(ភ្នំពេញ)៖ សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលក្នុងរយៈពេលកន្លងមកនេះ បានខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យសម្រេចបានសមិទ្ធផលធំៗជាច្រើន និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមលក្ខន្តិកៈរបស់ខ្លួន ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។

នេះជាការលើកឡើងរបស់លោក សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី និងជាអនុប្រធានអចិន្ត្រៃយ៍ នៃ គ.ជ.អ.ប ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទមហាសន្និបាតលើកទី៤ របស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ថ្ងៃព្រហស្បតិ៍ ១១ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំពេញ។

នាឱកាសនោះលោក សក់ សេដ្ឋា បានអបអរសាទរចំពោះលោក លោកស្រី ដែលអង្គមហាសន្និបាតបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជាប្រធាន អនុប្រធាន និងជាសមាជិក នៃសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដែលជាអង្គអភិបាលកិច្ច សម្រាប់ដឹកនាំសមាគមនេះ ក្នុងអាណត្តិទី៤បន្តទៀត។

លោកបានថ្លែងថា «ខ្ញុំសង្ឃឹមជឿជាក់ថា អង្គអភិបាលកិច្ចនេះ នឹងបន្តខិតខំដឹកនាំសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានអាណត្តិទី៤ ក្នុងឱ្យទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។ សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន គឺជាស្ថាប័នដ៏មានសារសំខាន់មួយ ដែលបានបង្កើតឡើងក្នុងបំណងការពារផលប្រយោជន៍ សិទ្ធិស្របច្បាប់ និងអភិវឌ្ឍសមត្ថភាពរបស់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងកសាងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងសាធារណជន ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ជំរុញការអភិវឌ្ឍមូលដ្ឋាន សំដៅបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ»។

មហាសន្និបាតលើកទី៤នេះ បានរៀបចំឡើងស្របតាមលក្ខន្តិកៈរបស់សម្ព័ន្ធភាពជាតិក្រុម ប្រឹក្សាថ្នាក់មូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើលទ្ឋផលការងារអាណត្តិទី៣ អនុម័តលើវិសោធនកម្មលក្ខន្តិកៈ និងបទញ្ជាផ្ទៃក្នុង បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសម្ព័ន្ធភាពជាតិសម្រាប់ អាណត្តិទី៤ ព្រមទាំងពិនិត្យ និងអនុម័តឯកសារគោលនយោបាយជាយុទ្ធសាស្ត្រពាក់ព័ន្ធនានា។ ដើម្បីធានាដល់ការការពារ ការលើកកម្ពស់សិទ្ធិ និងការទទួលខុសត្រូវ ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដែលតំណាងឱ្យសម្លេង និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ សំដៅចូលរួមលើកកម្ពស់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាពស្រប តាមរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។

ផ្អែកតាមរបាយការណ៍ ស្តីពីលទ្ធផលនៃអង្គមហាសន្និបាត ដែលបានរាយការណ៍ដោយលោក សយ កុសល បានឆ្លុះបញ្ចាំងអំពីការដឹកនាំ និងការអនុវត្តតួនាទីរបស់សម្ព័ន្ធភាពជាតិថ្នាក់មូលដ្ឋានក្នុងអាណត្តិទី៣ បានយ៉ាងល្អប្រសើរ។ អង្គមហាសន្និបាតមិនត្រឹមតែបានពិនិត្យ ពិភាក្សាលើសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងអាណត្តិទី៣ និងទិសដៅកសម្រាប់ បន្តអនុវត្តក្នុងអាណត្តិទី៤ប៉ុណ្ណោះទេ ថែមទាំងបានកំណត់នូវបញ្ហាប្រឈមជាគន្លឹះនានា ដែលត្រូវដោះស្រាយក្នុងកម្រិតផ្ទៃក្នុងសម្ព័ន្ធភាពជាតិ និងបញ្ហាប្រឈមដែលត្រូវស្នើជូនរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធសមស្រប ដោះស្រាយទាំងក្នុងក្របខណ្ឌនៃបទដ្ឋានគតិយុត្ត និងក្របខណ្ឌនៃការអនុវត្តជាក់ស្តែង។
ក្នុងនាម គ.ជ.អ.ប. សូមកោតសរសើរដោយស្មោះ ចំពោះការលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងប្រាជ្ញារបស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងជាសមាជិកនៃសម្ព័ន្ធភាពជាតិថ្នាក់មូលដ្ឋាន ក្នុងការបំពេញបេសសកម្មរបស់ខ្លួនលើការអភិវឌ្ឍ សមត្ថភាពក្រុមប្រឹក្សា និងការកៀរគរការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។

សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិទាំងនេះ បាន និងកំពុងដើរតួនាទីជាដៃគូដ៏សំខាន់មួយ ជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំ និងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមគោលការណ៍ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ដែលផ្តោតលើការ បានផ្តល់សិទ្ធិ អំណាច មុខងារ ធនធាន និងការទទួលខុសត្រូវកាន់តែច្រើន និងច្បាស់លាស់ ទៅឱ្យក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវា ការអភិវឌ្ឍមូលដ្ឋាន ការដោះស្រាយ បញ្ហាប្រឈម និងការឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដែលរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់កម្រិតថ្នាក់ ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តកំណែទម្រង់នេះ ឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីធានាឱ្យសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ជាមួយគ្នានេះ ដើម្បីជាសក្ខីភាពឆ្លើយតបជូនចំពោះអង្គមហាសន្និបាត ដែលបានបោះឆ្នោតជ្រើស អង្គអភិបាលកិច្ចសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន លោក សយ កុសយ ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់​ មូលដ្ឋានអាណត្តិទី៤ បានធ្វើការប្តេជ្ញាចិត្ត និងសន្យាជាឱឡារិកថា៖

១-ខិតខំអនុវត្តតាមច្បាប់ បទបញ្ជា លិខិតបទដ្ឋាននានារបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យ បានខ្ជាប់ខ្ជួន ដោយតម្កល់នូវឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនជាធំ។
២-ខិតខំជម្រុញ និងលើកកម្ពស់ការអនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈ និងបទបញ្ជា ផ្ទៃក្នុងរបស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ។
៣-លើកកម្ពស់ស្មារតីសាមគ្គីភាព និងសហការឱ្យបានស្អិតរមួតនៅក្នុងចំណោម សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ទាំងអស់នៅកម្ពុជា។
៤-លើកកម្ពស់ការសហការរវាងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានជាមួយ ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ក៏ដូចជាដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ក្នុង ការអនុវត្តកម្មវិធី និងសកម្មភាពនានាដើម្បីជាប្រយោជន៍របស់សមាជិកក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។
៥-ក្នុងនាមប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខ្ញុំសូមសន្យាថា នឹងទទួលយករាល់សំណូមពររបស់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់នៅទូទាំងប្រទេស ដើម្បីដាក់ជូនអង្គប្រជុំថ្នាក់ដឹកនាំសម្ព័ន្ធភាពជាតិ ពិនិត្យ ពិភាក្សាស្វែងរក ការគាំទ្រ និងដោះស្រាយបញ្ហាពាក់ព័ន្ធ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

នាឱកាសនោះលោក សយ កុសល បានលើកឡើងថា ដោយមានការគាំទ្រហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលប្រទេសកាណាដា និងសហព័ន្ធទី ក្រុងនៃប្រទេសកាណាដា (FCM) ក្រោមគម្រោងភាពជាដៃគូសម្រាប់គំនិតច្នៃប្រឌិតរបស់ ទីក្រុងលើការដឹកនាំរបស់ស្ត្រីនៅមូលដ្ឋាន (PMI-WILL) សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានអនុវត្តកម្មវិធីពានរង្វាន់ស្ត្រីឆ្នើម ក្នុងការដឹកនាំនៅមូលដ្ឋាន។

កម្មវិធីនេះ មានគោលបំណងសំខាន់ចំនួន ៣គឺ៖

*ទី១៖ បង្កើនសមត្ថភាពស្ត្រីជាអ្នកដឹកនាំក្នុងការអនុវត្ត អភិបាលកិច្ច និងវិមជ្ឈការដោយគិតគូរអំពីយេនឌ័រឱ្យមានភាពប្រសើរឡើង
*ទី២៖ ជ្រើសរើស និងទទួលស្គាល់ស្ត្រីឆ្នើមក្នុងភាពជាអ្នកដឹកនាំឈានមុខគេនៅមូលដ្ឋានដែលផ្តល់ ផលជាវិជ្ជមានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
*ទី៣៖ លើកទឹកចិត្តការចម្លងការអនុវត្តល្អ ក្នុងភាពជាអ្នកដឹកនាំរបស់ស្ត្រីទៅកាន់រដ្ឋបាលមូលដ្ឋានផ្សេងទៀត ដោយប្រែក្លាយគំរូម៉ូ ដែលទៅជាឧបករណ៍សិក្សា ក៏ដូចជាព្រឹត្តការណ៍រៀនសូត្រ។

កម្មវិធីនេះ គឺជាការប្រកួតថ្នាក់ជាតិ ដោយបានអញ្ជើញអភិបាលក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ជាស្ត្រីទាំង អស់ចូលរួម។ ជាលទ្ធផលសម្ព័ន្ធភាពជាតិបានរកឃើញមេឃុំ ចៅសង្កាត់ចំនួន បីរូប ដែលមានស្នាដៃឆ្នើមក្នុងការដឹកនាំ និងផ្តល់សេវាដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

មេឃុំ ចៅ សង្កាត់ទាំង៣រូបនេះរួមមាន៖

*ជ័យលាភីលេខ១ គឺលោកស្រី សោម សុខុម មេឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលមានស្នាដៃក្នុងការអនុវត្តគម្រោងស្តីពីការអប់រំអភិវឌ្ឍន៍ កុមារតូច និងមត្តេយ្យសហគមន៍ ដោយទទួលបានពានរង្វាន់កិត្តិយសមួយ និងសម្ភារគាំទ្រសរុបចំនួន ១០០០ដុល្លារ និងដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសកាណាដា រយៈពេលពីរសប្តាហ៍។
*ជ័យលាភីលេខ២ គឺលោកស្រី យួន សោភ័ណ្ឌ ចៅសង្កាត់ ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលមានស្នាដៃក្នុងការអនុវត្តគម្រោងស្តីពីគោល នយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងបរិស្ថានល្អ ដោយទទួលបានពានរង្វាន់ កិត្តិយសមួយ និងសម្ភារគាំទ្រសរុបចំនួន ៨០០ដុល្លារ។
*ជ័យលាភីលេខ៣ គឺលោកស្រី អ៊ុន សាជន ចៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានស្នាដៃក្នុងការអនុវត្តគម្រោង ស្តីពីសេវាសង្គម ដោយទទួលបានពានរង្វាន់កិត្តិយសមួយ និងសម្ភារគាំទ្រសរុបចំនួន ៥០០ដុល្លារ។ បេក្ខនារី ដែលមិនបានឈ្នះពានរង្វាន់ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័តថ្នាក់ជាតិ ទទួលបានវិញ្ញាប័នបត្រលើកទឹកចិត្តផងដែរ៕