(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម ក្នុងវគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារទីស្តីការក្រសួងសង្គមកិច្ច នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានលើកឡើងថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានមូលនិធិជាតិជំនួយសង្គមជាសេនាធិការ និងជាប្រតិបត្តិករទោល ក្នុងការដឹកនាំគ្រប់គ្រងការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន។
លោកបន្តថា សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និង កុមារអាយុក្រោម២ឆ្នាំ ត្រូវបានដាក់ឱ្យអនុវត្តតាំងពីឆ្នាំ២០១៩ ដោយស្ថិតក្រោមការដឹកនាំ និងគ្រប់គ្រង របស់ក្រសួងសុខាភិបាល លុះដើមឆ្នាំ២០២០ បានផ្ទេរមកស្ថិតក្រោមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទារហូតមកទល់បច្ចុប្បន្ន។
លោកបន្ថែមថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំនេះ គឺជាគំនិតផ្តួចផ្តើម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បានបន្តពង្រីកវិសាលភាព និងអត្រាប្រាក់ឧបត្ថម្ភកម្មវិធី ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះផងដែរ លោក ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម នៅក្នុងវគ្គបណ្តុះបណ្តាល បានលើកឡើងថា
បច្ចុប្បន្ននេះ មូលនិធិជាតិជំនួយសង្គម សម្រេចបាននូវសៀវភៅប្រតិបត្តិគោលកម្មវិធី និងបានធ្វើការឯកភាពជាមួយក្រុមប្រឹក្សាជាតិ គាំពារសង្គម លើសេចក្តីព្រាងអនុក្រឹត្យចុងក្រោយ ស្តីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមាន ផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ ដើម្បីគោរពស្នើសុំការពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជាកម្មវិធីរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងអនុវត្តដោយពីរស្ថាប័នផ្សេងគ្នា គឺ (ទី១)អនុវត្តដោយមូលនិធិជាតិជំនួយសង្គម ដែលផ្តល់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ស្ថិតក្នុងគ្រួសារមានបណ្ណសមធម៌ និង (ទី២) អនុវត្ត ដោយបេឡាជាតិសន្តិសុខសង្គម គឺផ្តល់ជូនសមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ។ ជាមោទនភាពសម្រាប់ អាណត្តិទី៧នេះ គឺរាជរដ្ឋាភិបាលបានគ្រោងនឹងអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមាន ផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ ក្នុងពេលដ៏ឆាប់ខាងមុខនេះ ក្នុងគោលបំណង រួមចំណែកលើកកម្ពស់សុខុមាលភាពមាតា និងទារកព្រមទាំងដោះស្រាយកង្វះអាហារូបត្ថម្ភ ចាប់ពីទារក នៅក្នុងផ្ទៃដល់កុមារអាយុ ២ឆ្នាំ នៅក្នុងពន្ធនាគារ ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។ សម្រាប់អត្រាឧបត្ថម្ភដែលផ្តល់ជូន គឺដូចគ្នាទៅនឹងអត្រាឧបត្ថម្ភ របស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ សម្រាប់គ្រួសារមានបណ្ណសមធម៌ផងដែរ៕