(ពោធិ៍សាត់)៖ ក្រោយបញ្ចប់បេសកម្មក្នុងខេត្ដឧត្ដរមានជ័យ តាមអនុសាសន៍របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជាចំនួន ២៥នាក់ រួមជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដែលស្ថិតក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការ បាននាំនូវព្រះរាជបណ្តាំ និងការផ្តាំផ្ញើពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមានតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ ជាពិសេសថ្លែងនូវការកោតសរសើរចំពោះកម្លាំងអ្នកស្ម័គ្រចិត្តរបស់ដែលតែងតែជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋនៅក្នុងភូមិ។
ជាមួយគ្នានេះ លោកស្រីបានរំលឹកពីប្រវត្តិនៃការកកើតកម្លាំងអ្នកស្ម័គ្រចិត្តរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ដែលជាបណ្តាញអ្នកស្ម័គ្រចិត្តរបស់ពិភពលោក។ ចំពោះអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ក៏សុទ្ធតែបានឆ្លងកាត់វគ្គបណ្តុះបណ្តាលស្តីពីប្រវត្តិរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម, គោលការណ៍គ្រឹះទាំង៧របស់ចលនា និងវិជ្ជាសង្គ្រោះបឋម ដែលអាចយកទៅអនុវត្តបានក្នុងការជួយដល់ប្រជាពលរដ្ឋនៅសហគមន៍ ជួបប្រទះគ្រោះថ្នាក់ផ្សេងៗ។
លោកស្រី ក៏បានគូសបញ្ជាក់ថា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ត្រូវក្តាប់ឱ្យបាននូវស្ថានភាពគ្រួសារងាយរងគ្រោះបំផុត ដូចជាចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា ដេីម្បីជួយពួកគាត់ឱ្យបានល្អប្រសើរ។ ទន្ទឹមនឹងនេះ យើងត្រូវធ្វើការងារត្រៀមបង្ការ ដែលផ្តោតលើសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។ ក្នុងន័យនេះ អគ្គលេខាធិការ បានអំពាវនាវសូមឱ្យយកចិត្តទុកដាក់គិតគូរពីការថែរក្សាសុខភាពឱ្យបានល្អ ដោយការហូបអាហារសុខភាព ត្រូវនាំគ្នាហាត់ប្រាណ ត្រូវនាំគ្នាបញ្ចេញពលកម្ម កាត់បន្ថយការបរិភោគគ្រឿងកំប៉ុង ឬអាហារដែលវេចខ្ចប់ ឬអាហារចៀន អាហារបំពង ឬអាហារដែលមានខ្លាញ់ច្រើន ស្ករច្រើន និងប្រៃពេក ដើម្បីបញ្ចៀសបាននូវជំងឺមិនឆ្លងនានា ដូចជា ជំងឺបេះដូងសរសៃឈាម, ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ, ជំងឺទឹកនោមផ្អែម, ជំងឺមហារីកជាដើម។ បន្ថែមពីនេះក៏សូមចូលរួមជួយថែរក្សា និងការពារបរិស្ថានឱ្យបានល្អ គឺត្រូវចាប់ផ្តើមពីការមិនប្រើថង់ប្លាស្ទិក ឬរបស់ប្លាស្ទីកផ្សេងៗរហូតដល់ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងការដុតសំរាមដែលនាំឱ្យប៉ះពាល់សុខភាព និងបរិស្ថាន ហើយត្រូវនាំគ្នាដាំដើមឈើ ដើម្បីទប់ទល់បានទៅនឹងការប្រែប្រួលអាកាសធាតុនៅលើភពផែនដី។
ឆ្លៀតក្នុងឱកាសនោះលោកស្រី ពុំ ចន្ទីនី ក៏បានជំរុញប្រជាពលរដ្ឋឱ្យបន្តចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដើម្បីជួយលើកកម្ពស់ជីវភាពដល់បងប្អូននៅទីនេះឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។
សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើបគឺជាកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលបានដាក់ចេញដើម្បីអភិវឌ្ឍបម្រើផលប្រយោជន៍ដល់ប្រជាកសិករបានកាន់តែច្រើន ។ សហគមន៍កសិកម្មទំនើបគឺជាក្រុមហ៊ុនរបស់កសិករ មានន័យថាកសិករទាំងអស់ដែលស្ថិតក្នុងសហគមន៍គឺជាម្ចាស់ទាំងអស់គ្នារកបានចំណេញខាតចែកគ្នាទៅតាមនិង ក្នុងនោះមានដូចជា ទី១) ធ្វើការដាំដុះរួមគ្នា ធ្វើផលិតកម្មដំណាំ ធ្វើផលិតកម្មស្រូវ ចិញ្ចឹមត្រីជាដើម, ទី២) អាចលក់ដូរផលិតផលកសិកម្មទាំងអស់ទៅទីផ្សារដើម្បីរកប្រាក់ចំណេញ។ ទី៣) កែច្នៃផលិតផលកសិកម្មទៅជារបស់ហូបសម្រាប់លក់ដើម្បីបង្កើនតម្លៃនៃផលិតផលរបស់ខ្លួន។
ក្នុងឱកាសនោះដែរលោកស្រី ពុំ ចន្ទីនី និងសហការី ក៏បានបន្តចុះជួបសំណេះសំណាល ផ្តល់អំណោយមនុស្សធម៌ គ្រួសារលំបាកជាងគេបំផុតចំនួន៣គ្រួសារ និងឧបត្ថម្ភដល់កម្លាំងអ្នកស្ម័គ្រចិត្តផងដែរ។ លោកស្រីក៏បានឧបត្ថម្ភដល់សិស្សានុសិស្សដែលចូលរួម នូវសៀវភៅសរសេរ ១ក្បាល ប៊ិក ១ដើម ព្រមទាំងបានប្រគល់ជូននូវព្រះបរមឆាយាលក្ខណ៍ សម្រាប់ដាក់តាំងក្នុងវិទ្យាល័យ និងមន្ទីរពេទ្យ ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងផងដែរ។
គួររម្លឹកថាក្នុងដំណើរចុះទៅសួរសុខទុក្ខ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអ្នកស្ម័គ្រចិត្ដ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់ ក្នុងឱកាសដែលលោកស្រី ពុំ ចន្ទីនី ចុះទៅបំពេញបេសកកម្មការងារនៅខេត្ដឧត្ដរមានជ័យថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០២៥ ចុះប្រគល់សមិទ្ធផលផ្ទះថ្មី ២ខ្នង និងអណ្តូងចំនួន៣ផ្សេងទៀត ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជានុរាស្ត្ររស់នៅតំបន់ឆ្ងាយដាច់ស្រយាលក្នុងស្រុកបន្ទាយអំពិល ព្រមជាមួយការចុះចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន ១១០គ្រួសារផងដែរលើទឹកដីខេត្តឧត្តរមានជ័យ៕