(ព្រះសីហនុ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ បានអះអាងថា ប្រាក់ឈ្នួលនៅកម្ពុជា មានការកើនឡើងជិត៦ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ខណៈរោងចក្រសហគ្រាសបានកើនឡើងពី៤៤ ៧៩៨ ដល់៤៥ ៣៨៦សហគ្រាសនៅត្រឹមខែមេសា ឆ្នាំ២០២៥នេះ។

នេះគឺជាការគូសបញ្ជាក់របស់ លោករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកការងារ បានគូសបញ្ជាក់ថា៖ គិតពីដំណាច់ឆ្នាំ២០២៤ ដល់ត្រឹមខែមេសា ឆ្នាំ២០២៥ នេះ សហគ្រាស គ្រឹះស្ថាន បានកើនពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ៣៨៦សហគ្រាស ហើយកម្មករនិយោជិតបានកើន ពីប្រមាណ ១,៨២លាននាក់ ដល់ប្រមាណ១,៨៧លាននាក់ ដែលអាចផ្តល់ប្រាក់ឈ្នួលជូនបងប្អូន កម្មករនិយោជិតមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៦ពាន់លានដុល្លារអាម៉េរិក។ ក្នុងនោះ គ្រាន់តែវិស័យកាត់ដេរមានសហគ្រាស គ្រឹះស្ថានសរុបចំនួន ១ ៦៥៧សហគ្រាស មានកម្មករនិយោជិតប្រមាណ ៩៧ម៉ឺននាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣,១ពាន់លាន ដុល្លារអាម៉េរិក។

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធ បានរៀបចំពិធីអបអរសាទរការទទួលបាន ក្រុមហ៊ុនវិនិយោគចំនួន២០០ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានបងប្អូនកម្មករនិយោជិតចូលរួមសរុបប្រមាណ៣,២ម៉ឺននាក់ មកពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងនោះស្ត្រីមានផ្ទៃពោះចំនួន៧៥១នាក់៕