(ព្រះសីហនុ)៖ ថ្លែងចេញពីលើវេទិកាសាធារណៈ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកកម្លាំងចិត្តពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលបានផ្ដល់មកសម្ដេចដូចសព្វថ្ងៃ ប្រៀបដូចការសាកថ្មបំពេញថាមពលជីវិតដែលមិនចេះរីងស្ងួត និងមិនចេះអស់កម្លាំងក្នុងការបំពេញការងារ។
ក្នុងឱកាសអញ្ជើញជាធិបតី ពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករនិយោជិតជាង៣ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មួយរយៈពេលនេះកម្មវិធីនៃការបំពេញការងាររបស់សម្ដេចហាក់មានការមមាញឹក ប៉ុន្ដែថាមពលរបស់សម្ដេចមិនថមថយឡើយ ពិសេសនៅពេលទទួលបានស្នាមថើមដែលចេញពីចិត្តរបស់ពលរដ្ឋតែម្ដង ពោលលើសភេសជ្ជៈប៉ូវកម្លាំង១ពាន់កេសទៅទៀត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឲ្យតែជួបបងប្អូនកម្មករ កម្មការិនីម្ដងៗទទួលបានច្រើនខ្សើត ឡើងកម្លាំងតែម្ដងជាងទឹកប៉ូវកម្លាំង១ពាន់កេសទៀត។ មួយអាទិត្យ ពីរអាទិត្យនេះកម្មវិធីជាប់រាល់ថ្ងៃ ប៉ុន្ដែកម្លាំងមិនថយទេ គឺនៅពេលបានសាកថ្មភ្លាមៗគ្រប់ទីកន្លែង កន្លែងខ្លះស្លាជាប់ថ្ពាល់ កន្លែងខ្លះក្រែមជាប់ថ្ពាល់ [...] ព្រឹកមិញចូលមកបែកញើសបន្ដិច ប៉ុន្ដែសប្បាយរីករាយដោយសារបានជួបកម្មករ កម្មការិនី»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ដោយសារបញ្ហាអាកាសធាតុសម្ដេចមិនអាចធ្វើដំណើរតាមឧទ្ធម្ភាគចក្រនៅពេលព្រឹកបាន ទើបផ្លាស់ប្ដូរផែនការភ្លាមៗ ដោយត្រូវធ្វើដំណើរតាមរថយន្ដទាំងយប់មកខេត្តព្រះសីហនុ ដើម្បីត្រៀមកម្មវិធីជួបសំណេះសំណាលនៅព្រឹកនេះ ដោយមិនឲ្យខកខាតឡើយ ពោលបើទោះបីត្រូវជួបសំណេះសំណាលទាំងភ្លៀង ក៏ត្រូវតែដំណើរការ មិនអាចឲ្យបញ្ហាអាកាសធាតុមករារាំងបានដាច់ខាត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា កម្មវិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនាពេលនេះ គឺពិសេសជាងបណ្ដាជំនួបនាពេលកន្លងទៅ ព្រោះថាកន្លងទៅកម្មករ កម្មការិនី ដែលចូលរួមមានប្រមាណត្រឹម១ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្ដែលើកកនេះមានឱកាសជួបជាមួយអ្នកចូលរួមរហូតដល់ជាង៣ម៉ឺននាក់ឯណោះ ដូច្នេះជំរុញកម្លាំងចិត្តឲ្យសម្ដេចកាន់តែមានក្ដីរីករាយថែមទៀត។
សម្តេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និង រដ្ឋបាលខេត្តព្រះសីហនុ ដែលបានសហការជាមួយតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងការរៀបចំ «ពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និង សំណេះសំណាលជាមួយកម្មករនិយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ» ដែលមានចំនួនប្រមាណ៣ម៉ឺន ២ពាន់នាក់។
ជាការកត់សម្គាល់ រាជរដ្ឋាភិបាលឈាមថ្មីនៃអ្នកបន្ដវេនប្រកបដោយថាមពល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កំពុងបន្តបោះជំហានទៅមុខយ៉ាងស្វាហាប់ ប្រកបដោយជំនឿចិត្តយ៉ាងមុតមាំ ឆ្ពោះទៅសម្រេចគោលដៅកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ស្របតាមគោលបំណងដែលប្រជាពលរដ្ឋខ្មែរចង់បាន។
mនុញ្ញផលនៃសុខសន្តិភាព ដែលរកបានដោយលំបាកពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា រួមជាមួយសេនាធិការរបស់សម្តេច បាននាំមកនូវសមិទ្ធផលជាទីគាប់ចិត្តសម្រាប់ជាតិ និងប្រជាជនកម្ពុជាជាហូរហែ ហើយបម្រើជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ការរស់នៅរបស់ប្រជាជនកម្ពុជា។ សមិទ្ធផលទាំងនោះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការជាបន្ដបន្ទាប់ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ដ្រីបន្ដវេន៕