(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ជាមួយវិនិយោគិនលើ «គម្រោងចំណតឆ្លាតវៃ ក្រុងព្រះសីហនុ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និង ឯកជន» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥, វេលាម៉ោង ២៖០០រសៀល នៅសណ្ឋាគារហៃយ៉ាត់ រេជិនស៊ី ភ្នំពេញ និងតាមរយៈប្រព័ន្ធវីដេអូ។

សិក្ខាសាលាផ្សព្វផ្សាយនេះ នឹងមានការអញ្ជើញចូលរួមពីវិស័យឯកជនជាតិ និងអន្តរជាតិ ដើម្បីផ្ដល់ជាវេទិកាផ្តល់មតិយោបល់, បង្កើតបណ្តាញទំនាក់ទំនង និង ស្វែងយល់ពីកាលានុវត្តភាពសម្រាប់ការវិនិយោគលើគម្រោងចំណតឆ្លាតវៃ ក្រុងព្រះសីហនុ ដែលជាគម្រោងចំណតឆ្លាតវៃដំបូងគេ សម្រាប់ខេត្តព្រះសីហនុ។

តាមរយៈការចូលរួមសិក្ខាសាលាផ្សព្វផ្សាយនេះ, វិនិយោគិន និងក្រុមហ៊ុនឯកជន នឹងអាចស្វែងយល់បន្ថែមអំពីព័ត៌មានគន្លឹះរបស់គម្រោង, បរិយាកាសវិនិយោគ, យន្តការគាំទ្រពីរដ្ឋសម្រាប់គម្រោង, និងក្របខណ្ឌពេលវេលាក្នុងការត្រៀមខ្លួន សម្រាប់ដំណើរកិច្ចលទ្ធកម្មជ្រើសរើសដៃគូឯកជន ដោយប្រកួតប្រជែងផងដែរ។

អាស្រ័យហេតុនេះ សូមវិនិយោគិន និងអ្នកសារព័ត៌មាន ទាំងអស់ដែលមានចំណាប់អារម្មណ៍ចូលរួមសិក្ខាសាលាផ្សព្វផ្សាយខាងលើនេះ មេត្តាជ្រាបជាព័ត៌មាន និង សូមធ្វើការចុះឈ្មោះ ដោយផ្ដល់ឈ្មោះ, តួនាទី និង អ៊ីម៉ែល ទៅកាន់ កញ្ញា ពិន មុនីរ័ត្ន តាមរយៈអ៊ីម៉ែល [email protected] ឬ តាមរយៈតេឡេក្រាមលេខ ០១១ ៤៧៧ ៤៥៦៕