(ភ្នំពេញ)៖ អង្គការលំនៅឋានមនុស្សជាតិកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានប្រារព្ធពិធីបិទបញ្ចប់ ព្រឹត្តិការណ៍អ្នកស្ម័គ្រចិត្តដ៏ធំបំផុត ប្រចាំឆ្នាំរបស់ខ្លួន ដែលមានការចូលរួមពីអ្នកស្ម័គ្រចិត្តអន្តរជាតិ ពីប្រទេសអូស្ត្រាលី ចំនួន១៥០នាក់ និងបានប្រគល់ផ្ទះថ្មីចំនួន១៣ខ្នង ជូនគ្រួសារកម្ពុជា នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ កម្មវិធីនេះអាចប្រារព្ធឡើងបានយ៉ាងល្អ ដោយសារតែមានការគាំទ្រពី អង្គការលំនៅឋានមនុស្សជាតិ អូស្ត្រាលី អង្គការលំនៅឋានមនុស្សជាតិ ប្រចាំអាស៊ីប៉ាស៊ី ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា អជ្ញាធរមូលដ្ឋានកម្ពុជា។

លោក ផល វ៉ាន់ឌី នាយកប្រចាំប្រទេស នៃអង្គការលំនៅឋានមនុស្សជាតិកម្ពុជា បានថ្លែងថា អង្គការលំនៅឋានកម្ពុជា ពិតជាមានមោទនភាព ក្នុងការទទួលសា្វគមន៍ អ្នកស្ម័គ្រចិត្តអន្តរជាតិជាង ១៥០នាក់ ដែលបានធ្វើដំណើរឆ្លងទ្វីប មកសង់ផ្ទះជូនពលរដ្ឋកម្ពុជា។

ក្រុមអ្នកស្ម័គ្រចិត្ត បានធ្វើការងារសង់ផ្ទះផ្ទាល់ជាមួយម្ចាស់ផ្ទះរយៈពេល៤ថ្ងៃពេញ គឺចាប់ពីថ្ងៃទី១៩-២២ ខែឧសភា ឆ្នាំ២០២៥។ ថ្ងៃនេះយើងបានប្រារព្ធពិធីប្រគល់ផ្ទះចំនួន១៣ខ្នងគ្រួសារ ដែលមានតម្រូវការ ហើយផ្ទះទាំងអស់នេះ គឺជាក្តីសង្ឃឹម តំណាងឱ្យសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងការចាប់ផ្តើមថ្មី សម្រាប់គ្រួសារទាំង១៣។ យើងក៏ឆ្លៀតឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន Grant Thornton អូស្ត្រាលី និងអ្នកស្ម័គ្រចិត្តគ្រប់រូបដែល បានធ្វើដំណើរឆ្លងពីចម្ងាយ ដើម្បីបង្កើតឲ្យមានការផ្លាស់ប្តូរ នៅក្នុងសហគមន៍របស់យើង។

លោក ប្រាក់ អង្គារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា «ក្រសួងរៀបចំដែនដី និងអង្គការលំនៅឋានមនុស្សជាតិ គឺជាដៃគូសហការគ្នា ក្នុងការងារលំនៅឋាន ជាច្រើនឆ្នាំមកហើយ មកទល់នឹងពេលនេះ ពួកយើងនៅតែមានធ្វើការងារ ជាមួយគ្នាយ៉ាងជិតស្និទ ដើម្បីអភិវឌ្ឍវិស័យលំនៅឋានក្នុងប្រទេសកម្ពុជា។ ថ្ងៃនេះ ខ្ញុំពិតជារំភើប និងត្រេកអរ នៅពេលឃើញ អ្នកស្ម័គ្រចិត្ត អូស្ត្រាលីបានមកសង់ផ្ទះជូនពលរដ្ឋខែ្មរ ដែលនេះគឺជាសកម្មភាព ដែលមានអត្ថន័យណាស់ សម្រាប់គ្រួសារកម្ពុជា ព្រោះតាមសាសនារបស់ខ្មែរ ការផ្តល់ជូនផ្ទះ គឺជាការធ្វើបុណ្យមួយដ៏ធំធេងណាស់ សម្រប់អ្នក។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់អ្នកស្ម័គ្រចិត្តអូស្ត្រាលីទាំងអស់»

ម្ចាស់ផ្ទះម្នាក់ ក្នុងចំណោមម្ចាស់ផ្ទះថ្មីទាំង១៣ គឺអ្នកស្រី ឡឹម ចាន់ថន បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ដល់អង្គការលំនៅឋាន និងដៃគូពាក់ព័ន្ធ ដែលបានសង់ផ្ទះថ្មី ជូនគ្រួសារគាត់។ ជាស្ត្រីមាម៉ាយ មានកូន៥នាក់ ក្នុងបន្ទុក ចាន់ថន និយាយបន្ថែមថា គាត់ស្ទើរតែរកពាក្យដើម្បីបង្ហាញពីអារម្មណ៍សប្បាយ រីករាយពេលនេះបានទេ ព្រោះផ្ទះនេះមានន័យជ្រាលជ្រៅណាស់សម្រាប់គាត់ ជាពិសេសផ្ទះនេះនឹងផ្តល់ឱ្យកូនៗ របស់គាត់នូវកន្លែងរស់នៅ ប្រកបដោយសុវត្ថិភាព ធន់នឹងទឹកភ្លៀងនៅរដូវវស្សា។ អ្នកស្រី បានរៀបរាប់ពីបទពិសោធន៍ ដែលមានអត្ថន័យ នៃការធ្វើការងារ ជាមួយអ្នកស្ម័គ្រចិត្តសាងសង់ផ្ទះថ្មី របស់គាត់ ដែលការងារនេះបានបង្កើន ទំនាក់ទំនង និងអនុស្សាវរីយ៍ល្អៗ រវាងគាត់និងអ្នកស្ម័គ្រចិត្ត ហើយគាត់អាចមានឱកាសអរគុណ ចំពោះពួកគេដែលបាន ចូលរួមលើកស្ទួយជីវភាពរបស់គាត់។

រយៈពេលជិតមួយសប្តាហ៍ អ្នកស្ម័គ្រចិត្ដបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមគ្រួសារ ដោយបានចូលរួម តាមរយៈអាហារសាមគ្គី ការផ្លាស់ប្តូរវប្បធម៌ និងការលេងល្បែងប្រជាប្រិយ ។ លោក Greg Keith នាយកប្រតិបត្តិ នៃក្រុមហ៊ុន Grant Thornton អូស្ត្រាលី មានប្រសាសន៍ថា «ក្រុមហ៊ុន Grant Thornton បានចាប់ដៃគូ ជាមួយ អង្គការលំនៅឋានមនុស្សជាតិត អស់រយៈពេល១០ឆ្នាំមកហើយ។ នេះគឺជាគម្រោងទីបីរបស់យើង ហើយជាលើកទីពីរ របស់យើង ដែលបានមកសាងសង់នៅក្នុងប្រទេសកម្ពុជា»។ «គុណតម្លៃនៃក្រុមហ៊ុន Grant Thornton របស់យើងត្រូវបានតំណាង ដោយអក្សរកាត់ថា CARE កិច្ចសហការ ភាពត្រឹមត្រូវ ទំនួលខុសត្រូវ និងឧត្តមភាព ។ ហើយការងាររបស់អង្គការលំនៅឋានមនុស្សជាតិ បង្កប់នូវគុណតម្លៃដូចគ្នា មានការគាំពាំស្ត្រី ជនងាយរងគ្រោះ និងជួយអ្នកដែលត្រូវការជំនួយ»

គួររំលឹងផងដែរថា ការប្រគល់ផ្ទះចំនួន១៣ខ្នង ជូនដល់គ្រួសារគោលដៅ គឺជាផ្នែកមួយនៃគម្រោងរបស់ អង្គការលំនៅឋានមនុស្សជាតិកម្ពុជា។ ជាក់ស្តែង ក្នុងឆ្នាំសារពើពន្ធ២០២៥អង្គការលំនៅឋានកម្ពុជា បានសាងសង់ និងជួសជុលផ្ទះជាង១៥០ខ្នង នៅខេត្តសៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ ដែលគម្រោងទាំងនេះ បានធ្វើអោយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាមានភាពប្រសើរឡើង។ បន្ថែមពីលើ ការងារអភិវឌ្ឍន៍លំនៅឋាន អង្គការក៏បានគាំទ្រ សហគមន៍ តាមរយៈ កម្មវីធីអភិវឌ្ឍ WASH (ទឹក អនាម័យ និងអនាម័យ) និងកម្មវិធីបង្កើនធន់ សហគមន៍ទៅនឹងការប្រែប្រូល អាកាសធាតុ និង ការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល និងអង្គការដៃគូ ដើម្បីលើកកម្ពស់លំនៅឋានដែលមានតម្លៃសមរម្យ និងការគាំពារមតិសម្រាប់សិទ្ធិកាន់កាប់ដីធ្លីផងដែរ៕