(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត សួន សាមិត្ដ នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានត្រៀមគ្រែជាង៣០០គ្រែ ត្រូវនឹង ២អគារ បន្ទាប់ពីនៅកម្ពុជាយើងរកឃើញមានការឆ្លងដោយកន្លែងនៃជំងឺកូវីដ-១៩ ថ្មី (JN.1 lineages) (Covid-19 Omicron)។
នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានថ្លែងថា «បន្ទាប់ពីទទួលបានអនុសាសន៍ពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យើងបានរៀបចំគ្រែជាង ៣០០គ្រែ ត្រូវនឹង២អគារ និងបានដាក់នូវឧបរណ៍សម្ភារៈរួចជាស្រេចផងដែរ»។
លោកបានបន្តថា «មកទល់នឹងពេលនេះ នៅកម្ពុជាយើងមិនទាន់មានអ្នកជំងឺកូវីដ១៩ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយទេ តែទោះជាយ៉ាងណា គឺយើងត្រូវត្រៀមលក្ខណៈជាស្រេចនេះ ហើយបើក្នុងករណីមានអ្នកជំងឺច្រើនយើងក៏មានគ្រែថ្មីៗរាប់ពាន់ ក៏ដូចជាសម្ភារគ្រប់គ្រាន់ សម្រាប់សង្គ្រោះជានិច្ច»។
មកទល់នឹងពេលនេះ ករណីផ្ទុះរាលដាលជំងឺកូវីដ១៩ បានផ្ទុះឡើងវិញនៅតាមបណ្តាប្រទេស រួមទាំងប្រទេសជិតខាងផងដែរ។
ដោយហេតុដូច្នេះ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ តាមរយៈលិខិតរបស់ក្រសួងសុខាភិបាល បានប្រាប់ឲ្យនាយកមន្ទីរពេទ្យជាតិ និងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងផ្នែកពាក់ព័ន្ធ បានជំរុញឱ្យមានការចាក់វ៉ាក់សាំងកូវីដ-១៩ រំលឹកដល់ប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង ដើម្បីបង្ការជាមុនសំដៅធានាភាពស៊ាំសហគមន៍ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្នាំ២០២៥ ។
លិខិតរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ដោយរកឃើញមានការឆ្លងដោយកន្លែងនៃជំងឺកូវីដ-១៩ ថ្មី (JN.1 lineages) (Covid-19 Omicron) កន្លងមក, ដូចនេះដើម្បីបង្ការជាមុនសំដៅធានាភាពស៊ាំសហគមន៍ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ថ្មី ក្រសួងសុខាភិបាល សូមណែនាំដល់នាយកមន្ទីរពេទ្យជាតិ និងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ រំលឹកដល់ប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង រាល់៦ខែម្តងតាមយុទ្ធសាស្ត្រនៃការចាក់រំលឹកវ៉ាក់សាំងកូវីដ-១៩ ជាពិសេសសូមលើកទឹកចិត្តមកទទួលវ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-១៩ ថ្មី សម្រាប់ជនវ័យចាស់ ជនចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ និងមានភាពស៊ាំថយចុះជាដើម ដូចខាងក្រោម៖
១៖ ផ្តល់វ៉ាក់សាំងកូវីដ-១៩ ជាប្រចាំនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈរួមមានមន្ទីរពេទ្យជាតិ និងមណ្ឌលសុខភាព។
២៖ ផ្តល់វ៉ាក់សាំងកូវីដ-១៩ ដោយរួមបញ្ចូលជាមួយសកម្មភាពចុះផ្តល់សេវាសុខភាពមូលដ្ឋាន៕