(ព្រះសីហនុ)៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលត្រូវបានគេប្រៀបប្រដូចទៅនឹងកូនបង្កើតផ្ទាល់ដៃសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជានោះ បានក្លាយទៅជាកន្លែងស្រូបការវិនិយោគពីបរទេសដ៏មានសក្តានុពលនាពេលបច្ចុប្បន្ន ហើយមានរោងចក្រជាច្រើនដែលកំពុងដំណើរការច្រវាក់ផលិតកម្មរបស់ខ្លួននៅទីតាំងនេះកំពុងទទួលបានការរីកចម្រើន។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករនិយោជិតជាង៣ម៉ឺននាក់៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយ ដែលបានវិលត្រឡប់មកកាន់តំបន់សេដ្ឋកិច្ចពិសេសសាជាថ្មីម្តងទៀត និងអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីកម្មវិធីជាប់គ្នាជាហូរហែយ៉ាងណាក្តី តែមិនអស់ថាមពលនោះទេ ព្រោះមានការផ្តល់កម្លាំងចិត្តពីបងប្អូនប្រជាពលរដ្ឋ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រោះតែអាកាសធាតុសម្តេចមិនអាចធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ហើយ សម្រេចភ្លាមៗ គឺធ្វើដំណើរតាមរថយន្តទាំងយប់ចុះមកខេត្តព្រះសីហនុ ដើម្បីជួបកម្មករ និយោជិត ដោយមិនឱ្យខកខានការជួប ព្រោះបញ្ហាអាកាសធាតុ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីត្រូវជិះរថយន្ត៥ម៉ោង ក៏សម្តេចត្រូវមកជួបកម្មករដែរ ព្រោះជារឿងរីករាយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និង រដ្ឋបាលខេត្តព្រះសីហនុ ដែលបានសហការជាមួយតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងការរៀបចំ «ពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និង សំណេះសំណាលជាមួយកម្មករនិយោជិត ក្នុងតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ » ដែលមានចំនួនប្រមាណ ៣ម៉ឺន ២ពាន់នាក់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ មានលក្ខណៈពិសេសជាងតំបន់ផ្សេងៗនៅកម្ពុជា, ដោយតំបន់នេះ ត្រូវបានទទួលស្គាល់, គាំទ្រ និង មានការចុះ កិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនង និងការអភិវឌ្ឍជាបន្តបន្ទាប់ ចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើ រវាងរដ្ឋាភិបាលកម្ពុជា-ចិន ដែលបានបើកការដ្ឋានសាងសង់ដំបូងនៅឆ្នាំ២០០៨ ជាពិសេសការរួមគ្នាអនុវត្ត «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទី១ មកកាន់កម្ពុជា កាលពីខែតុលា ឆ្នាំ២០១៦, លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក៏បានលើកឡើងថា ភាគីចិន នឹងលើកទឹកចិត្តសហគ្រាសចិនល្បីៗ ឱ្យធ្វើកិច្ចសហប្រតិបត្តិការ និង វិនិយោគក្នុងតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងអំឡុងកិច្ចប្រជុំជាន់ខ្ពស់នៃវេទិកាកំពូលកិច្ចសហប្រតិបត្តិការអន្តរជាតិ «ខ្សែក្រវាត់ និង ផ្លូវ» លើកទី២ ក្នុងឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង, សម្ដេចតេជោ ក៏បានបញ្ជាក់ថា៖ ភាពជោគជ័យនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ជាសក្ខីភាពមួយយ៉ាងច្បាស់នៃការកសាងគម្រោងផែនការសហប្រតិបត្តិការ «ខ្សែក្រវាត់ និង ផ្លូវ« រវាងប្រទេសទាំងពីរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនប្រកាន់ចំពោះអ្នកវិនិយោគមកពីប្រទេសនេះ ឬប្រទេសនោះឡើយ ពោលគឺស្វាគមន៍អ្នកវិនិយោពីគ្រប់ប្រទេស មិនថា ចិន អាមេរិក និងប្រទេសដទៃៗទៀត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អតីតសមរភូមិរបស់កម្ពុជាពីអតីតកាល បានប្រែក្លាយជាទំបន់សេដ្ឋកិច្ច តំបន់អភិវឌ្ឍ ព្រោះគោលនយោបាយដឹកនាំត្រឹមត្រូវរបស់រាជរដ្ឋាភិលបាល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងគិតគូពីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដូចជាផ្លូវថ្នាល់ ផ្លូវដែក ផ្លូវទឹក មកកាន់ខេត្តព្រះសីហនុ ដើម្បីបម្រើដល់ការដឹកជញ្ជូនទំនិញ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នាវាដឹកទំនិញមួយគ្រឿង បានធ្វើដំណើរត្រង់ពីចិនមកផែកម្ពុជា ក្រោយកំពង់ផែបានកែលំអ ខណៈពីនាវានេះចូលចតនៅផែប្រទេសដទៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលធ្វើកិច្ចការជំហានគីង្គក់ក៏បានឲ្យតែទៅមុខ កុំឲ្យតែអត់ទៅមុខ ចង់អ្នកណាថាអ្វីថាទៅ យើងគិតតែពីធ្វើកិច្ចការរបស់យើង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ១០៖២៩នាទីនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕