(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា​ប្រធាន​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា៖ «ពេល​ប្រជាពលរដ្ឋកំពុងគេងលក់ស្រួល ធ្វើដំណើរដោយសុវត្ថិភាពប្រកប​ដោយ​សន្តិ​សុខល្អ គ្មានការភ័យខ្លាច គឺដោយសារសមត្ថកិច្ចឈរសម្របសម្រួល និង​ការពារទាំងយប់ទាំងថ្ងៃ និងនៅគ្រប់ទិសទី។ ប៉ុន្តែជាទូទៅមិនសូវមាន​អ្នកណាគិតដល់រឿងនេះប៉ុន្មានទេ។ ផ្ទុយទៅវិញ នៅពេលមាន​បញ្ហាអ្វីមួយ​កើតឡើង គេនាំគ្នាបន្ទោសសមត្ថកិច្ចពេញហ្វេសប៊ុក»។

លោក ប៉ែន បូណា បានកត់សម្គាល់ទៀតថា ទោះយ៉ាងណា សមត្ថកិច្ចនៅ​តែ​បម្រើនិងការពារប្រជាពលរដ្ឋមិនដែលនឿយណាយឡើយ។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលប្រធាន​អង្គភាព​អ្នក​នាំពាក្យរាជរដ្ឋាភិបាល អញ្ជើញធ្វើជាវាគ្មិនក្នុងសិក្ខាសាលាតម្រង់ទិសស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅស្នង​ការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែ​ឧស​ភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា ស្នងការរងផែនការងារសេនាធិការដែលជាតំណាងលោក ឧត្តម​សេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ​នគរបាលរាជធានីភ្នំពេញ ព្រមទាំងស្នងការរង អធិការខណ្ឌទាំង១៤ អធិការ​រងទទួលការងារប្រតិកម្មរហ័សនៃខណ្ឌទាំង១៤ រួមទាំងលោក​-លោក​ស្រី​នាយរងការិយាល័យ លោក-លោកស្រីអធិការរង ទទួលការងារប្រតិ​កម្ម​រហ័ស លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ និងមន្ត្រីពាក់ព័ន្ធមួយ​ទៀត សរុបចំនួន ១៥០នាក់។

ទន្ទឹមនឹងការកោតសរសើរការងារដ៏មានតម្លៃរបស់សមត្ថកិច្ចនគរបាល ក៏ដូច​ជាកងកម្លាំងគ្រប់ប្រភេទ លោក ប៉ែន បូណា បានជំរុញឱ្យសមត្ថកិច្ចបង្កើន​ការផ្សព្វផ្សាយតាមបែបបុរេសកម្មអំពីសកម្មភាពការងាររបស់ខ្លួនឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីជូនប្រជាពលរដ្ឋបានជ្រាប។

បើតាម លោក ប៉ែន បូណា ការងារនេះមានសារសំខាន់ណាស់ ដើម្បីបង្កើន​ទំនុក​ចិត្តរបស់ប្រជាពលរដ្ឋមកលើសមត្ថកិច្ចនគរបាលផង ក៏ដូចជា​បន្សា​ប​ព័ត៌មានបំផ្លើសបំភ្លៃនានា ដែលមានចេតនាវាយប្រហារ​មកលើស​មត្ថ​កិច្ច​ផង៕