(ត្បូងឃ្មុំ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាឱ្យចូលរួមយ៉ាងសកម្មក្នុងការការពារជីវៈចម្រុះ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។

ការអំពាវនាវនេះរបស់លោករដ្ឋមន្ត្រីបានធ្វើឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៥ ក្នុងឱកាសប្រារព្ធ «ទិវាជីវៈចម្រុះអន្តរជាតិ ប្រចាំឆ្នាំ២០២៥» ក្រោមប្រធានបទ «សុខដុមនីយកម្មជាមួយធម្មជាតិ និងការអភិរក្សដោយចីរភាព» នៅអនុវិទ្យាល័យហ៊ុន សែន ទួល សូភី ខេត្តត្បូងឃ្មុំ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា៖ «យើងត្រូវបន្តសាមគ្គីគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យផ្ទះរបស់យើងស្អាត មានភាពបៃតង និងមានចីរភាពរហូតទៅ ដើម្បីធានាបាននូវសុខុមាលភាពសម្រាប់ប្រជាជនគ្រប់ជំនាន់»។

ការអំពាវនាវនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការយល់ដឹងពីតម្លៃជីវៈចម្រុះ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការរស់នៅរបស់មនុស្ស ធម្មជាតិ និងសង្គម។ ជីវៈចម្រុះផ្តល់នូវសេវាសំខាន់ៗចំនួន៤ គឺ៖ សេវាផ្គត់ផ្គង់ សេវានិយ័តកម្ម សេវាវប្បធម៌ និងសេវាគាំទ្រ ដែលរួមចំណែកយ៉ាងធំធេងដល់វិស័យសេដ្ឋកិច្ច បរិស្ថាន និងទេសចរណ៍។

លោករដ្ឋមន្ត្រីក៏បានលើកឡើងពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ និងការពារចំពោះហានិភ័យនៃការបាត់បង់ជីវៈចម្រុះ។ រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយលើការបំផ្លាញទីជម្រក ដែលបង្កការគំរាមកំហែងដល់ជីវភាពរស់នៅរបស់មនុស្សជាង ១ ពាន់លាននាក់នៅទូទាំងពិភពលោក។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានគូសបញ្ជាក់ពីការការពារធនធានធម្មជាតិ និងបរិស្ថាន ជាមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាក់ស្តែង ក្រសួងបរិស្ថានបានដាក់ចេញនូវ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលផ្តោតលើមុំសំខាន់បីគឺ ភាពស្អាត ភាពបៃតង និងចីរភាព។

ក្រសួងក៏កំពុងបន្តចែកកូនឈើ កូនត្នោតដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ និងប្រជាសហគមន៍ ដើម្បីបង្កើនគម្របព្រៃឈើ និងប្រែក្លាយកម្ពុជាជាប្រទេស អព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ ក្នុងនាមជាប្រទេសហត្ថលេខី និងស្ថាប័នបង្គោលទទួលបន្ទុកអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ ការចូលរួមចំណែកពីប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងការការពារ ស្រឡាញ់ និងថែរក្សាបរិស្ថាន ដោយចាប់ផ្ដើមពីខ្លួនយើង ចាប់ផ្ដើមពីថ្ងៃនេះតទៅ គឺជាកិច្ចការដ៏ចាំបាច់បំផុត៕