(កំពង់ស្ពឺ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហាញនូវជំនឿជឿជាក់ថា នៅថ្ងៃខាងមុខមូលដ្ឋានស្រុកឱវ៉ាល់ នៃខេត្តកំពង់ស្ពឺ នឹងក្លាយទៅជាតំបន់យុទ្ធសាស្ដ្រលើការវិនិយោគ បន្ទាប់ពីផ្លូវជាច្រើនខ្សែត្រូវបានសាងសង់តភ្ជាប់ទៅខេត្តកំពង់ឆ្នាំង និងខេត្តកោះកុងរួចរាល់។
ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ដំណើរការរោងចក្រផលិតស៊ីម៉ងត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដោយសារការបញ្ចប់សង្គ្រាម ដោយសារគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅឱវ៉ាល់មិនត្រឹមតែជាកន្លែងតភ្ជាប់ ទៅខេត្តកំពង់ស្ពឺនោះទេ អាចកាត់ទៅផ្លូវជាតិលេខ៥ ហើយផ្លូវមួយខ្សែទៀតនឹងចេញរួបរាងឆាប់ៗ ដើម្បីតភ្ជាប់ទៅផ្លូវជាតិលេខ៤៨ ចាក់ទៅកោះកុង។ ឱរ៉ាល់ជាយុទ្ធសាស្ដ្រសម្រាប់វិនិយោគ ព្រោះចង់ទៅតាមផ្លូវជាតិលេខ៥ក៏បាន ចាក់ផ្លូវជាតិលេខ៤ តំបន់នេះអាចក្លាយជាតំបន់កសិឧស្សាហកម្ម ឬឧស្សាហកម្មបន្ថែមទៀត»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ប្រទេសណាក៏ដោយបើមានសង្រ្គាម នឹងត្រូវបំផ្លេចបំផ្លាញខ្ទេចខ្ទី ដោយការបាញ់ប្រហារតែមួយភ្លេត អគារស្ពានផ្លូវ ថ្នល់ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវបំផ្ល្ិចបំផ្លាញភ្លាមតែម្ដង។ ក្រោមសន្តិភាពនៃនយោបាយឈ្នះឈ្នះ និងការដាក់គោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ធ្វើឲ្យកម្ពុជាមានស្ថេរភាពនយោបាយ និងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់សន្តិភាព។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា រយៈពេល៣ថ្ងៃ សម្តេចសម្ពោធសមិទ្ធផលចំនួនពីរលើដែនដីអតីតសមរភូមិសង្គ្រាម។ សមិទ្ធផលទី១ សម្ពោធអគារសិក្សានៅសាលាក្នុងស្រុកវាលវែង សមិទ្ធផលទី២ គឺសម្ពោធរោងចក្រផលិតស៊ីម៉ងត៍។ នេះជាមនុញ្ញផលកើតចេញពីសុខសន្តិភាព បើគ្មានសន្តិភាព គ្មានសមិទ្ធផលទាំងនេះឡើយ។ តាមរយៈនយោបាយឈ្នះឈ្នះ ភាពស្មោះត្រង់ និងជំនឿចិត្ត នាំឲ្យកម្ពុជាបញ្ចប់សង្គ្រាម៕