(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសឲ្យដឹងថា រដ្ឋាភិបាលនឹងមិនយកអាករ រយៈពេល៥ឆ្នាំទៀត ពីរោងចក្រផលិតស៊ីម៉ងតិ៍ ដើម្បីជួយធ្វើឲ្យស៊ីម៉ង់ត៍ផលិត ក្នុងស្រុកមានតម្លៃថោក អាចប្រកួតប្រជែងលើទីផ្សារបាន។
ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុនខនស៍ ខេធី ស៊ីមេន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «សម្រាប់វិស័យស៊ីម៉ងតិ៍នេះ រដ្ឋាភិបាលបានជួយនូវយន្ដការមួយចំនួន ទោះបីជាមិនច្រើនដូចវិស័យផ្សេងៗក្ដី ប៉ុន្ដែរដ្ឋាភិបាលនៅតែជួយ ជាក់ស្ដែងដូចការព្យួរអាករពិសេសចំនួន៥ឆ្នាំ ពោលចាប់តាំងពីឆ្នាំ២០១៨មក។ ក្នុងនោះអំឡុងខែធ្នូ ខ្ញុំក៏បានឯកភាពឲ្យរព្យួរអាករបន្ដទៀត ក្នុងឆ្នាំ២០២៥-២០២៦ ដើម្បីទុកថវិកានេះយកទៅធានាតម្លៃស៊ីម៉ងតិ៍របស់យើង ឲ្យប្រកួតប្រជែងនឹងស៊ីម៉ង់តិ៍នាំចូល»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងបន្ដទៀតថា ការព្យួរអាការ៥ឆ្នាំនេះ ដើម្បីធ្វើឲ្យតម្លៃស៊ីម៉ងតិ៍របស់យើង អាចប្រកួតប្រជែងនឹងស៊ីម៉ង់តិ៍នាំចូល មានន័យថា អាចឲ្យអតិថិជនទិញស៊ីម៉ង់តិ៍ក្នុងស្រុកដោយមានតម្លៃធូរថ្លៃ និងដើម្បីប្រើប្រាស់ផលិតផលខ្មែរបានច្រើន ដូច្នេះរដ្ឋមិនចាំបាច់យកសួយសារអាករនេះទេ [.....]។
សម្តេចមហាបវរធិបតីបានបញ្ជាក់ថា នេះជាការជួយគ្នាទោះបីតិចឬច្រើន ត្រូវតែជួយសម្រួល ពិសេសក្នុងអំឡុងពេលពិបាក ក្នុងនោះវិស័យផ្សេងៗជាច្រើនទៀតក៏យើងចូលរួមចំណែកជួយផងដែរ [......]។ នេះជាការចូលរួមចំណែកររបស់រដ្ឋ ក្នុងការជួយទៅលើវិស័យឯកជន៕