(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៤-២០៣៣ (CCCSP 2024-2033)។ ពិធីនេះបានធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។

ការប្រកាសដាក់ឱ្យប្រើប្រាស់នូវផែនការយុទ្ធសាស្រ្តនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព, លោក Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា។

លោក ស៊ុំ ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន បានធ្វើបទបង្ហាញអំពីទិដ្ឋភាពទូទៅនៃ CCCSP 2024-2033។ លោកបានលើកឡើងពីលទ្ធផលជាយុទ្ធសាស្ត្ររបស់ផែនការនេះ ដោយផ្តោតលើការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ការពង្រឹងសមត្ថភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការលើកស្ទួយអភិបាលកិច្ចល្អនិងបរិវត្តកម្មឌីជីថល។

លោកស្រី Alissar Chaker ថ្លែងក្នុងនាមអ្នកតំណាងអង្គការUNICEF បណ្ឌិតAnirban Chatterjee អ្នកតំណាងរងអង្គការUNICEF បានសង្កត់ធ្ងន់ថាផែនការយុទ្ធសាស្រ្ត CCCSP 2024-2033 មិនត្រឹមតែជាឯកសារគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាផែនទីបង្ហាញផ្លូវរួមមួយដើម្បីឈានឆ្ពោះទៅសម្រេចនូវចក្ខុវិស័យក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា «អព្យាក្រឹតភាពកាបូន និងភាពធន់នឹងអាកាសធាតុ តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន»។

លោកស្រីបានគូសបញ្ជាក់ថា គោលបំណងសំខាន់របស់ពួកយើងគឺជំរុញការរីកចម្រើនរបស់កម្ពុជាលើកំណើនបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពដោយមិនទុកនរណាម្នាក់ចោល ដោយគិតគូរពីការចូលរួមនិងតម្រូវការពីគ្រប់ភាគីពាក់ព័ន្ធនិងដោះស្រាយភាពងាយរងគ្រោះទៅនឹងអាកាសធាតុ ជាពិសេសការពង្រឹងភាពធន់របស់ក្រុមងាយរងគ្រោះបំផុតពីផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

លោក Igor Driesmans បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប តាមរយៈការគាំទ្រកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ ដែលបានជួយគាំទ្រលើការតាក់តែងគោលនយោបាយ ជំនួយបច្ចេកទេស និងការជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

លោកបានកត់សម្គាល់ថា៖ «EU Global Gateway ផ្តល់ឱកាសពិសេសមួយសម្រាប់កម្ពុជាក្នុងការកៀរគរការវិនិយោគអាកាសធាតុ ដើម្បីគាំទ្រកម្ពុជាឈានឆ្ពោះទៅកាន់អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ យើងមានគោលបំណងដើម្បីកៀរគរក្រុមហ៊ុន និងអ្នកវិនិយោគអឺរ៉ុប លើការវិនិយោគហិរញ្ញប្បទានបៃតង តាមរយៈការលើកកម្ពស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដូចជាហិរញ្ញវត្ថុចម្រុះ និងយន្តការចែករំលែកការគ្រប់គ្រងហានិភ័យ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះគឺដើម្បីជំរុញការអនុវត្តគម្រោងថាមពលកកើតឡើងវិញប្រកបដោយនិរន្តរភាព កសិកម្មឆ្លាតវៃខាងអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធធន់ សំដៅជំរុញនូវកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងកិច្ចគាំពារបរិស្ថាន»។

សម្រាប់បណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់អំពីសារៈសំខាន់ជាយុទ្ធសាស្រ្តនៃ CCCSP 2024-2033 ក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងការប្តេជ្ញាចិត្តរបស់កម្ពុជាឈានឆ្ពោះទៅអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។ លោកបានលើកឡើងពីភាពចាំបាច់របស់កម្ពុជាក្នុងការពង្រឹងសមត្ថភាពរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដើម្បីប្រែក្លាយស្ថាប័ននេះទៅជាស្ថាប័នជាតិទទួលសេចក្តីទុកចិត្តពីមូលនិធិអាកាសធាតុបៃតង ដើម្បីមានលទ្ធភាពផ្ទាល់ក្នុងការទទួលបានហិរញ្ញប្បទានអាកាសធាតុ។

លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា CCCSP គឺជាឯកសារក្របខ័ណ្ឌជាតិ ដោយមិនគ្រាន់តែជាការទទួលខុសត្រូវរបស់ក្រសួងបរិស្ថានមួយប៉ុណ្ណោះទេ តែទាមទារឱ្យមានការចូលរួមអនុវត្តពីគ្រប់វិស័យពាក់ព័ន្ធ ដើម្បីបកប្រែក្លាយផែនការយុទ្ធសាស្ត្រនេះទៅជាលទ្ធផលជាក់ស្តែង។ លោកបានកំណត់វិស័យសំខាន់ៗដែលជាប្រភពនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ហើយទាមទារឱ្យមានសកម្មភាពបន្ទាន់ ដូចជា៖ វិស័យថាមពល ដំណើរការឧស្សាហកម្ម និងការប្រើប្រាស់ផលិតផល ព្រៃឈើនិងការប្រើប្រាស់ដីកសិកម្ម និងវិស័យសំណល់។

បន្ថែមពីនេះរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគាំទ្រនិងឯកភាពលើឯកសារផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣នេះ។ ការគាំទ្រនេះពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តមិនងាករេរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដើម្បីធានាអនាគតប្រកបដោយចីរភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់៕