(កំពង់ធំ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករ ៥តោន មីជាតិ ២០០កេស ទឹកត្រីទឹកស៊ីអ៊ីវ ៤០០យួរ និងត្រីខកំប៉ុង ២០កេស ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់បម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត នៅក្នុងតំបន់បឹងទន្លេសាប ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
ពិធីប្រគល់ទទួលនេះធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។
នាឱកាសនោះលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ប្រកបដោយភាពកក់ក្តៅ នឹងបានរាយការណ៍ជូននាយឧត្តមសេនីយ៍ គីម ប៊ុនថាន អំពីសកម្មភាពកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសហការជាមួយនឹងកងកម្លាំងចម្រុះ រួមជាមួយស្ថាប័នជំនាញនិងអាជ្ញាធរដែនដី ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងតំបន់បឹងទន្លេសាប ក្នុងរយៈពេលកន្លងទៅ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ បច្ចុប្បន្នកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កំពុងបន្តគ្រប់គ្រងការពារទប់ស្កាត់ មិនឲ្យកើតមានឡើងវិញជាថ្មីទៀតនូវបទល្មើសនេសាទខុសច្បាប់នេះបានទៀតឡើយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់ អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់បឹងទន្លេសាប ដែលភាគច្រើនប្រកបរបរនេសាទ ដែលប្រជានេសាទមួយចំនួនធំអបអរសាទរចំពោះលទ្ធផលនៃការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះ តែប្រជានេសាទមួយចំនួនតូចដែលធ្លាប់ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ មិនសប្បាយចិត្តចំពោះការបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានគិតពីផលប្រយោជន៍រួមរបស់សហគមន៍ និងប្រទេសជាតិឡើយ ហើយជាមួយនោះក៏មានប្រជាពលរដ្ឋមួយចំនួនក៏មានជីវភាពលំបាកខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃផងដែរ។
នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងនូវការកោតសរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងថ្នាក់ដឹកនាំទាំងអស់ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចការងារមនុស្សធម៌ និងបានធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មានជាអាទិ៍ បទល្មើសព្រៃឈើ និងបទល្មើសនេសាទ ទទួលបានលទ្ធផលល្អ ធ្វើឱ្យមជ្ឈដ្ឋានទូទៅមានការគាំទ្រចំពោះសកម្មភាពនេះ ។
នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនបន្ថែមទៀត ជូនដល់ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិសាសនា និងព្រះមហាក្សត្រ ការពារឲ្យបានសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត នឹងត្រូវបន្តធ្វើសកម្មភាពការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យទទួលបានជោគជ័យបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជនយើងទាំងជាង១៧ លាននាក់ នៅទូទាំងប្រទេស និងអ្នកជំនាន់ក្រោយៗទៀត៕