(ភ្នំពេញ)៖ ក្រុមជ្រុលនិយមនៅក្រៅប្រទេស កំពុងតែប្រកូកប្រកាសស្វែងរកមនុស្ស ដើម្បីធ្វើបាតុកម្ម ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងប្រទេសជប៉ុននាចុងខែឧសភា ឆ្នាំ២០២៥។ ការប្រកូកប្រកាសរៀបចំបាតុកម្មនៅជប៉ុននេះ ត្រូវគេរំពឹងថា នឹងអាចមានលទ្ធផលដូចអ្វី ដែលពួកគេធ្លាប់បានធ្វើនៅកូរ៉េខាងត្បូងកាលពីខែមីនា ឆ្នាំ២០២៥កន្លងមកនេះ ដោយសារតែគេលែងជឿលើទង្វើបោកប្រាស់របស់ក្រុមជ្រុលនិយមនោះទៀតហើយ។ Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

ខណៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងត្រៀមបង្ហាញវត្តមានរបស់ខ្លួននៅលើឆាកពិភពលោកសាជាថ្មីម្តងទៀតនាពេលខាងមុខនេះ តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងប្រទេសជប៉ុន ក្រុមជ្រុលនិយមមួយក្តាប់តូចរស់នៅក្រៅប្រទេស ត្រូវបានគេរាយការណ៍អំពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងបំណងរៀបចំបាតុកម្ម ប្រឆាំងដើម្បីធ្វើឱ្យរូបភាពនៃដំណើរទស្សនកិច្ចនោះរងភាពស្រអាប់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត គ្រោងនឹងអញ្ជើញធ្វើដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន តបតាមការអញ្ជើញរបស់ឯកឧត្ដម អ៊ីស៊្ហីបា ស៊្ហីហ្គេរុ Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន និងអញ្ជើញចូលរួមកម្មវិធីសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី «អនាគតរបស់អាស៊ី» ដែលរៀបចំដោយក្រុមហ៊ុន Nikkei Inc រវាងពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៥។ ទង្វើចង់បំផ្លាញកិត្តិនាមរបស់រាជរដ្ឋាភិបាលកម្ពុជានៅលើឆាកអន្តរជាតិនេះ បើទោះបីវាមិនមែនជារឿងថ្មីក៏ដោយ ប៉ុន្តែពលរដ្ឋខ្មែរក៏ត្រូវតែមើលឃើញនូវល្បិចដ៏អាក្រក់របស់ក្រុមជួរជាតិទាំងនោះ ដែលពីមួយថ្ងៃទៅមួយថ្ងៃ មិនដែលមើលឃើញនូវរូបភាពល្អលេចធ្លោរបស់ខ្មែរ ដែលជាសមិទ្ធផលនៃមោទនភាពភាពរបស់ជាតិឡើយ ក្រៅតែពីការរៀបចំនូវឧបាយកល ដ៏ពិសពុលដើម្បីការឈានទៅសម្រេចមហិច្ឆតានយោបាយរបស់ខ្លួន។

* រូបភាពរាជរដ្ឋាភិបាលកម្ពុជាកាន់តែលេចធ្លោនៅលើឆាកអន្តរជាតិ
សន្និសីទអនាគតនៃអាស៊ី រៀបចំដោយក្រុមហ៊ុនល្បីល្បាញអន្តរជា Nikkei Inc. គឺជាវេទិកាប្រចាំឆ្នាំដ៏មានកិត្យានុភាពបំផុតមួយនៅក្នុងតំបន់។ វេទិកានេះ ប្រមូលផ្តុំអ្នកបង្កើតគោលនយោបាយ អ្នកដឹកនាំអាជីវកម្ម និងបញ្ញវន្តមកពីទូទាំងអាស៊ី និងលើសពីនេះ ដើម្បីពិភាក្សាអំពីនិន្នាការសេដ្ឋកិច្ច ការអភិវឌ្ឍនយោបាយ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាវាគ្មិន មួយរូបក្នុងចំណោមវាគ្មិននានាទាំងឡាយ ដែលជាថ្នាក់ដឹកនាំពីបណ្តាប្រទេសនៅអាស៊ី និងក្រុមហ៊ុនល្បីល្បាញរបស់តំបន់ និងពិភពលោក។

ដំណើររបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru ត្រូវបានគេរំពឹងថា នឹងជួបជាមួយថ្នាក់ដឹកនាំធំៗ និងឥស្សរជនដ៏មានឥទ្ធិពលមកពីជុំវិញពិភពលោកដែលជាឱកាសមួយសម្រាប់កម្ពុជាក្នុងការបង្ហាញនូវឥទ្ធិពល នយោបាយនិងសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈវេទិកាក្នុងតំបន់នេះ។ ដូច្នេះសម្រាប់ប្រទេសកម្ពុជា ដំណើរទស្សនកិច្ចក្នុងប្រទេសជប៉ុននាពេលខាងមុខនេះ មិនមែនគ្រាន់តែជាការចូលរួមដោយ ការគ្រាន់តែថ្លែងសុន្ទរកថាគន្លឹះតែមួយមុខនោះប៉ុណ្ណោះទេ វាគឺជាឱកាសមួយដើម្បីបង្ហាញពីវឌ្ឍនភាពជាតិ សន្តិភាពក្រោមម្លប់នៃនយោបាយឈ្នះ-ឈ្នះ និងភាពជាដៃគូទៅកាន់ពិភពលោកថែមទៀត។

* តើការរៀបចំបាតុកម្មនៅជប៉ុននេះ នឹងមានលទ្ធផលដូចនៅកូរ៉េខាងត្បូងដែរឬទេ?
មេខ្លោងនៃក្បាលម៉ាស៊ីនដឹកនាំក្រុមជ្រុលនិយមរួមមានលោកស្រី មូ សុខហួរ ជាដើម បានធ្វើដំណើរទៅដល់ប្រទេសជប៉ុនក្នុងការរៀបចំសេណារីយោទុកជាមុន ដើម្បីការត្រៀមធ្វើបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ទោះជាយ៉ាងណាក៏ ដោយគម្រោងដែលចង់បំបាក់កេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាលកម្ពុជានៅក្នុងប្រទេសជប៉ុន គង់នឹងទទួលលទ្ធផលដូចអ្វីដែលធ្លាប់កើតឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង។

គេនៅចាំបានថា ការរៀបចំបាតុកម្មមួយនៅកូរ៉េខាងត្បូងកាលពីថ្ងៃទី២មីនាឆ្នាំ២០២៥ ដែលក្នុងនោះក៏មានការចូលរួមពីមេខ្លោង មូ សុខហួរ ផងដែរនោះមានមនុស្សចូលរួមយ៉ាងតិចតួចបំផុត។ បាតុកម្មនៅកូរ៉េខាងត្បូង ដែលពួកគេពេលនោះបាននិយាយអួតអាងថានឹងមានច្រើនម៉ឺននាក់ចូលរួមនោះ បែរជាមានមនុស្សប្រមាណតែ៥០០នាក់ប៉ុណ្ណោះ បើតាមការបញ្ជាក់ពីអាជ្ញាធរកូរេខាងត្បូង។ យុទ្ធសាស្ត្ររៃអង្គាសប្រាក់របស់ក្រុមបក្សប្រឆាំង ធ្លាប់ត្រូវបានគេលាតត្រដាងជារឿយៗ នូវអំពើបោកប្រាស់ដ៏ស្មោគគ្រោក ដែលសរសេរអក្សរនៅលើធុងរៃអង្គាសប្រាក់ សុទ្ធតែដើម្បីការទ្រទ្រង់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ប៉ុន្តែនៅពីខាងក្រោយខ្នងវិញ គឺជាអំពើដ៏ខ្មៅកខ្វក់ ដោយពួកមេខ្លោងរៀបចំបានយកលុយនៃប្រាក់រៃអង្គាសដាក់ ក្នុងហៅប៉ៅរបស់ខ្លួនឯងតែប៉ុណ្ណោះ។ ក្នុងពេលធ្វើបាតុកម្មក្នុងខែមីនាកន្លងមកនោះ គេបាន ឃើញរូបស្ត្រីមេខ្លោង មូ សុខហួរ ដែលឈរនៅមុខប្រអប់សុំរកវិភាគទានលុយពីអ្នកចូលរួមនានា ខណៈជំនួយក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលពួកគេធ្លាប់តែទទួលបានកន្លងមកដោយការនិយាយសំអុយឈ្មោះនៃប្រទេសកម្ពុជារបស់ខ្លួនឯងនោះ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក បានបិទបញ្ចប់កម្មវិធីបោកប្រាស់នោះអស់ទៅហើយក្រោមគោលនយោបាយ America First។

ការរៀបចំសេណារីយោប្រឆាំងនៅក្នុងប្រទេសជប៉ុននាប៉ុន្មានថ្ងៃខាងមុខទៀតនេះ យុទ្ធសាស្ត្របោកប្រាស់ក្នុងការស្វែងរកលុយកាក់ ពីអ្នកចូលរួមក៏គេឃើញថាត្រូវបានរៀបចំធ្វើផងដែរ ជាមួយនឹងការបង្កើតព័ត៌មានមិនពិតជាច្រើនទៀត ទាក់ទងនឹងបញ្ហាចោទប្រកាន់អំពី ការបំពានលើព្រំដែនកម្ពុជាដោយប្រទេសជិតខាងផង, បញ្ហាចោទប្រកាន់លើកត្តាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សផង និងបញ្ហានានាមួយចំនួន ដែលទង្វើនោះគឺគ្មានអ្វីក្រៅពីការចង់នាំកម្ពុជា ដែលមានសុខសន្តិភាពជាង២៦ឆ្នាំរួចមកនេះ ឱ្យវិលត្រឡប់ទៅកាន់សង្គ្រាមស៊ីវិលវិញនោះឡើយ។

ការចូលរួមរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងវេទិកា «Future of Asia» គឺជាចំណុចសំខាន់មួយនៃការលើកកម្ពស់កេរ្តិ៍ឈ្មោះ និងមុខមាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិ។ វត្តមានរបស់ ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាទាំងក្នុងវេទិកា «Future of Asia» នឹងកាន់តែជួយបង្កើនមុខមាត់ របស់ប្រទេសកម្ពុជា ជាពិសេសការបង្ហាញពីស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច និងការចូលរួមសកម្មរបស់កម្ពុជា ក្នុងបញ្ហាអាស៊ី និងពិភពលោក។

* ឱកាសនៃជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងជប៉ុន ជាលើកដំបូង

ក្រៅពីការចូលរួមក្នុងសន្និសីទ Nikkei Future of Asia លើកទី៣០, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងជួបដោយផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba ។ ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងជប៉ុនមានការរីកចម្រើនយ៉ាងខ្លាំងក្នុងពេលចុងក្រោយនេះ។ ទាំងពីរប្រទេស បានបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យជាច្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងការវិនិយោគ។

ក្នុងដំណើរបំពេញទស្សនកិច្ចការងារផ្លូវការរយៈពេល៤ថ្ងៃនៅក្នុងប្រទេសជប៉ុន នាពេលខាងមុខនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ នឹងមានឱកាសជួបគ្នាជាលើកដំបូង ជាពិសេសចាប់តាំងពីនាយករដ្ឋមន្ត្រី Ishiba ចូលកាន់តំណែងនៅក្នុងប្រទេសជប៉ុន និងមានឱកាសរំលឹក និងពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំង២។

យោងតាមក្រសួងការបរទេសជប៉ុន គោលបំណងសំខាន់នៃកិច្ចប្រជុំទ្វេភាគីនឹងរំពឹងលើកិច្ចការពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសសកិច្ចពិភាក្សាអំពីវិធីធ្វើឱ្យស៊ីជម្រៅ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងជប៉ុន និងកម្ពុជា ដោយផ្តោតលើវិស័យដូចជា ពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ។

ប្រទេសជប៉ុនមិនមែនគ្រាន់តែជាសម្ព័ន្ធមិត្តក្នុងតំបន់ដ៏មានឥទ្ធិពលនោះទេ ជប៉ុនគឺជានិមិត្តសញ្ញានៃភាពជាដៃគូប្រជាធិបតេយ្យ និងការរីកចម្រើនផ្នែកបច្ចេកវិទ្យានៅក្នុងអាស៊ី។ ទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងរបស់កម្ពុជាជាមួយប្រទេសជប៉ុន កំពុងគ្របដណ្តប់លើការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងការទូត។ ដំណើរទស្សនកិច្ចរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីនៅក្នុងប្រទេសជប៉ុន គឺជាការពង្រឹងសម្ព័ន្ធភាពយុទ្ធសាស្ត្រនេះ និងបើកទ្វារសម្រាប់ការបង្កើនការវិនិយោគរបស់ជប៉ុន និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។

* យុទ្ធសាស្ត្រហួសសម័យរបស់ក្រុមជ្រុលនិយម បោកបានតែក្រុមល្ងង់ខ្លៅតែប៉ុណ្ណោះ

ប្រជាជនកម្ពុជា ដែលធ្លាប់បានឆ្លងកាត់សង្គ្រាមដ៏រន្ធត់កាលពីអតីតកាល ពិតជាមិនបណ្តោយឱ្យក្រុមជ្រុលនិយម បង្កើតព័ត៌មានមិនពិតចង់អូសទាញកម្ពុជា ដែលមានសន្តិភាពធ្លាក់ចូលទៅក្នុងយុគសម័យនៃអំពើហិង្សាមួយផ្សេងទៀត សម្រាប់តែមហិច្ឆតានយោបាយអាត្មានិយមរបស់ សម រង្ស៊ី និងបក្ខពួកឡើយ។

វាគ្រាន់តែជាភាពស្រមើស្រមៃរបស់ក្រុមជ្រុលនិយមតែប៉ុណ្ណោះ ដែលព្យាយាមប្រើប្រាស់ព័ត៌មានញុះញង់ ក្នុងការចង់ប្រមូលកម្លាំងដើម្បីចូលរួមក្នុងចលនាតស៊ូរបស់ពួកគេនោះ ពីព្រោះប្រជាជនកម្ពុជាស្គាល់ច្បាស់លាស់ណាស់អំពីផលវិបាកពិតប្រាកដនៃសង្គ្រាម និងអស្ថិរភាពនយោបាយ។ ប្រជាជនកម្ពុជា នឹងមិនធ្វើជាកូនអុកនៅក្នុង «ហ្គេម» ដែលលេងដោយអ្នកនយោបាយទុច្ចរិតដែលរស់នៅសម្ងំសុខស្រួលឯបរទេស ដូចជា សម រង្ស៊ី និងបក្ខពួក ដោយពួកគេគ្រាន់តែចង់បញ្ជាពីចម្ងាយធ្វើឱ្យទឹកដីខ្មែរ បានរងនឹងអំពើចលាចលនយោបាយឡើយ។ ទង្វើរបស់ក្រុមជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី ជាទង្វើហួសសម័យហើយ ពីព្រោះការពិតគឺច្បាស់ណាស់ថា កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា បាននិងកំពុងដើរទៅមុខលើគន្លងដឹកនាំដោយត្រឹមត្រូវតាមរបត់សន្តិភាពនៃនយោបាយឈ្នះ-ឈ្នះ ចំណែកក្រុមធ្វើនយោបាយជ្រុលនិយមក្រោមខ្សែញាក់របស់ សម រង្ស៊ី គឺជាក្រុមដែលជាប់គាំងក្នុងស្រមោលអតីតកាល ដោយប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រហួសសម័យ ដែលគេលែងប្រើប្រាស់ទៅហើយនៅលើសកលលោកនេះ។

ដូច្នេះក្រុមជ្រុលនិយមដែលបំរុងធ្វើបាតុកម្មនៅជប៉ុននាចុងខែឧសភានេះ ត្រូវដឹងថា មនុស្សមួយក្តាប់តូចរបស់ពួកអ្នក មិនអាចទប់ស្កាត់ឥទ្ធិពលកើនឡើងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅលើវេទិកាអន្តរជាតិបានឡើយ៕