(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានថ្លែងថាអ្នកសិក្សាសន្សំបាន «ទ្រព្យសម្បត្តិជាចំណេះដឹងមិនចេះរីងស្ងួត» សម្រាប់មួយជីវិត ដែលអាចយកទៅប្រើប្រាស់សម្រាប់អភិវឌ្ឍខ្លួនឯង និងក្រុមគ្រួសារ ក្រោមរូបភាពជាការងារ, ការវិនិយោគ ឬសហគ្រិនភាព ជាពិសេសការអប់រំបង្កើតឱ្យមានផលប្រយោជន៍សម្រាប់សង្គមជាតិជាច្រើន។
ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ។
ថ្លែងទៅកាន់អង្គពិធី, សម្ដេចនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់និស្សិត គុរនិស្សិតទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ក្នុងបេសកកម្មសម្រេចបាននូវគោលដៅរួមក្នុងវិស័យអប់រំ ការកសាងធនធានមនុស្ស ដែលមានចំណេះទូលំទូលាយ ជំនាញពិតប្រាកដ និងឥរិយាបថល្អ សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងចីរភាព តាមរយៈការពង្រឹងនវានុវត្តន៍ ពិពិធភាព និងភាពប្រកួតប្រជែង។
ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី មានសង្ឃឹមមុតមាំថានិស្សិត គរុនិស្សិតទាំងអស់ នឹងខិតខំពុះពារជម្នះរាល់ឧបសគ្គ ដើម្បីកសាងខ្លួនឱ្យសក្តិសមជាពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ ដោយប្រើនូវចំណេះ និងជំនាញពិតប្រាកដរបស់ខ្លួន ប្រកបដោយមនសិកាវិជ្ជាជីវៈ សីលធម៌ល្អ និងការដាក់ខ្លួនបម្រើប្រជាពលរដ្ឋដោយស្មោះស ដើម្បីបុព្វហេតុជាតិ និងមាតុភូមិដ៏ថ្លៃថ្លានៃយើង។
សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «...ជាក់ស្ដែងអ្នកសិក្សាសន្សំបាន ទ្រព្យសម្បត្តិជាចំណេះដឹងមិនចេះរីងស្ងួតសម្រាប់មួយជីវិត ដែលអាចយកទៅប្រើប្រាស់សម្រាប់អភិវឌ្ឍខ្លួនឯង និងក្រុមគ្រួសារ ក្រោមរូបភាពជាការងារ ការវិនិយោគ ឬសហគ្រិនភាព។ ជាមួយគ្នានេះ ការអប់រំបង្កើតឱ្យមានផលប្រយោជន៍សម្រាប់សង្គមជាតិជាច្រើន ភស្តុតាងជាអន្តរជាតិបង្ហាញថា ប្រជាជនដែលមានការអប់រំខ្ពស់ មានសុខភាពល្អ មានសីលធម៌ មានសុភមង្គលក្នុងគ្រួសារ និងទ្រព្យសកម្ម និងមិនមែនជាបន្ទុករបស់ជាតិ»៕