(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានឱ្យដឹងថា អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បាននិងកំពុងពិនិត្យគម្រោងអាទិភាពទាំងឡាយរបស់តំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យទៅជារបៀងសេដ្ឋកិច្ច។
ការថ្លែងបែបនេះរបស់លោក បានថ្វើឡើងក្នុងកិច្ចប្រជុំជីវភាពអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) នៅទីស្ដីការក្រសួង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។
ចំពោះមុខអង្គពិធី, ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីជំរុញបន្ថែមទៀតនូវការអនុវត្តគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្លាយជារបៀងសេដ្ឋកិច្ចដ៏មានសក្តានុពល ជាកន្លែងបង្កើតការងារ និងជាកន្លែងសំរាប់បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាអ្វីដែលយើងខិតខំប្រឹងប្រែងគិតគូរនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋនៅតំបន់ឆ្នេរបានមើលឃើញយ៉ាងច្បាស់ ពីភាពរីកចម្រើនពិតប្រាកដដែលមិនមែនគ្រាន់តែនិយាយ ប៉ុន្តែជាការអនុវត្តជាក់ស្ដែង ហើយនោះគឺអ្វីដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាល ដែលចង់ឃើញប្រជាពលរដ្ឋរស់នៅមានសុភមង្គលជួបជុំក្រុមគ្រួសារ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ មានសុខភាពល្អ មានប្រាក់ចំណូល មានជីវភាពប្រសើរឡើង និងរស់នៅក្នុងបរិស្ថានស្អាត ជាពិសេសគឺចង់ឱ្យតំបន់ឆ្នេរសំបូរទៅដោយធនធានមនុស្ស ដែលមានចំណេះដឹងនិងភាពវាងវៃ ជាគោលដៅដ៏គួរឱ្យចាប់អារម្មណ៍សំរាប់អ្នកវិនិយោគគ្រប់ទិសទី។
តាមរយៈកិច្ចប្រជុំនេះ លោកប្រធាន បានណែនាំនិងជំរុញដល់ គ.អ.ឆ.ក ឱ្យមានការឯកភាពគ្នា ដើម្បីស្វែងរកនូវទស្សនវិស័យរួម ដោយពិនិត្យឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាដែលត្រូវធ្វើ ពោលគឺទឹក ភ្លើង ផ្លូវ រួមទាំងគម្រោងអាទិភាពទាំងឡាយរបស់តំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងស្មារតីប្រែក្លាយតំបន់ឆ្នេរឱ្យទៅជារបៀងសេដ្ឋកិច្ច ស្របទៅតាមសក្ដានុពលដែលមាន៕