(កណ្ដាល)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្តាល លោកស្រី មៀច សិទ្ធិការ្យជេស៊ីការ្យ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានសម្រេចដោះលែងបុរសមូស្លីមម្នាក់ ដែលមានសតិមិនប្រក្រតី ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដាក់ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ក្រោយសមត្ថកិច្ចឃាត់ខ្លួនកាលពីពេលកន្លងទៅ ពាក់ព័ន្ធសង្ស័យករណីលួចម៉ូតូមួយគ្រឿង នៅស្រុកកោះធំ ខេត្តកណ្ដាល។ នេះបើតាមលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល ដែលបានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

ក្រោយការសម្រេចរបស់ចៅក្រមស៉ើបសួរ ដែលអនុញ្ញាតឲ្យបុរសឈ្មោះ រី ហាណាហ្វី នៅក្រៅឃុំបណ្ដោះអាសន្ន ក្រុមគ្រួសារសាច់ញាតិ បានថ្លែងអំណរគុណថ្នាក់ដឹកនាំរួមមាន៖ លោក ចៅ តុល ថ្នាក់ដឹកនាំគណៈពង្រឹង ស្រុកកោះធំ, លោក គួច ចំរើន អភិបាលខេត្តកណ្ដាល និងថ្នាក់ដឹកនាំសាលាដំបូង ដែលបានយកចិត្តទុកដាក់តាមដាន និងផ្ដល់ការអន្ដរាគមន៍តាមផ្លូវច្បាប់ បន្ទាប់ពីស្រាវជ្រាវ និងរកឃើញថាបុគ្គលនេះមានបញ្ហាសតិស្មារតី។

សូមរំលឹកថា ករណីអំពើលួចម៉ូតូបានកើតហេតុ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចមុខផ្ទះជនរងគ្រោះឈ្មោះ ហៃ សុវណ្ណ ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ក្រោយករណីលួចម៉ូតូនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋានស្រាវជ្រាវ រហូតដល់ការឃាត់ខ្លួនឈ្មោះ រី ហាណាហ្វី ដោយសង្ស័យពាក់ព័ន្ធករណីខាងលើ រួចហើយបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល ចាត់ការតាមផ្លូវច្បាប់។

តែក្រោយការឃាត់ខ្លួនបុរសរូបនេះ បងប្អូនខ្មែរឥស្លាមជាច្រើននាក់នៅក្នុងភូមិ បានចេញមកតវ៉ាដោយអះអាង និងចេញមកការពារបុរសម្នាក់នេះដោយបញ្ជាក់ថា មិនមែនជាចោរលួចម៉ូតូនោះទេ ព្រោះជាមនុស្សមានសតិ មិនប្រក្រតី។ បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមទាំងនោះ ថែមទាំងបញ្ជាក់ថា ជនសង្ស័យដែលលួចម៉ូតូមានឈ្មោះ លី សុវណ្ណរិទ្ធ។

សម្រាប់ហេតុការណ៍មួយនេះ មានការប្រទាំងប្រទើសគ្នាខ្លាំង រវាងនគរបាលស្រុកកោះធំ និងបងប្អូនខ្មែរឥស្លាម ដោយខាងសមត្ថកិច្ចមានវីដេអូសារភាពរបស់ឈ្មោះ រី ហាណាស្វី តែខាងបងប្អូនខ្មែរឥស្លាមអះអាងថាជនម្នាក់នេះ ជាមនុស្សមានសតិមិនប្រក្រតី និយាយមិនដឹងក្បាលដឹងកន្ទុយនោះទេ ម្តងនិយាយចេះម្តងនិយាយចុះ ហើយក៏មិនមែនជាអ្នកលួចម៉ូតូនោះដែរ។

ក្រោយមានការប្រមូលផ្តុំតវ៉ាពីសំណាក់បងប្អូនខ្មែរឥស្លាមមកនោះ ខាងនគរបាលក៏បានសម្រេចបញ្ជូនមនុស្ស និងសំណុំរឿងទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតីវិធី ព្រោះអ្នកដែលមានសិទ្ធិដោះលែងជនណាម្នាក់គឺមានតែស្ថាប័ន តុលាការទេ។ ពេលបញ្ជូនទៅដល់តុលាការ ចៅក្រមក៏បានពិនិត្យ និងបានដោះលែងឈ្មោះ រី ហាណាហ្វី ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ៕