(ភ្នំពេញ)៖ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃ២១ ខែឧសភា ឆ្នាំ២០២៥ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានបន្តអញ្ជើញសំណេះសំណាល និងជូនដំណើរសាសនិកឥស្លាមកម្ពុជា ចំនួន១៥០រូប ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ជើងទី២ នៃឆ្នាំ២០២៥។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានឲ្យដឹងថា សម្រាប់ឆ្នាំ២០២៥ នេះ មានសាសនិកឥស្លាមកម្ពុជា ចំនួន១,២០០រូប ចំណាយថវិកាសរុបចំនួន ជាង៦,៦០០,០០០ដុល្លារអាមេរិក ដើម្បីទៅធ្វើបុណ្យហាជ្ជហើយការចេញដំណើរនេះ នឹងធ្វើឡើងចាប់ពីថ្ងៃ២០ ខែឧសភា រហូតទៅដល់ថ្ងៃទី២៧ ខែឧសភា ខាងមុខនេះ ដែលនឹងចាកចេញទៅគ្រប់ចំនួន១,២០០នាក់។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ក្រៅពីសាសនិកឥស្លាមប្រមាណ១,២០០រូបខាងលើ ក៏មានចំនួន១៧រូប ផ្សេងទៀតផងដែរ ដែលទទួលបានការឧបត្ថម្ភពីព្រះចៅ សាល់ ម៉ាន់ ពិនអាប់ឌុលអាហ្សីស អាល់ស៊ូអ៊ូឌ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងព្រះអង្គម្ចាស់ មហាំម៉ាត់ ពិន សាល់ម៉ាន់ ព្រះរាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ផ្តល់ជូនសហគមន៍ឥស្លាមកម្ពុជា ដើម្បីទៅធ្វើបុណ្យហាជ្ជ សម្រាប់ឆ្នាំ២០២៥ ដែលជាភ្ញៀវរបស់ព្រះអង្គ។

លោកបញ្ជាក់ថា កាលពីឆ្នាំ២០២៤កន្លងទៅ អ្នកទៅធ្វើហាជ្ជ មានចំនួន៩៦៥នាក់ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២៥ នេះមានការកើនឡើងចំនួនជាង២០០នាក់ ដែលនេះហើយដោយសារប្រទេសកម្ពុជា មានសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយមានភាពងាយស្រួលក្នុងការចេញដំណើរទៅប្រតិបត្តិសាសនា។ លើសពីនេះទៅទៀត លោកទេសរដ្ឋមន្ត្រី ក៏ដូចជាសហគមន៍ឥស្លាមកម្ពុជាទាំងអស់ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងមោទនភាពជាខ្លាំង ដែលបានរស់នៅក្នុងប្រទេសមួយ ដែលយើងមានសុខសន្តិភាព សិទ្ធសេរីភាពគ្រប់បែបយ៉ាង នៅក្នុងការមានជំនឿផ្នែកសាសនា និងការប្រតិបត្តិសាសនា។

លើសពីនេះទៀត លោកបានថ្លែងបន្ថែមថា ការចេញដំណើររបស់សាសនិកឥស្លាមកម្ពុជា នាពេលនេះ បានបង្ហាញឲ្យឃើញថា សព្វថ្ងៃសាសនិកឥស្លាមកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស មានជីវភាពធូរធារ និងការវិវត្តស្ថានភាពរស់នៅរបស់ខ្លួនឆ្ពោះទៅមុខជាបន្តបន្ទាប់ ដែលជាចំណែកមួយនៃការកើនឡើងនៃសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានផ្តាំផ្ញើ និងការជូនពរដល់បណ្តាអ្នកដែលអញ្ជើញទៅបំពេញកាតព្វកិច្ច បុណ្យហាជ្ជនាថ្ងៃនេះ ព្រមទាំងអ្នកចេញដំណើរជាបន្តបន្ទាប់ សូមប្រកបដោយសេចក្តីសុខសុវត្ថិភាព និងបំពេញកាតព្វកិច្ច របស់ខ្លួនគ្រប់លក្ខណៈ តាមក្បួនច្បាប់ របស់សាសនាឥស្លាម។

សូមជម្រាបថា ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជ គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ដែលជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទីអញ្ជើញទៅប្រារព្វបុណ្យនេះ នៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត៕