(ព្រះសីហនុ)៖ លោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការ ក្រសួងមុខងាសាធារណៈ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា រយៈពេល២ថ្ងៃក្នុងកិច្ចប្រជុំត្រៀម កិច្ចសហប្រតិបត្តិការអាស៊ាន ស្ដីពីកិច្ចការមុខងារសាធារណៈ ទទួលបានលទ្ធផលល្អ ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» ហើយកម្ពុជាបន្តដឹកនាំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២៣ ជាមួយរបៀបវារៈចំនួន៩។
កិច្ចប្រជុំត្រៀមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២៣ 23rd ASEAN Cooperation on Civil Service Matters (ACCSM) សម្រាប់មន្រ្តីជាន់ខ្ពស់ នៃប្រទេសជាសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត បានចូលមកដល់ថ្ងៃទី២។ ថ្ងៃនេះ គឺជាកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣។
កិច្ចប្រជុំនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ ត្រូវបានរៀបចំក្រោមការដឹកនាំ និងសម្របសម្រួលដោយលោកស្រី ឈី វិជ្ជរ៉ា ក្នុងភាពជាប្រធាន ACCSM ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៩ រួមមាន១) អនុម័តតាមរបៀបវារៈ ២)ការរៀបចំធុរកិច្ច ៣) ការរៀបចំផែនទីបង្ហាញផ្លូវនៃការធ្វើជាប្រធាន ACCSM រយៈពេល ២ឆ្នាំ របស់ព្រះរាជាណាចក្រកម្ពុជា, ៤) របាយការណ៍នៃកិច្ចការប្រជុំត្រៀមសម្រាប់កិច្ចប្រជុំ ACCSM លើកទី២៣, ៥).ការធ្វើបច្ចុប្បន្នភាព លើសេចក្ដីសម្រេចពាក់ព័ន្ធនានា នៅក្នុងកិច្ចប្រជុំអាស៊ានដទៃទៀត, ៦) ការធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាព នៃបណ្តាញគ្រឹះស្ថាន បណ្ដុះបណ្ដាល មុខងារសាធារណៈអាស៊ាន (PSTI), ៧) ការពិភាក្សាលើសេចក្តីប្រកាសរបស់អាស៊ានស្តីពីត្រៀមលក្ខណៈ សម្រាប់អនាគត លើវិស័យមុខងារសាធារណៈ, ៨) ការពិភាក្សាលើប្រធានបទផ្សេងៗ, និង៩) ការពិភាក្សា និងអនុម័តលើរបាយការណ៍ នៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ACCSM លើកទី២៣។
សូមជម្រាបថា បន្ទាប់ពីកិច្ចប្រជុំព្រឹកនេះ ប្រតិភូមន្ត្រីជាន់ខ្ពស់អាស៊ាន នឹងចូលរួមក្នុងដំណើរទស្សនកិច្ចទៅកោះរ៉ុង ដែលជាកោះដ៏ស្រស់ស្អាតមួយក្នុងចំណោមកោះដ៏ស្រស់ស្អាតជាច្រើនទៀតនៅលើទឹកដី នៃខេត្តព្រះសីហនុ៕