(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកតាមដានបញ្ហាសង្គម នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានរិះគន់ខ្លាំងៗ និងចាត់ទុកថាជា «កិរិយាមាយាទមិនថ្លៃថ្នូរ» ឡើយ សម្រាប់អ្នកដែលចោលសំរាមពាសវាលពាសកាល នៅតំបន់ទេសចរណ៍ធម្មជាតិខ្នងផ្សារ។
ការរិះគន់ពីលោកបណ្ឌិត គឺបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ផ្លូវការណ៍ និងរូបភាពចោលសំរាម នៅតំបន់ទេសចរណ៍ធម្មជាតិខ្នងផ្សារ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។
លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា «(នោះជា) ឥរិយាបថ ថោកជាងសំរាម... ខ្ញុំសូមរិះគន់ខ្លាំងបន្តិចចុះ អ្នកស្រឡាញ់ធម្មជាតិ ប៉ុន្តែឥរិយាបថរបស់អ្នកបានបង្ហាញពីកិរិយាមាយាទមិនថ្លៃថ្នូរ និងបានបំផ្លាញសម្រស់ធម្មជាតិនៅខ្នងផ្សារ»។
លោកបណ្ឌិត យង់ ពៅ បានបន្តថា «លោកអ្នកយកអាហារពីក្រោមទៅហូបនៅខាងលើបាន ប៉ុន្តែលោកអ្នកមិនអាចកាន់សំណល់ (ឬសំរាម) ចុះក្រោមវិញបាន? តើអាចមានអ្នកអនាម័យមកធ្វើ ឬសម្អាត ទៅដល់ទីនោះបានដែរឬទេ? លោកអ្នកមិនអាចគ្រប់គ្រងកាកសំណល់ខ្លួនឯងបាន នោះលោកអ្នកអន់ជាងកាកសំណល់ ទៅទៀត។ ទៅបោះតង់ថាស្រឡាញ់បរិស្ថាន ប៉ុន្តែបែរបំពុលសម្អុយបរិស្ថានទៅវិញ»។
លោកបណ្ឌិត បានស្នើឲ្យអ្នកដើរកម្សាន្តតាមព្រៃភ្នំ និងតាមតំបន់ទេសចរណ៍ធម្មជាតិនានា ចេះគិតគូរ និងចេះស្រលាញ់ធម្មជាតិទាំងនោះ ដើម្បីឲ្យលក្ខណៈធម្មជាតិបែបនោះ បានបន្តយូរអង្វែងសម្រាប់កម្សាន្ត៕