(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបង្ហាញការកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពពិភពលោកបានបន្តវិវត្តស្មុគស្មាញ ប្រែប្រួលឆាប់រហ័ស ពិបាក​ប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់ ដោយសារតែការប្រកួតប្រជែង​កាន់តែ​តានតឹងឡើងរវាងមហាអំណាចធំៗ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងឱកាសគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លទ្ធផលនៃការងារការបរទេសរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ» នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពពិភពលោកបានបន្តវិវត្តតាមលក្ខណៈស្មុគស្មាញប្រែប្រួលឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់ស្រាប់ទៅហើយ ដោយសារតែការប្រកួតប្រជែងកាន់តែតានតឹងឡើងរវាងមហាអំណាចធំៗនៃពិភពលោក ជាពិសេសការប្រកួតប្រជែងរវាងអាម៉េរិក និងចិន។ ព្រមជាមួយនេះ នៅមានការប្រឈម ជាច្រើនដែលបង្កឡើងដោយបញ្ហាសន្តិសុខប្រពៃណី (តួយ៉ាងសង្គ្រាមនៅអ៊ុយក្រែន នៅហ្គាហ្សា ជម្លោះប្រដាប់អាវុធនៅតំបន់កាស្មៀរ ការគំរាមកំហែងនុយក្លេអ៊ែរ...) និងបញ្ហាសន្តិសុខមិនប្រពៃណី (ដូចការប្រែប្រួលអាកាសធាតុ ឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្ម Cyber ជាដើម)។ ទាំងប្រទេសតូច-ធំ ឬជាអំណាចកណ្តាលសុទ្ធតែត្រូវបង្ខំចិត្តពិចារណាឡើងវិញ កែសម្រួលជំហរយុទ្ធសាស្ត្រ នយោបាយការបរទេស នយោបាយសេដ្ឋកិច្ច សន្តិសុខ ដើម្បី ការពារផលប្រយោជន៍គោលរបស់ជាតិរៀងៗខ្លួន។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងទៀតថា នៅចំពោះមុខស្ថានភាពនេះ កម្ពុជាដែលជាប្រទេសតូចនិងខ្សោយនៅឡើយខាងសេដ្ឋកិច្ច មានការចាំបាច់ក្នុងការពិចារណា រៀបចំកែសម្រួល តម្រែតម្រង់ទិសយុទ្ធសាស្ត្រ និង នយោបាយការបរទេសរបស់ខ្លួន ដើម្បីឆ្លើយតបនឹងវិបត្តិ និងការប្រឈមដែលកាន់តែ ស្មុគស្មាញទៅៗ។

លោកបានបន្ថែមថា នាដើមខែមិនាថ្មីៗនេះ ក្នុងសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ក្រសួងការបរទេសបានសម្រេច ពិនិត្យ និងរៀបចំឡើងវិញនូវការងារធំៗទាំងឡាយដែលចាប់តាំងពីឆ្នាំ២០១៨មក បានបម្រើជាមគ្គុទ្ទេសន៍សម្រាប់ការងារការទូតរបស់យើង។ ការរៀបចំឡើងវិញនេះត្រូវបាន សម្តេចធិបតីនាយករដ្ឋមន្ត្រី គាំទ្រ លើកទឹកចិត្ត និងផ្តល់អនុសាសន៍បន្ថែម ដើម្បីការពារដោយម៉ឺងម៉ាត់បំផុតនូវអធិបតេយ្យជាតិ បូរណភាពទឹកដី ឯករាជ្យនយោបាយ ការពារនិងលើក ស្ទួយមុខមាត់កិត្យានុភាព ផលប្រយោជន៍គោលរបស់ជាតិ និងពលរដ្ឋកម្ពុជា។ អាទិភាពរបស់ក្រសួងនឹងផ្តោតទៅលើការពង្រឹងទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ និងការពង្រីកទំនាក់ទំនងថែមទៀតជាមួយដៃគូថ្មីតាមទិសស្លោក «ពង្រីកមិត្តខាងក្រៅ កែទម្រង់ខាង ក្នុងដោយឈរលើស្មារតីឯករាជ្យ» និងដោយ «ប្រកាន់នយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់អន្តរជាតិ»។ កម្ពុជានឹងបន្តគាំទ្រ និងចូលរួមវិភាគទាន តាមច្រើនបំផុតដែលអាចធ្វើទៅបាន ក្នុងការពង្រឹងពហុភាគីនិយម សណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ រួមចំណែកដល់សន្តិភាពនៅលើពិភពលោក និងពង្រីកកិច្ចសហប្រតិបត្តិការតំបន់ និង អន្តរជាតិ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិយើងលើឆាកអន្តរជាតិ។

បើតាមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កម្ពុជាក៏នឹងបន្តចូលរួមយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ាន ពង្រឹងមជ្ឈភាព សាមគ្គីភាព ឯកភាព អាស៊ាន និងដើរតួនាទីជាសមាជិកដ៏សកម្មបំផុតមួយរបស់អាស៊ាន។ អ្នកការទូតរបស់យើងនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ការពារ និងលើកស្ទួយកិត្យានុភាពជាតិ តាមរយៈការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ ក៏ដូចជាការទូតសាធារណៈ ដែលក្រសួងទើបបង្កើតថ្មី។ កំណែទម្រង់ផ្ទៃក្នុងក៏នឹងត្រូវបន្ត គុណភាព សមត្ថភាព កម្រិតវិជ្ជាជីវៈ និងភាពវៀងវៃរបស់អ្នកការទូតយើងក្នុងការពិគ្រោះយោបល់ ចរចា បកស្រាយ ការពារនយោយបាយ និងជំហររបស់រដ្ឋាភិបាលយើងនឹងត្រូវសម្រួចថែមទៀត ដើម្បីសម្រេចនូវបេសកកម្មដ៏ថ្លៃថ្នូរខាងលើនេះ៕