(ភ្នំពេញ)៖ រូបភាពមួយសន្លឹកដែលជាការថតជុំគ្នាក្នុងកិច្ចប្រជុំរដ្ឋសភា​លើក​​ទី៩ នីតិកាលទី១ ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបាន​លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាសមាជិក​រដ្ឋ​សភានាពេលបច្ចុប្បន្ន យកមកបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។

រូបភាពមួយសន្លឹកនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ​មន្ត្រី​កម្ពុជា និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន ចូលទៅចែករំលែក​បន្ត ព្រមទាំងសរសេរសារស្តែងពីអារម្មណ៍របស់សម្តេចផងដែរ។

សម្តេចតេជោ បានគូសរំលេចថា «ឃើញរូបថតនេះពិតជាធ្វើឱ្យ​នឹក​ស្រ​ណោះ​គ្រាដែលលំបាកក្នុងកាលៈទេសៈប្រទេសមានសន្តិភាពផង​មាន​សង្គ្រាម​ផង។ ពួកយើងសាមគ្គីគ្នាបានល្អណាស់ សម្តេច ហេង សំរិន ជា​ប្រធានក្រុមប្រឹក្សារដ្ឋ (ប្រមុខរដ្ឋ) សម្តេច ជា សុីម ជាប្រធានរដ្ឋសភា ឯខ្លួនខ្ញុំ ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) រួមជាមួយ​សមាជិក​សភា សមាជិករដ្ឋាភិបាលកងកម្លាំងប្រដាប់អាវុធ មន្ត្ត្រីរដ្ឋការនាពេល​នោះ​ប្រឹងងើបឈរឡើងទើបមានថ្ងៃនេះ»។

សម្តេចតេជោ បានលើកឡើងដែរថា ទោះឥស្សរជនក្នុងរូបមួយសន្លឹកនេះ បានទទួលមរណភាពទៅហើយក្តី តែពួកសម្តេចនៅតែនឹកអាល័យដល់​ពួក​គាត់ជានិច្ច៕