(ភ្នំពេញ)៖ ដោយទទួលបានគោលការណ៍អនុញ្ញាតពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) លោក គង់ វិមាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ក.អ.ក. និងធនាគារ អេស៊ីលីដា ភីអិលស៊ី ស្តីពីការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP ដើម្បីប្រមូលចំណូលសេវាសាធារណៈ។
ពិធីនេះបានធ្វើឡើងនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានហត្ថលេខីដោយលោក ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា ភីអិលស៊ី និងមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារ អេស៊ីលីដា ភីអិលស៊ី ជាច្រើនរូបផងដែរ។
បើតាមលោក ហ៊ាង សុទ្ធាយុត្តិ ចុះអនុស្សរណៈនៃការយោគយល់គ្នានេះបានស្តែងឱ្យឃើញពីការបោះជំហានទៅពង្រឹង ភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន តាមរយៈកិច្ចសហប្រតិបត្តិការពីធនាគារ អេស៊ីលីដា ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រឹងអភិបាលកិច្ច បង្កើនល្បឿនឌីជីថលលូបនីយកម្ម លើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ព្រមទាំងផ្តល់ជម្រើសដ៏សំបូរ បែបដល់អ្នកស្នើសុំសេវាសាធារណៈរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការទូទាត់ប្រាក់កម្រៃសេវា។
លោក ហ៊ាង សុទ្ធាយុត្តិ បានគូសបញ្ជាក់ដែរថា ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវចាប់ផ្តើមអភិវឌ្ឍនៅអំឡុងចុងឆ្នាំ២០២៣ ដោយមានការចូលរួមផ្នែកបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ពីធនាគារ អេស៊ីលីដា។ ក្រោមកិច្ចសហការរួមគ្នា ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ស្របពេលគ្នានឹងការដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM។
លោក ហ៊ាង សុទ្ធាយុត្តិ បានបន្ថែមថា ការប្រមូលចំណូលតាមប្រព័ន្ធទូទាត់ប្រាក់រួមនេះនឹងបង្កើនភាពងាយស្រួល និងផ្តល់ទំនុកចិត្តដល់អ្នកទទួលសេវាសាធារណៈ ដោយប្តូរពីការបង់ជាសាច់ប្រាក់ផ្ទាល់ មកធ្វើ តាមប្រព័ន្ធធនាគារពីគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ក្នុងរយៈពេល ៩ខែ គិតចាប់ពីខែសីហា ឆ្នាំ២០២៤ ដល់ខែមេសា ឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការប្រមូលចំណូលសេវាសាធារណៈជាមួយធនាគារ អេស៊ីលីដា តាមរយៈ cdcOSP បានចូលរួមប្រមូលចំណូលប្រមាណ ៥,៧ពាន់លានរៀល ស្មើនឹងប្រមាណជា ៣៥% នៃចំណូលពីសេវាសាធារណៈ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
នាឱកាសនោះដែរលោកបណ្ឌិត អ៊ិន ចាន់នី បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្ត និងជ្រើសរើសធនាគារ អេស៊ីលីដា ជាធនាគារខ្មែរ សម្រាប់ដំណើរការ ការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីផ្តល់នូវមធ្យោបាយជូនដល់វិនិយោគិន អាចធ្វើការបង់កម្រៃសេវាសាធារណៈ តាមរយៈខេអេចស្បូអរ (KHQR) គណនី អេស៊ីលីដា និង International Card បានកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។
លោកបណ្ឌិត អ៊ិន ចាន់នី ក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈពិធីចុះអនុស្សរណៈនេះនឹងផ្តល់លក្ខណៈងាយស្រួល ក្នុងការរួមចំណែក និងជំរុញដល់ការវិនិយោគរបស់វិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត និងដើម្បីបង្កើតការងារជូនដល់បងប្អូនប្រជាពលរដ្ឋ បង្កើនភាពប្រកួតប្រជែង ធ្វើពិពិធកម្ម និងជំរុញកំណើនសេដ្ឋកិច្ចជាតិកម្ពុជា។
សូមជម្រាបជូនថា ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមថ្នាលទិន្នន័យវិនិយោគកម្ពុជា cdcIPM Hub។ ប្រព័ន្ធ cdcOSP នេះត្រូវបានរៀបចំឡើងដើម្បីចូលរួមប្រមូលចំណូលសេវាសាធារណៈរបស់ ក.អ.ក. ដែលផ្តល់លទ្ធភាពឱ្យប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងប្រព័ន្ធផ្តល់សេវាសាធារណៈផ្សេងៗទៀតរបស់ ក.អ.ក. ធ្វើការទូទាត់ប្រាក់ក្នុងនិងឆ្លងធនាគារតាមរយៈ Bakong KHQR របស់ធនាគារជាតិនៃកម្ពុជា និងតាមរយៈកម្មវិធីធនាគារចល័ត Mobile Banking ព្រមទាំងផ្តល់លទ្ធភាពធ្វើការទូទាត់ប្រាក់តាមប្រព័ន្ធអន្តរជាតិដូចជា VISA និង MasterCard ផងដែរ៕