(ព្រៃវែង)៖ ដោយមានការគាំទ្រពី នាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង, ក្រុមហ៊ុន ជីសញ្ញាក្បាលក្របី និងក្រុមហ៊ុន យីតាក់ គ្រុប បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំដី និងការប្រើប្រាស់ជីសម្រាប់ផលិតកម្មដំណាំស្រូវ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥។
កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង ផ្តោតលើការផ្តល់ចំណេះដឹង និងបច្ចេកទេសកសិកម្មទំនើប ដើម្បីជួយដល់កសិករ និងមន្ត្រីបច្ចេកទេសនៅតាមឃុំនីមួយៗ សំដៅបង្កើនការយល់ដឹង អំពីជំហាននៃការរៀបចំដី ឱ្យមានប្រសិទ្ធភាព កាត់បន្ថយការពុល និងសារធាតុអាស៊ីតក្នុងដី បង្កើន pH និងធ្វើឲ្យការលូតលាស់របស់ដំណាំស្រូវ កាន់តែប្រសើរឡើង ដើម្បីជំរុញការប្រើប្រាស់ជីឱ្យត្រឹមត្រូវ កាត់បន្ថយចំណាយ បង្កើនប្រាក់ចំណូល និងបង្កើនគុណភាពកសិផល។
ក្រៅពីនេះ ក៏មានការពិភាក្សាអំពីបញ្ហាប្រឈមរបស់កសិករ និងមន្ដ្រីបច្ចេកទេស កសិកម្មឃុំ ព្រមទាំងមានការចែករំលែក នូវបទពិសោធន៍កសិកម្ម ដោយលោកសាស្រ្ដាចារ្យ ជំនាញកសិកម្ម មកពីក្រុមហ៊ុនជីសញ្ញាក្បាលក្របីផងដែរ។
ស្របពេលជាមួយគ្នានេះ លោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលក្រុមហ៊ុនទាំងពីរ បានសហការជាមួយ នាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្តព្រៃវែង ជួយគាំទ្រផ្នែកបច្ចេកទេស និងរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ជូនដល់កសិករ និងមន្រ្តីកសិកម្មឃុំ ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការដាក់ពង្រាយមន្រ្តីកសិកម្មឃុំទូទាំងប្រទេស ស្របពេលខេត្តព្រៃវែងជាខេត្តមួយ ដែលមានសក្តានុពលផ្នែកដំណាំស្រូវ។
ទន្ទឹមនឹងនេះ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានសម្តែងនូវចំណាប់អារម្មណ៍គាំទ្រ ក្នុងការចូលរួមពីវិស័យឯកជន ជាពិសេសក្រុមហ៊ុនជីសញ្ញាក្បាលក្របី និងក្រុមហ៊ុន យីតាក់ គ្រុប ដែលបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំដី ការប្រើប្រាស់ជីសម្រាប់ផលិតកម្មដំណាំស្រូវ ដើម្បីរកផលចំណេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការកាត់បន្ថយថ្លៃដើមផលិត និងទទួលបានទិន្នផលខ្ពស់ ធ្វើយ៉ាងណាអភិវឌ្ឍន៍វិស័យកសិកម្មអោយកាន់តែប្រសើរឡើង មានភាពធន់ និងបរិយាប័ន្ន ទាំងទិន្នផលល្អ គុណភាពខ្ពស់ និងផ្តល់ផលចំណេញសេដ្ឋកិច្ច។
តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំដី ការប្រើប្រាស់ជីសម្រាប់ផលិតកម្មដំណាំស្រូវ បានសរបញ្ជាក់ឲ្យឃើញថា មន្ទីរកសិកម្មខេត្ត វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការយកចិត្តទុកដាក់ គិតគូរសុខទុក្ខរបស់កសិករ ដើម្បីបានស្វែងយល់ពីការធ្វើកសិកម្មបែបទំនើបដោយចំណាយថ្លៃដើមផលិតតិច និងទទួលបានទិន្នផលខ្ពស់ សំដៅជួយដល់កសិករទទួលបានប្រាក់ចំណេញពិតប្រាកដ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕