(ភ្នំពេញ)៖ លោក ឃាង វុធពៅ អនុប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវ៉ាញ បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ ដែលទៅលេងខ្នងភ្នំផ្សារ ទុកដាក់យានយន្តនៅជើងភ្នំ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ លោកបានថ្លែងថា តំបន់ទេសភាពបែបផ្សងព្រេង គឺមិនតម្រូវឲ្យយកម៉ូតូ ឬឡានឡើងលើខ្នងភ្នំឡើយ។
ថ្មីៗនេះ មានមនុស្សជាច្រើនបានបើកឡាន និងម៉ូតូ ឡើងតំបន់ទេសចរណ៍ធម្មជាតិខ្នងភ្នំផ្សារ និងបង្កភាពរញ៉េរញ៉ៃ ដល់ទីតាំងកម្សាន្តលក្ខណៈធម្មជាតិមួយនេះជាខ្លាំង។ ជាមួយគ្នានេះ ក៏មានមនុស្សចោលសំរាមពាសវាលពាសកាល បំផ្លាញទេសភាពសម្រស់ធម្មជាតិទៀតផង។
លោក ឃាង វុធពៅ បានបញ្ជាក់យ៉ាងដូច្នេះថា «ពីខ្នងភ្នំផ្សារ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ខ្ញុំបាទ និងលោក ហ៊ុន សៅ ប្រធានសហគមន៍ រលាក់កងជើង សូមធ្វើការអំពាវនាវ ដល់ពុកម៉ែបងប្អូនភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ ដែលតែងតែគាំទ្រនិងការលើកស្ទួយដល់តំបន់ទេសភាពពន្លកបៃតងខ្នងភ្នំផ្សារ ពីព្រោះតំបន់ទេសភាពបែបផ្សងព្រេង គឺមិនតម្រូវឲ្យបងប្អូនយកម៉ូតូ ឬឡានឡើងលើខ្នងភ្នំឡើយ»។
លោកបានបន្តថា «ដូច្នេះសូមបងប្អូនដែលធ្វើការឆ្លងកាត់មកលេងកម្សាន្តក្នុងខេត្តកំពង់ស្ពឺយើង ក៏ដូចជានៅក្នុងខេត្តកោះកុង មេត្តាទុកដាក់ម៉ូតូឡានឲ្យបានត្រឹមត្រូវនៅជើងភ្នំ ហើយយើងធ្វើការឡើងថ្មើរជើងទៅលេងតំបន់ទេសភាពពន្លកបៃតងដ៏ស្រស់ត្រកាល ក្នុងន័យថែរក្សាការពារធនធានធម្មជាតិ ដែលមានស្រាប់ រក្សាឲ្យបាននូវសក្កានុពលពន្លកបៃតងឲ្យនៅស្រស់ស្អាត បញ្ជៀសសំឡេងរំខានដល់បងប្អូន ដែលមកលេងកម្សាន្តបោះតង់សម្រាកនៅទីនេះ។ យើងខ្ញុំនិងបងប្អូនប្រជាសហគមន៍ទាំងអស់ មានជំនឿជឿជាក់យ៉ាងមុតមាំថា បងប្អូនចូលរួមទាំងអស់គ្នារក្សាតំបន់ទេសភាពពន្លកបៃតងឲ្យកាន់តែប្រសើឡើង»។
សូមជម្រាបថា ក្នុងអំឡុងពេលធ្វើដំណើរឡើងភ្នំខ្នងផ្សារ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានថ្លែងថា នៅតំបន់ទេសចរណ៍ធម្មជាតិ គេមិនដែលឲ្យឡានឡើងដល់កំពូលភ្នំទេ។ សម្តេចបានលើកឡើងថា នៅប្រទេសគេ គេធ្វើចំណត ដោយដាក់យានយន្តត្រឹមចង្កេះភ្នំ និងទុកឲ្យសហគមន៍មានមុខរបរ។
វិដេអូបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការណ៍ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កុំឲ្យឡើងដល់លើ (ភ្នំទេ)។ ដូចនៅប្រទេសគេ ដូចនៅបារាំងអី ដូចគ្នា កន្លែងឡើងទៅភ្នំ Pyrenees គេអត់ឲ្យឡើងទៅលើទេ។ គេឡើងត្រឹមចង្កេះភ្នំ គេដើរឡើង។ គេទុកធម្មជាតិ ដើម្បីឲ្យមនុស្សទៅ តែហ៊ានឲ្យឡាន ឲ្យអីរញ៉េរញ៉ៃ បញ្ហាហើយ។ ទុកឲ្យសហគមន៍គេមានមុខរបរ។ កន្លែងខ្លះ យើងធ្វើល្អពេកទៅ ឡានឡើងមក សហគមន៍ដាច់របរបាត់។ មាននរណាជញ្ជូន បើឡានឡើងបាន»។
ភ្នាក់ងារ Fresh News ដែលបានទៅខ្នងភ្នំផ្សារ នៅថ្ងៃទី១៧ និង១៨ ខែឧសភា ឆ្នាំ២០២៥ បានឃើញឡានជាច្រើនគ្រឿងបើកឡើងទៅកន្លែងបោះតង់ និងឃើញទាំងក្រុមម៉ូតូមួយក្រុម បើកម៉ូតូឡើងចំណុចខ្ពស់បំផុតនៃខ្នងភ្នំសំពៅ ដែលជាទីតាំងភ្ញៀវទេសចរឡើងថតរូប ព្រមទាំងស្រែកឡូឡាទៀតផង៕