលើកឡើងរបស់លោក រិន វីរៈ ដូចខាងក្រោម៖