(កំពង់ចាម)៖ លោក រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាធិបតីក្នុងសិក្ខាសាលាពិភាក្សា និងពិគ្រោះយោបល់ស្តីពី ការផ្លាស់ប្តូរឆ្នាំគោលសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ពីឆ្នាំ២០០៦ ទៅឆ្នាំ២០១៩ សម្រាប់ថ្នាក់ជាតិ និងថ្នាក់ខេត្ត និងបណ្តុះបណ្តាលបច្ចេកទេស ក្នុងការប្រើប្រាស់ថេប្លេត (CAPI) ក្នុងការប្រមូលថ្លៃទំនិញទីផ្សារដែលមានការចូលរួមពីមន្រ្តីបច្ចេកទេស នៃមន្ទីរផែនការទាំង២៥ រាជធានី ខេត្ត ចំនួន៧០នាក់។

លោក រិន វីរៈ បានលើកពីសារៈសំខាន់ នៃស្ថិតិថ្លៃ និងអតិផរណា ដែលទិន្នន័យសន្ទស្សន៍ថ្លៃនេះមានសារៈសំខាន់ណាស់ ក្នុងការរៀបចំគោលនយោបាយ តាមដានស្ថេរភាពថ្លៃ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត។

ក្រៅពីនេះស្ថិតិសន្ទស្សន៍ថ្លៃត្រូវបានប្រើប្រាស់ក្នុងគោលបំណងរៀបចំកិច្ចសន្យាអាជីវកម្ម តម្លើងប្រាក់បៀវត្ស និងកិច្ចការផ្សេងៗក្នុងធុរកិច្ច ដែលចាំបាច់មន្រ្តីស្ថិតិត្រូវយកចិត្តទុកដាក់ រៀនសូត្រអោយចេះ ដើម្បីចូលពង្រឹងគុណភាពប្រមូលថ្លៃទីផ្សារ៕