(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ បានណែនាំទៅ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក កែវ រតនៈ រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល ពិនិត្យ និងសិក្សា ពីការបូមយកខ្សាច់នៅផ្នែកខាងលើទន្លេមេគង្គ ត្រង់តំបន់ខេត្តក្រចេះ និងខេត្តកំពង់ចាម ដើម្បីទប់ស្កាត់ការបាក់ច្រាំងផ្នែកខាងក្រោម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍ របស់ក្រុមហ៊ុនខនស៍ ខេធី ស៊ីមេន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនោះ សម្តេចបវរធិបតី បានណែនាំដល់រដ្ឋមន្រ្តីទាំង២រូប សិក្សាបន្ថែមជាមួយវិស័យឯកជន ចាត់ចែងគិតគូរបូមខ្សាច់នៅផ្នែកទន្លេមេគង្គលើ ត្រង់ភូមិសាស្រ្តខេត្ត ក្រចេះ និងខេត្តកំពង់ចាម ព្រោះនៅផ្នែកខាងលើនោះមានដីដុះច្រើន។ ដីដុះច្រើននៅ នៅមេគង្គលើនេះ បានធ្វើឱ្យមានការប្រែប្រួលចរន្តទឹក ដែលបណ្តាលឱ្យមានការបុកច្រាំងបាក់នៅផ្នែកខាងក្រោម ត្រង់ចំណុចស្ទឹងត្រង់ ដែលបានបញ្ហានេះ ធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំង។
សម្តេចបវរធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សូមឱ្យឯកឧត្តម កែវ រតនៈ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន កោះប្រជុំអន្តរក្រសួងមួយ ដើម្បីវាយតម្លៃ ហើយពិនិត្យមើលគួរប្រើរូបមន្តណា ជាពិសេសរូបមន្ត PPP ឬមួយរូបមន្តជាមួយវិស័យឯកជនកម្រិតណា ដើម្បីជួយគ្នា ដើម្បីមានលំនឹង ជាជាងយើងទៅរកលុយរបស់យើង ឬយើងទៅខ្ចីលុយគេសុទ្ធយកមកធ្វើ គ្រាន់តែបូមខ្សាច់ហ្នឹង។ យើងអាចមើលមើលរូបមន្តកម្រិតណាមួយ ព្រោះខ្សាច់ហ្នឹងក៏មានផលសេដ្ឋកិច្ចដែរ គ្រាន់តែវាឆ្ងាយ វាថ្លៃនៅក្នុងការដឹកជញ្ជូន»។
ជាមួយគ្នានេះ សម្តេច ថែមទាំងបានបានណែនាំដល់ ក្រសួងរ៉ែ និងថាមពល និងក្រសួងធនធានទឹក ពិនិត្យ និងគ្រប់គ្រងឱ្យបានច្បាស់លាស់ទៅលើក្រុមហ៊ុន បូមខ្សាច់ ដែលកំពុងធ្វើអាជីវកម្ម ដើម្បីជៀសវាងការបូមខុសកន្លែង និងខុសបច្ចេកទេសដែលនាំឱ្យបាក់ដី ប៉ះពាល់ដល់ប្រជាពលរដ្ឋនៅតាមដងទន្លេនានា។ យ៉ាងនេះក្តី សម្តេចកត់សម្គាល់ថា ២ឆ្នាំមកនេះ ក្រសួងបានពិនិត្យ និងទាញបញ្ចូលក្រុមហ៊ុនដែលគ្មានអាជ្ញាបណ្ណបានច្រើន ឱ្យចូលគន្លងច្បាប់បានច្រើន ព្រមទាំងបានអនុវត្តតាមគោលការណ៍ជាច្រើនផងដែរ៕