(កំពង់ស្ពឺ)៖​ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានថ្លែងថា ការទាញយករ៉ែនៅក្នុងស្រុក ដើម្បីអភិវឌ្ឍន៍ប្រទេសគឺជារឿងត្រឹមត្រូវ ព្រោះជួយបំពេញតម្រូវការចាំបាច់សម្រាប់ការសាងសង់សំណង់នានា ជាពិសេសកាត់បន្ថយការនាំចូលដែលមានតម្លៃខ្ពស់។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ចំពោះមុខអង្គពិធី សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ថ្ម ស៊ីម៉ងតិ៍ ក្នុងការសាងសង់ផ្ទះសម្បែង អគារនាន ាដូច្នេះការទាញយករ៉ែនៅក្នុងស្រុកជាការត្រឹមត្រូវ ហើយក៏មិនមែនមានតែកម្ពុជាដែលធ្វើបែបនេះ ប្រទេសនៅក្នុងអាស៊ីស្ទើរតែទាំងអស់ បាននិងកំពុងធ្វើសកម្មភាពបែបនេះដូចគ្នា ដើម្បីអភិវឌ្ឍប្រទេសរៀងៗខ្លួន។

សម្ដេចបវរធិបតី បានថ្លែងដូច្នេះថា៖ «យើងមានជម្រើសពីរ, ជម្រើសមួយនាំចូលទាំងអស់ ស៊ីម៉ងតិ៍មួយប៉ាវក៏នាំចូលដែរ ប៉ុន្តែសំណួរសួរថាថ្លៃផ្ទះមួយឡើងប៉ុន្មាន?..ហើយលុយជាតិយកមកពីណា? ដូច្នេះយើងត្រូវសន្សំសំចៃ អ៊ីចឹងការទាញយករ៉ែធនធាននៅក្នុងប្រទេស ដើម្បីបម្រើទៅឱ្យការអភិវឌ្ឍប្រទេស គឺមានផលប្រយោជន៍ច្រើន ហើយគ្មានប្រទេសណាមួយមិនយកនោះទេ ប៉ុន្តែត្រូវយកដោយការទទួលខុសត្រូវ យកដោយមានគោលការណ៍ច្បាស់លាស់ សិក្សាពីផលប៉ះពាល់ច្បាស់លាស់»

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ផលប្រយោជន៍ដែលយើងយកបានពីរ៉ែ មានច្រើនដូចជា ជួយកាត់បន្ថយការនាំចូល, វត្ថុសម្រេចមួយចំនួនអាចផ្គត់ផ្គង់ក្នុងស្រុក តួយ៉ាងដូចជាស៊ីម៉ងតិ៍, ជួយផ្ដល់ការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន (បច្ចុប្បន្ន អ្នកធ្វើការក្នុងវិស័យរ៉ែមានប្រមាណជាង ១០៣,០០០នាក់) និងរដ្ឋអាចរកចំណូលបានជាសួយសារអាករ (ក្នុង២០២០ សួយសារកម្ពុជាប្រមាណ ២០,៥៤លានដុល្លារ ខណៈក្នុងឆ្នាំ២០២៤ កើនឡើងជិត១០០លានដុល្លារ)។

សម្ដេច បានសង្កត់ធ្ងន់ថា នៅពេលដែលរដ្ឋអាចរកចំណូលបានច្រើន ចំណូលទាំងនោះនឹងបម្រើដល់វិស័យទាំងអស់ក្នុងប្រទេស ទាំងបៀរវត្សរ៍មន្ត្រីរាជការ ការងារសង្គម វិស័យសុខាភិបាល​ ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខ៕