(វៀតណាម)៖ លោក ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូកម្ពុជាអន្តរក្រសួង-ស្ថាប័ន អាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមទាំង ៩ខេត្ត ព្រមទាំងវិស័យឯកជនចូលរួមកិច្ចប្រជុំទ្វេភាគីលើកទី១០ ស្ដីពីការដឹកជញ្ជូនតាមផ្លូវគោក រវាងប្រទេសកម្ពុជា និងវៀតណាម ជាមួយភាគីវៀតណាមដែលដឹកនាំដោយលោកស្រី ផាន ធី ធូ ហៀន (Phan Thi Thu Hien) អគ្គនាយករងនាយកដ្ឋានផ្លូវគោក នៃក្រសួងសំណង់វៀតណាម ដែលមានសមាសភាពចូលទាំងពីរភាគីប្រមាណ ១៥០នាក់ (ភាគីកម្ពុជាចំនួន ៧៨នាក់)។

កិច្ចប្រជុំនេះរៀបចំឡើងនាថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីពិនិត្យឡើងវិញនូវកំណត់ហេតុនៃកិច្ចប្រជុំទ្វេភាគីលើកទី៩ ស្ដីពីការដឹកជញ្ជូនតាមផ្លូវគោក រវាងប្រទេសកម្ពុជា និងវៀតណាម ក៏ដូចជាតាមដានការអនុវត្តកិច្ចព្រមព្រៀង និងពិធីសារការដឹកជញ្ជូនតាមផ្លូវគោក និងពិភាក្សាអំពីបញ្ហាប្រឈមផ្សេងៗ ក៏ដូចជាស្វែងរកដំណោះស្រាយរួមដែលកំពុងកើតមានឡើង​ពាក់ព័ន្ធនឹងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះបានអាក់ខានរៀបចំឡើងអស់រយៈពេលប្រមាណ ៥ឆ្នាំ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ ហើយការរៀបចំកិច្ចប្រជុំនេះ​ឡើងសារជាថ្មីបានសបញ្ជាក់យ៉ាងច្បាស់អំពី​គោលបំណងក្នុងការដោះស្រាយបញ្ហារួមនៃប្រទេសកម្ពុជា-វៀតណាម ដែលជួបប្រទះដោយប្រតិបត្តិករដឹកជញ្ជូនផងដែរ៕