(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើក្រសួងរ៉ែ និងថាមពល ពិនិត្យមើលលើសំណើ និងកំណត់អាជ្ញាបណ្ណលើអាជីវកម្មក្រុមហ៊ុនស៉ីម៉ងត៍ ដើម្បីឲ្យរក្សាលំនឹងទីផ្សារប្រកួតប្រជែង និងដើម្បីជៀសវាងការដួលរលំក្រុមហ៊ុន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍ របស់ក្រុមហ៊ុនខនស៍ ខេធី ស៊ីមេន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រទេសកម្ពុជាយើងមានលទ្ធភាពផលិតស៉ីម៉ងត៍មុនគេ នៅឆ្នាំ១៩៦១ គឺនៅក្នុងជំនាន់សង្គមរាស្ត្រនិយម ដោយពេលនោះយើងផលិតបានច្រើន ស៉ីម៉ងត៍យើងមានគុណភាពល្អ ប៉ុន្តែជាអកុសល ដោយសារសង្គ្រាមយើងបិទវិញ។ លុះក្រោយឆ្នាំ១៩៧៩ យើងបានបើករោងចក្រផលិតស៉ីម៉ងត៍ឡើងវិញ ដោយផលិតមួយចំនួនតូច។
សម្តេចមហាបវរធបតី បានបន្តថា នៅឆ្នាំ១៩៩០ យើងបានចាប់ផ្តើមឲ្យធ្វើជាឯកជនភាវូបនីយកម្ម ដើម្បីពង្រឹងសមត្ថភាពផលិតផ្ទាល់ខ្លួន ប៉ុន្តែពេលនោះរោងចក្ររបស់យើងចាស់ទ្រុឌទ្រោម និងទៅមិនរួចជាមួយគេ ក៏បិទមួយរយៈ រហូតដល់ឆ្នាំ២០០៧ រាល់ស៉ីម៉ងត៍ទាំងអស់គឺយើងនាំចូល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ក្រោយមកទៀត ចាប់ផ្តើមឆ្នាំ២០០៧ យើងបានកសាងឡើងវិញនូវសមត្ថភាពផលិតរបស់យើង។ ឥលូវនេះ កម្ពុជាយើងមាន ៦រោងចក្រ ដែលកំពុងផលិតបាន ១១លានតោន ក្នុងមួយឆ្នាំៗ ដែលយើងអាចផ្គត់ផ្គង់ក្នុងប្រទេសយើងបាន ១០០ភាគរយ រួមទាំងការនាំចេញទៅថៃ នៅឆ្នាំមុនជាង ៣ម៉ឺនតោនទៀតផង។ អីចឹងពីប្រទេសមួយ ដែលនាំចូលស៉ីម៉ងត៍ ទៅជាប្រទេសអាចផ្គត់ផ្គង់ស៉ីម៉ងត៍ខ្លួនឯងបាន ហើយនាំចេញទៅទៀត។ នេះជាមោទនភាពរបស់យើង។
បើតាមប្រសាសន៍សម្តេចមហាបវរធិបតី ដោយសារបច្ចុប្បន្ន កម្ពុជាមានរោងចក្រស៉ីម៉ងត៍ និងអាចផលិតស៉ីម៉ងត៍គ្រប់គ្រាន់តាមតម្រូវការ សមាគមស៉ីម៉ងត៍បានលើកយោបល់ជូនសម្តេចពិចារណាលើអាជ្ញាបណ្ណស៉ីម៉ងត៍ ព្រោះបើមានអាជ្ញាបណ្ណច្រើនពេក នាំឲ្យវិស័យស៉ីម៉ងត៍កម្ពុជាមិនអាចពង្រីកទីផ្សារបាន។
សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះការរៀបចំទូទៅ ក្រៅពីរោងចក្រចំនួន៦ ដែលកំពុងដំណើរការមានរោងចក្រដូចជា ៤ទៀត ដែលបានអាជ្ញាបណ្ណហើយ អីចឹងយើងកំពុងឲ្យពិនិត្យមើលឡើងវិញ។ កាលពីខែ១២ ខ្ញុំបានជួបជាមួយសមាគមស៉ីម៉ងត៍ មានមួយសំណូមពរ នៅក្នុងការជួយវិស័យស៉ីម៉ងត៍របស់យើង ជាពិសេសក្រុមហ៊ុនស៉ីម៉ងត៍ដែលកំពុងផលិតនៅក្នុងនេះ ដោយថាឥលូវមានអាជ្ញាបណ្ណដូចច្រើនដល់ហើយ ព្រោះឥលូវ ៦ក្រុមហ៊ុននេះ យើងផលិតបានជាង ១១លានតោនទៅហើយ អីចឹងទីផ្សាររបស់យើងមានកំណត់ អាជ្ញាបណ្ណច្រើនពេកអាចទីផ្សារប្រកួតប្រជែងគ្នាមិនអាចរីកធំ»។
សម្តេចបានបន្តថា «ខ្ញុំក៏បានឲ្យក្រសួងរ៉ែ និងថាមពលពិនិត្យមើលលើកិច្ចការនេះ។ អីចឹងអាជ្ញាបណ្ណ ៤ ដែលពិនិត្យមើល ដោយមាន១ កំពុងដំណើរការហើយ ឲ្យបន្តទៅ នៅសល់១ ដែលអត់បានដំណើរការនោះ ក៏បានចរចា និងបញ្ចប់អាជ្ញាបណ្ណ ហើយ២ទៀត កំពុងវាយតម្លៃថា ឲ្យគាត់បន្តទៀត ឬក៏អត់ ព្រោះការវិនិយោគនេះជាការវិនិយោគធំៗ រោងចក្រនីមួយៗ ដាក់ទុនរាប់រាយលានដុល្លារ រឿងវិនិយោគតូចៗ យើងអត់បារម្ភទេ … តែរោងចក្រធំៗ ផលិតផលធំៗ ដែលមាន ៥០ដុល្លារលានឡើង យើងត្រូវគិតការរីកទីផ្សារផង។ អីចឹង ទីផ្សារយើងមានប៉ុណ្ណា …»។
នាពេលនោះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រសួងរ៉ែ និងថាមពល និងសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បន្តខិតខំ ស្វែងរកទីផ្សារបន្ថែមទៀត ក្នុងការនាំចេញផលិតផលស៊ីម៉ងត៍របស់កម្ពុជាទៅកាន់ទីផ្សារ អន្តរជាតិឱ្យបានច្រើន។ សម្តេចមហាបវរធិបតី ក៏បានប្រកាសមិនយកអាកររយៈពេល៥ឆ្នាំទៀត ពីរោងចក្រផលិតស៊ីម៉ងត៍ ដើម្បីជួយធ្វើឲ្យស៊ីម៉ង់ត៍ផលិតក្នុងស្រុក មានតម្លៃថោក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថែមទាំងបានណែនាំក្រសួងរ៉ែ និង ថាមពល ត្រូវបន្តសហការជាមួយដៃគូឯកជនក្នុងវិស័យរ៉ែ ដើម្បីបង្កើនយថាប្រភេទផលិតផលរ៉ែ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកជំនួសឱ្យការនាំចូល, បង្កើនការ នាំចេញ, បង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ និងបង្កើនចំណូលជូនជាតិ។ សម្តេចបានគាំទ្រ និងជំរុញនូវការអនុវត្តយន្តការមុតស្រួចរបស់ក្រសួងរ៉ែ និង ថាមពល ក្នុងការប្រមូលចំណូលស្របច្បាប់ជូនរដ្ឋ និងធានឱ្យបាននូវការប្រកួតប្រជែងស្មើភាព៕