(បាត់ដំបង)៖ លោក គិត ច័ន្ទគ្រឹះស្នា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន៧២១គ្រួសារ ស្មើនឹង១,១៩២បណ្ណ នៅក្នុងភូមិស្ពានទំនាប និងភូមិអន្លង់ស្ដី ឃុំបួរ ស្រុកភ្នំព្រឹក នៅសាលាឃុំបួរ។
តាមរបាយការណ៍របស់លោក សួន សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង បានបញ្ជាក់ថា ការងារចុះបញ្ជីដីធ្លីនៅក្នុងខេត្តបាត់ដំបង បានរៀបចំក្រុមចុះបញ្ជីចំនួន១១ក្រុម មានកម្លាំងសរុបចំនួន ២២០នាក់ ដើម្បីជួយជំរុញបង្ហើយក្បាលដីដែលនៅសេសសល់ចំនួន ២៦៧,០៥១ក្បាលដីនៅទូទាំងខេត្ត។
ការអនុវត្តការងារចុះបញ្ជីបង្ហើយក្បាលដីបានអនុវត្តចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ គិតមកដល់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ សម្រេចបានការវាស់វែងក្បាលដីចំនួន ២៤០,៨៥៤ក្បាលដី,ប្រមូលទិន្នន័យវិនិច្ឆ័យបានចំនួន ១២១,១៧៥ក្បាលដី ធ្វើការបិទផ្សាយជាសាធារណៈបានចំនួន ៣១,៥៥០ក្បាលដី ចេញបណ្ណបានចំនួន ២,៥២៥ក្បាលដី ចែកបណ្ណបានចំនួន១,៣៣៣ ក្បាលដី។ ដោយឡែកចំពោះការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងភូមិស្ពានទំនាប និងភូមិអន្លង់ស្ដី ឃុំបួរ ស្រុកភ្នំព្រឹកនាថ្ងៃនេះ សរុបមានចំនួន ១,១៩២បណ្ណស្មើនឹង៧២១គ្រួសារ។
លោក សុខ លូ បានណែនាំអាជ្ញាធរស្រុក/ឃុំ ត្រូវទប់ស្កាត់ការសាងសង់សំណង់មិនរៀបរយ ថែរក្សាដីចំណីផ្លូវកុំឱ្យមានការរំលោភបំពាន និងបើកផ្លូវឱ្យបានធំទូលាយដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោកអភិបាល បានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ត្រូវថែរក្សាដីធ្លីដែលជាទ្រព្យរបស់ខ្លួន ដើម្បីទុកចែកតកូនតចៅកុំលក់ដូរឱ្យសោះ ខណៈមនុស្សចេះតែបន្តកើតរាល់ថ្ងៃ ប៉ុន្តែដីធ្លីមិនកើតទៀតនោះទេ។
អភិបាលខេត្ត បានណែនាំប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់លើបញ្ហាអនាម័យបរិស្ថាន ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ការពារខ្លួនពីជំងឺកូវីដ១៩ និងចូលរួមក្នុងយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើម ដោយបន្តដាំដើមឈើដើម្បីលើកកម្ពស់សោភ័ណភាពទីប្រជុំជនឱ្យបានស្អាត។
បន្ថែមពីនេះ លោក សុខ លូ បានក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៦ សូមអញ្ជើញទៅធ្វើជីវមាត្រ និងបងប្អូនប្រជាពលរដ្ឋជាយុវជនគ្រប់អាយុ១៨ឆ្នាំ ទៅចុះឈ្មោះបោះឆ្នោតនៅតាមមូលដ្ឋានឃុំ សង្កាត់របស់ខ្លួនខណៈការធ្វើជីវមាត្រ និងចុះឈ្មោះបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ។
លោក គិត ច័ន្ទគ្រឹះស្នា បានថ្លែងឱ្យដឹងថា ខេត្តបាត់ដំបងជាខេត្តមួយដែលមានសក្ដានុពលធំធេងលើវិស័យកសិកម្ម ទេសចរណ៍ និងជាប៉ូលសេដ្ឋកិច្ចទី៤នៅកម្ពុជា។ លោក បានស្នើដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ត្រូវយកចិត្តទុកដាក់រៀបចំភូមិឋានឱ្យបានស្អាតល្អ ខិតខំប្រកបមុខរបររកស៊ី និងដាំដំណាំផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។
នាឱកាសនោះដែរ លោក សុខ លូ បានអញ្ជើញចុះប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទាំងអស់ និងថវិកាមួយចំនួនជូនពលរដ្ឋដែលមានជំងឺចំនួន១គ្រួសារ នៅគេហដ្ឋានដែលពុំអាចទៅទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដោយផ្ទាល់បាន៕