(ភ្នំពេញ)៖ មានទីកំណើតនៅខេត្តពោធិ៍សាត់ គុណម្ចាស់ព្រះឥន្ទសិរីវង្ស តាត វិបុល បច្ចុប្បន្នជាព្រះចៅអធិការវត្តវាំងចាស់ ឬហៅថា វត្តហរិរក្សរាជិនី ដែលស្ថិតនៅភូមិក្នុងវាំង ឃុំវាំងចាស់ ក្រុងឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានបង្ហាញពីចក្ខុវិស័យចង់ឱ្យវត្តវាំងចាស់ ក្លាយជាអារាមទេសចរណ៍ប្រវត្តិសាស្ត្រ។

ព្រះអង្គ បានសាងព្រះផ្នួសនៅព្រះជន្ម ១៣ព្រះវស្សាហើយ។ ដោយភាពឆ្លាតវៃនិងមានសទ្ធាមុះមុតក្នុងព្រះពុទ្ធសាសនា ព្រះអង្គមានថេរដីកាថា ព្រះពុទ្ធសាសនា ជាទីស្ថានបរិសុទ្ធប្រកបដោយភាពរីករាយ ជាថ្នាល់អប់រំទាំងពុទ្ធចក្រ អាណាចក្រ និងជាកន្លែងព្យាបាលសុខភាពកាយនិងផ្លូវចិត្តពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ព្រះតេជគុណ មានចក្ខុវិស័យចង់ឱ្យវត្តវាំងចាស់មួយនេះ ក្លាយជាអារាមទេសចរណ៍ប្រវត្តិសាស្ត្រ ព្រោះយល់ថា វត្តអារាមទាំងឡាយណា ដែលមានអាយុកាលលើសពី ១០០ឆ្នាំ បានក្លាយជាចំណែកដ៏ល្អសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ព្រះអង្គបន្តថា «វត្តអារាម ជាសាច់ ជាឈាម ជាសរសៃ និងដួងប្រលឹងរបស់ពលរដ្ឋខ្មែរ និងជាទីតាំងព្យាបាលផ្លូវចិត្តរបស់ដូនតាខ្មែរ»

យោងតាមឯកសារប្រវត្តិសាស្ត្រ បានសរសេរថា វត្តវាំងចាស់បានកសាងឡើងដោយព្រះបាទអង្គឌួង។ កំណត់ហេតុរបស់លោក ហង់រី ម៉ូហូត៍ បានរៀបរាប់ថា ព្រះបាទអង្គឌួង ម៉ឺងម៉ាត់ពូកែខាងយុទ្ធសាស្ត្រ។ ព្រះអង្គតែងមានមោទនភាពចំពោះជាតិខ្មែរ។ ព្រះបាទអង្គឌួង ត្រូវអ្នកជំនាញនិងស្នេហាអក្សរសាស្ត្រខ្មែរចាត់ទុកថា ជាសម័យកាលរីកចម្រើនខ្លាំងផ្នែក កំណាព្យ ការតាក់តែងនិពន្ធ ការលើកស្ទួយវិស័យអក្សរសាស្ត្រ និងព្រះពុទ្ធសាសនា។

ព្រះចៅអធិការវត្តវាំងចាស់ បានពន្យល់ថា វត្តហរិរក្សរាជិនី ជាបណ្តុំដោយប្រវត្តិសាស្ត្រ វប្បធម៌ អក្សរសាស្ត្រ សីលសាស្ត្រ។ វត្តនេះមានអាយុជិត២០០ឆ្នាំ(១៧១)ហើយ។ កាលដើមឡើងវត្តនេះ ជាវាំងរបស់ស្តេចអង្គឌួង តែក្រោយមកបានប្រគេនថ្វាយប្រគេនសង្ឃសម្រាប់ធ្វើជាទីអារាម។ ឆ្លងកាត់ច្រើនសម័យកាល វត្តវាំងចាស់បានក្លាយជាទីស្ថានព្រះពុទ្ធសាសនាយ៉ាងល្បីល្បាញ និងមានកំណត់ត្រាប្រវត្តិសាស្ត្រជាច្រើន ដែលពលរដ្ឋខ្មែរមិនអាចមើលរំលង និងមិនអាចបំភ្លេចបានឡើយ។

ព្រះអង្គបានបន្តថា ក្រោយសង្គ្រាមស៊ីវិលបានបញ្ចប់ទៅ វត្តវាំងចាស់រងការបំផ្លាញស្ទើរគ្មានសល់នោះឡើយ។ យ៉ាងណាក៏ដោយនៅឆ្នាំ១៩៩៦ ដោយសេចក្តីជ្រះថ្លាចំពោះព្រះពុទ្ធសាសនា សម្តេចតេជោហ៊ុន សែន និងសម្តេចប៊ុន រ៉ានីហ៊ុនសែន បានកសាងសំណងនានា ថ្វាយចំពោះព្រះពុទ្ធសាសនាឡើងវិញ។

គុណម្ចាស់ព្រះឥន្ទសិរីវង្ស តាត វិបុល មានសង្ឃដីកាថា «ការកសាងវត្តអារាម គឺបានបុណ្យច្រើនណាស់។ បុគ្គលណាដែលបានសាងសងកុដិ ព្រះវិហារ សាលាឆាន់ប្រគេនលោកនឹងបានទៅកើតក្នុងឋានបរមសុខពេលអស់ជីវិត ហើយរមែងឈ្នះអស់មារសត្រូវនិងបានជាធំនៃមនុស្សទាំងពួង ពេលនៅមានជីវិត»៕