(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា តាមរយៈ ភស្តុតាងជាអន្តរជាតិបង្ហាញថា ប្រជាជនដែលមានការអប់រំខ្ពស់ មានសុខភាពល្អ មានសីលធម៌ មានសុភមង្គលក្នុងគ្រួសារ គឺ«ជាទ្រព្យសកម្ម និងមិនមែនជាបន្ទុក របស់សង្គមជាតិ»នោះឡើយ ហេតុដូច្នេះហើយ រដ្ឋាភិបាលបានផ្តល់អទិភាព និងវិភាជថវិកាយ៉ាងច្រើនសម្រាប់ការកសាងមូលដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធអប់រំនៅកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ។
សម្តេចមហាបវរធិបតី បានថ្លែងថា រដ្ឋាភិបាលបានផ្តល់អទិភាពខ្ពស់ចំពោះវិស័យអប់រំនៅក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសារការអប់រំបណ្តុះបណ្តាលធនធានមនុស្សឱ្យមានចំណេះដឹង ជំនាញច្បាស់លាស់ សីលធម៌ និងវិជ្ជាជីវៈអាចធានានូវប្រសិទ្ធភាព បរិយាបន្ន និងចីរភាព នៃការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច។ លើសពីនេះ ការអប់រំ មិនត្រឹមតែបង្កើតធនធានមនុស្សសម្រាប់ការអភិវឌ្ឍន៍ជាតិប៉ុណ្ណោះទេ ប៉ុន្តែវិស័យនេះបានបង្កើតនូវផលប្រយោជន៍ជាច្រើន សម្រាប់កម្ពុជា រួមទាំងផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ សម្រាប់អ្នកទទួលបានការអប់រំបណ្តុះបណ្តាល និងផលប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល។
សម្តេចមហាបវរធិបតី បន្ថែមថា «ចំណែកអ្នកសិក្សាសន្សំបានទ្រព្យសម្បត្តិជាចំណេះដឹង សម្រាប់មួយជីវិតដែលអាចយកទៅប្រើប្រាស់សម្រាប់អភិវឌ្ឍន៍ខ្លួនឯង និងក្រុមគ្រួសារក្រោមរូបភាពជាការងារ ការវិនិយោគ និងសហគ្រាស។ ជាមួយគ្នានេះ ការបង្កើតឱ្យមានផលប្រយោជន៍សម្រាប់សង្គមជាតិជាច្រើន ភស្តុតាងជាអន្តរជាតិបង្ហាញថា ប្រជាជនដែលមានការអប់រំខ្ពស់, មានសុខភាពល្អ, មានសីលធម៌, មានសុភមង្គលក្នុងគ្រួសារ, និងជាទ្រព្យសកម្ម និងមិនមែនជាបន្ទុក របស់សង្គមជាតិ»។
សម្តេចមហាបវរធិបតីគូសបបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលវិភាជថវិកាយ៉ាងច្រើនសម្រាប់ការកសាងមូលដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធអប់រំដែលមានជាអាទិ៍ គ្រឹះស្ថានឧត្តមសិក្សា មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស សាលារៀន បណ្ណាល័យជាដើម ។ជាលទ្ធផល គ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន បាននិងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយគុណភាពនៃការអប់រំបណ្តុះបណ្តាល ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានឆ្លុះបញ្ចាំងនូវការកើនឡើងនូវចំនួនសិស្សនិស្សិតកម្ពុជាចូលរួម និងទទួលបានជ័យលាភី លើការប្រកួតប្រជែងសមត្ថភាព មុខជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាទាំងនូវកម្រិតតំបន់ និងអន្តរជាតិ៕