(ភ្នំពេញ)៖ ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានបន្តពុះពារយ៉ាងស្វាហាប់ ក្នុងការផ្តល់សេវាជូនសមាជិកក្រុមប្រឹក្សារដ្ឋបាលថ្នាក់មូលដ្ឋាន។ ការកសាងសមត្ថភាពសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតនៅតាមមូលដ្ឋានមានសារៈសំខាន់ជាសារវន្ត ពីព្រោះសមាជិកក្រុមប្រឹក្សាដើរតួនាទីដោយផ្ទាល់ ក្នុងការផ្តល់សេវា ប្រចាំថ្ងៃជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ការសម្រេចចិត្តលើផែនការអភិវឌ្ឍ និងសេវាសាធារណៈ។

នេះជាការលើកឡើងរបស់លោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ថ្លែងក្នុងពិធីបើកមហាសន្និបាតអាណត្តិទី៤ របស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ឌី សុកផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមទីប្រឹក្សាបច្ចេកទេសនៃក្រសួងមហាផ្ទៃគាំទ្រសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងលោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងលោក ប៊ុន វុទ្ធា អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងសមូហភាពដែនដីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងលោក លោកស្រីតំណាងដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល និងសមាជិក សមាជិកា ចំនួន ៣២១នាក់ នាសណ្ឋាគារភ្នំពេញ ។

លោក សយ សកុសល បានថ្លែងបន្តថា សម្ព័ន្ធភាពជាតិឃុំ សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ជាសមាគមរដ្ឋបាលមូលដ្ឋាន ដែលតំណាងឲ្យសំឡេង និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ នៅកម្ពុជា។

ផ្អែកលើបទពិសោធន៍ និងសមិទ្ធផលដែលសម្រេចបានដោយសម្ព័ន្ធភាពជាតិឃុំ សង្កាត់ មហាសន្និបាតពង្រីកសម្ព័ន្ធភាពជាតិ ត្រូវបានរៀបចំឡើងនៅថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០១៤ ដោយបញ្ចូលក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ បង្កើតបានជា «សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃព្រះរាជជាណាចក្រកម្ពុជា» ហៅកាត់ថា «សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន»

សម្ព័ន្ធភាពជាតិ ត្រូវបានបង្កើតឡើងតាមរយៈការប្រមូលផ្តុំដោយស្ម័គ្រចិត្តនូវសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដើម្បីអនុវត្តសកម្មភាពក្នុងបំណងការពារ និងបម្រើផលប្រយោជន៍រួមរបស់សមាជិក និងលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់ប្រជាជន ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងផ្អែកតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ នៅក្នុងការបំពេញការងាររបស់ខ្លួន សម្ព័ន្ធភាពជាតិមានផែនទីបង្ហាញផ្លូវជាក់លាក់របស់ខ្លួន ដោយបានដាក់ចេញផែនការយុទ្ធសាស្ត្រជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០០៧ រហូតមក ។

លោក សយ កុសល បានបញ្ជាក់ថា សម្រាប់អាណត្តិទី៤នេះ សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានរៀបចំរួចរាល់នូវផែនការយុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំ លើកទី៤ (២០២៥-២០២៩) សម្រាប់តម្រង់ទិសការដឹកនាំ ការគ្រប់គ្រង និងការអនុវត្តតួនាទី ភារកិច្ច និងមុខងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ផែនការយុទ្ធសាស្ត្រ បានកំណត់ចក្ខុវិស័យ គោលបំណង គោលដៅយុទ្ធសាស្ត្រ និងសកម្មភាពជាអាទិភាពនានាដែលសម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានត្រូវអនុវត្តប្រកបដោយភាពជាម្ចាស់ ដើម្បីធានាបាននូវនិរន្តរ ភាពការងារ និងការរួមចំណែកអនុវត្តគោលនយោបាយ និងវិធានការគន្លឹះនានារបស់ រាជរដ្ឋាភិបាល។

យោងតាមរបាយការណ៍របស់សម្ព័ន្ឋភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានបង្ហាញផែនការយុទ្ធសាស្ត្រអាណត្តិថ្មីនេះ និងបានកំណត់យុទ្ធសាស្ត្រធំៗ ចំនួន៩ រួមមាន៖

*(១) ការអភិវឌ្ឍស្ថាប័នសម្ព័ន្ធភាពជាតិ និងសមាគមក្រុមប្រឹក្សាថ្នាក់មូល ដ្ឋាន
* (២) ចីរភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធភាពជាតិ
* (៣) ការលើកកម្ពស់ការអនុវត្តបច្ចេក វិទ្យាឌីជីថល
* (៤) ការងារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ
* (៥) ការអភិវឌ្ឍសមត្ថភាព
* (៦) ការតស៊ូមតិដើម្បីប្រយោជន៍របស់ក្រុមប្រឹក្សា
* (៧) ការផ្តល់សេវាបន្ថែមដល់ ក្រុមប្រឹក្សា ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)
* (៨) ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដោយផ្សារភ្ជាប់នឹងការប្រែប្រួលអាកាសធាតុ និង
* (៩) ការលើកកម្ពស់ស្ត្រីនៅក្នុងវិស័យនយោបាយនៅមូលដ្ឋាន។

នៅក្នុងយុទ្ធសាស្ត្រនីមួយៗ បានកំណត់សកម្មភាពជាអាទិភាពដែលត្រូវរៀបចំ និងអនុវត្ត ដើម្បីធានាដល់ការសម្រេចបានគោលដៅ គោលបំណង និងចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រនេះ។ នៅក្នុងផែនការយុទ្ធសាស្ត្រនេះ សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ផ្តល់អាទិភាពលើការផ្តល់សេវាស្នូលរបស់ខ្លួន គឺកសាងសមត្ថភាពសមាជិក តាមរយៈការបណ្តុះបណ្តាល ការបង្ហាត់បង្ហាញ ការពិគ្រោះយោបល់ វេទិកា និងការរៀនសូត្របទ ពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីឱ្យក្រុមប្រឹក្សាអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព និងមានគណនេយ្យភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយកំណត់យកអាទិភាពជាគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិទ្យាឌីជីថល ដែលជាមធ្យោបាយដ៏សំខាន់ក្នុងការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ផែនការយុទ្ធសាស្ត្រ សម្រាប់អាណត្តិទី៤នេះ នឹងត្រូវដាក់ជូនក្រុមប្រឹក្សាជាតិ ពិនិត្យ ពិភាក្សា និងអនុម័ត នៅក្នុងកិច្ចប្រជុំរបស់ខ្លួននាព្រឹកស្អែកនេះ។

នៅក្នុងអាណត្តិទី៣ កន្លងមកនេះ ទោះបីជាជួបប្រទះនឹងបញ្ហាប្រឈមជាសាកល ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្គ្រាមនៅតាមតំបន់ខ្លះក្តី ក៏សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានបន្តពុះពារយ៉ាងស្វាហាប់ ក្នុងការផ្តល់សេវាជូនសមាជិកក្រុមប្រឹក្សារដ្ឋបាលថ្នាក់មូលដ្ឋាន។

ការកសាងសមត្ថភាពសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតនៅតាមមូលដ្ឋានមានសារៈ សំខាន់ជាសារវន្ត ពីព្រោះសមាជិកក្រុមប្រឹក្សាដើរតួនាទីដោយផ្ទាល់ក្នុងការផ្តល់សេវា ប្រចាំថ្ងៃជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់គាត់។ សមាជិកក្រុមប្រឹក្សា ធ្វើការសម្រេចចិត្តលើថវិកា ផែនការអភិវឌ្ឍន៍ និងសេវាសាធារណៈ។ ការកសាងសមត្ថភាព ជួយគាត់ឱ្យយល់អំពីក្របខ័ណ្ឌច្បាប់ ការគ្រប់គ្រងហិរញ្ញវត្ថុ និងគោលការណ៍អភិបាល កិច្ចល្អ។ សមាជិកក្រុមប្រឹក្សា ដែលទទួលបានការកសាងសមត្ថភាព បំពេញការងារ ប្រកបដោយប្រសិទ្ធភាព មានតម្លាភាព មានគណនេយ្យភាព គោរពតាមក្រមសីលធម៌ វិជ្ជាជីវៈ និងបង្កើនទំនុកចិត្តសាធារណៈ។

ចាប់តាំងពីសម្ព័ន្ធភាពជាតិ បង្កើតតាំងពីឆ្នាំ២០០៦ មក សម្ព័ន្ឋជាតិថ្នាក់មូលដ្ឋាន តែងតែផ្តល់អាទិភាពខ្ពស់លើការ កសាងសមត្ថភាពសមាជិករបស់សម្ព័ន្ធភាពជាតិ ក្រោមរូបភាពជាការបណ្តុះបណ្តាល ការចុះប្រឹក្សាយោបល់ផ្ទាល់ជាមួយសមាជិក សិក្ខាសាលា ទស្សនកិច្ចសិក្សា។ ជាក់ស្តែង បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានសហការជាមួយសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ដើម្បីផ្តល់ការបណ្តុះបណ្តាលជូនសមាជិក ដែលបានជាប់ឆ្នោតថ្មី នៅទូទាំងប្រទេស។

តាមរយៈវេទិកា បញ្ហាជាក់ស្តែងជាច្រើនត្រូវបានដោះស្រាយនៅនឹងកន្លែងផ្ទាល់ ហើយសំណូមពរមួយចំនួន ត្រូវបានដាក់ជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យដោះស្រាយ។

សមិទ្ធផលគួរឱ្យកត់សម្គាល់ ដែលទទួលបានមកពីការតស៊ូមតិនេះ គឺលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានលើកយកសំណូមពររបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ មានជាអាទិ៍៖

*១- ការផ្តល់ប្រាក់សោធននិវត្តន៍សម្រាប់សមាជិកក្រុមប្រឹក្សាដែលបានជាប់ឆ្នោតលើសពីបីអាណត្តិឡើង
*២- ការផ្តល់ប្រាក់លំហែមាតុភាពសម្រាប់សមាជិកក្រុម ប្រឹក្សាជាស្ត្រី
*៣- ការតម្លើងប្រាក់ឧបត្ថម្ភប្រចាំខែដល់មេភូមិ អនុភូមិ និងជំនួយការ ភូមិនៅទូទាំងប្រទេស ដាក់ជូនវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

នាឱកាសនេះ លោក ឌី សុកផាន បានផ្តល់អនុសាសន៍ដល់អង្គមហាសន្និបាតថា សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បីពិនិត្យ ពិភាក្សា អនុម័តលើកិច្ចការមួយចំនួន ដូចខាងក្រោម៖

*១- ពិភាក្សា អនុម័តរបាយការណ៍ រយៈពេល ៥ឆ្នាំ
*២- ពិភាក្សា អនុម័តលើការធ្វើវិសោធនកម្ម លក្ខត្តិកៈ បទបញ្ជាផ្ទៃក្នុង របស់សមាគមជាតិ
*៣- បោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាជាតិ និងគណៈកម្មការប្រតិបត្តិជាតិ
*៤- ពិនិត្យ និងអនុម័តផែនការយុទ្ឋសាស្ត្រ ព្រមទាំងផែនការសកម្មភាព និងថវិកា របស់សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់៕